គ្រូ​បង្រៀន​និង​សិស្ស​ស្រី​នៅ​ក្រុង​កាប៊ុល​រង់ចាំ​ការ​អនុញ្ញាត​ឱ្យ​ត្រលប់​មក​កាន់​ថ្នាក់​រៀន​វិញ​

អ្នកការពារសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាននិងសកម្មជនស៊ីវិលតវ៉ាប្រឆាំងនឹងក្រុមតាលីបង់ ដើម្បីការពារសមិទ្ធផលនិងការអប់រំរបស់ពួកគេនៅមុខវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Stringer/File Photo)

បើទោះបីជា​មានការសន្យារបស់ខ្លួនក្នុងការផ្ដល់ការអប់រំដល់ក្មេងស្រីក៏ដោយ ពួកតាលីបង់បច្ចុប្បន្ន​ នៅតែមិនទាន់បានអនុញ្ញាតឱ្យសិស្សស្រី​ពីកម្រិតអនុវិទ្យាល័យចូលទៅកាន់ថ្នាក់រៀនឡើងវិញនៅឡើយ។

ទាក់ទិននឹងករណីនេះ គ្រូបង្រៀននិងសិស្សនៅទីក្រុងកាប៊ុល ស្ថិតនៅក្នុងចំណោមអ្នកដែលមានការព្រួយបារម្ភខ្លាំងអំពីអនាគតរបស់ពួកគេ។

គ្រូបង្រៀននៅកម្រិតវិទ្យាល័យមួយរូប អ្នកស្រី Shaima Samih យល់ថា ការវិលត្រឡប់ទៅរកការគ្រប់​គ្រង​របស់​តាលីបង់វិញនេះ គឺគ្មានអ្វីក្រៅពីការបញ្ចប់អាជីពនេះនោះទេ។

គួរបញ្ជាក់ថា បុគ្គលិកជាស្រ្តីជាច្រើននាក់​ដូចជា អ្នកស្រី Shaima Samih មិនអាចត្រលប់​ទៅបំពេញ​កិច្ច​ការងារ​បាន​នោះទេ ចាប់តាំងពីពួកតាលីបង់បានឡើងកាន់អំណាចកាលពីខែសីហាកន្លងទៅ។

បន្ទាប់ពីបញ្ចប់ការអធិដ្ឋាន​នៅផ្ទះរបស់ខ្លួនក្នុងទីក្រុងកាប៊ុល អ្នកស្រី Shaima Samih ដែលជាអ្នកផ្គត់ផ្គង់តែមួយគត់​សម្រាប់គ្រួសារមួយដែលមានសមាជិក៧នាក់ បានទទូចឱ្យរដ្ឋាភិបាលតាលីបង់ បើកសាលារៀន​ឡើងវិញ។

អ្នកស្រីថា៖ «ប្រសិនបើគ្រូបង្រៀនជាស្ត្រីដែលជាអ្នកផ្គត់ផ្គង់តែម្នាក់គត់នៅក្នុងគ្រួសារដូចរូបខ្ញុំ ក៏ដូចជា​ស្ត្រីដទៃទៀតដែលមានទំនួលខុសត្រូវបែបនេះ តម្រូវឱ្យនៅតែក្នុងផ្ទះ ហើយមិនអនុញ្ញាតឱ្យធ្វើការងារអ្វីនោះទេ តើអនាគតរបស់ពួកគេនិងកូនៗរបស់ពួកគេនឹងទៅជាយ៉ាងណា? ក្នុងករណីនេះ ពួកគេអាចធ្លាក់ចូលទៅក្នុងអំពើពេស្យាចារបាន»។

ទោះជាយ៉ាងណាក្ដី មន្រ្តីតាលីបង់ធ្លាប់បានលើកឡើងថា ពួកគេនឹងមិ​ន​អនុវត្តតាមគោ​លនយោ​បាយ​មូល​ដ្ឋាន​គ្រឹះនៃ​ច្បាប់​មុន​ៗរបស់ពួកគេ ដោយការអប់រំស្ត្រីត្រូវបានហាមឃាត់នោះឡើយ។

ពួកគេបានសន្យាថា ក្មេងស្រីអាចរៀនសូត្របានក្នុងលក្ខខណ្ឌដែលថ្នាក់រៀនត្រូវបែងចែកដាច់ដោយឡែកពីគ្នា។

យុវសិស្សមួយរូបនៅទីក្រុងកាប៊ុល ឈ្មោះ Marwa ថ្លែងថា ខ្លួនចង់ត្រលប់ទៅកាន់ថ្នាក់រៀនវិញ។

ប៉ុន្តែក្មេងស្រីនៅថ្នាក់អនុវិទ្យាល័យនិងកម្រិតខ្ពស់ជាងនេះមិនត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅកាន់ថ្នាក់រៀនវិញនោះទេ ខណៈដែលស្ថាប័នអប់រំភាគច្រើននៅតែបន្តបិទទ្វារនៅឡើយ។

យុវសិស្សរូបនេះបន្តថា៖ «បន្ទាប់ពីការចូលកាន់កាប់នៃពួកតាលីបង់ ពួកគេលែងអនុញ្ញាតឱ្យយើងទៅកាន់សាលារៀនហើយ ដែលធ្វើឱ្យអនាគតរបស់យើងមានភាពមិនច្បាស់លាស់។ ខ្ញុំតែងតែប្រាថ្នាចង់ក្លាយទៅជាវេជ្ជបណ្ឌិតដ៏ឆ្នើមម្នាក់ ដើម្បីបម្រើប្រជាជន​ខ្ញុំ ប្រទេស​ខ្ញុំ គ្រួសារ​ខ្ញុំ និងការងារនៅក្នុងសហគមន៍។ ប៉ុន្តែឥលូវនេះ ខ្ញុំមិនច្បាស់ថា អនាគតខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណានោះ​ទេ»។

ស្របពេលដែលពួកតាលីបង់មិនបានបញ្ជាឱ្យបិទសាលារៀនទាំងស្រុងបន្ទាប់ពីឡើងកាន់​កាប់អំណាច ពួក​គេ​ថ្លែង​ថា សកម្មភាព​ជាច្រើន​សម្រាប់​ស្ត្រីនិងក្មេងស្រីនៅមិនទាន់​អាច​ធ្វើ​ទៅ​បាននោះទេ​ ដោយសារតែស្ថានភាពសន្តិសុខ។

ក្រុមតាលីបង់ បានលើកឡើងកាលពីសប្តាហ៍មុនផងដែរថា ពួកគេនឹងបើកសាលារៀនសម្រាប់តែសិស្សប្រុសនៅកម្រិតវិទ្យាល័យតែប៉ុណ្ណោះ ខណៈដែលវាបង្កឱ្យមានជាមន្ទិលសង្ស័យអំពីការសន្យារបស់ពួកគេ​ទាក់ទងទៅនឹងការគោរពសិទ្ធិស្ត្រីនៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ