ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​រឹត​តែ​សំខាន់​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ការទទួលបានព័ត៌មាន គឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមតាមបែបប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានល្អពេញលេញ អាចការពារសិទ្ធិសេរីភាពរបស់ពួកគេ ចូលរួមបញ្ចេញមតិ និងធ្វើឱ្យរដ្ឋាភិបាលមានគណនេយ្យភាព ជាពិសេសចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តដែលពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ពួកគេ។

ការអនុវត្តនេះត្រូវបានមើលឃើញយ៉ាងច្បាស់ថា ការចូលរួមរបស់សាធារណជនក្នុងការត្រួតពិនិត្យរដ្ឋាភិបាល មានអត្ថប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច។ ការអនុវត្តនេះនាំមកនូវភាពជាម្ចាស់រួមគ្នា និងផ្តល់ការគាំទ្រដល់រដ្ឋាភិបាលក្នុងផែនការអភិវឌ្ឍន៍ និងការអនុវត្តផែនការទាំងនោះ។ ការពិគ្រោះយោបល់ជាសាធារណៈ ចាំបាច់ត្រូវតែធ្វើឡើងដោយប្រាកដប្រជានិងមានប្រយោជន៍ មិនមែនគ្រាន់តែជាការបង្គ្រប់កិច្ចនោះទេ។ វាគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ជាមួយនឹងរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ គួរឱ្យស្តាយ ទោះបីជាចេតនាត្រូវបានបង្ហាញក៏ដោយ ក៏ការផ្លាស់ប្តូរទៅរកការពិតមិនអាចទទួលបានជោគជ័យនៅឡើយ។

ដើម្បីឱ្យការចូលរួមរបស់សាធារណជនមានប្រសិទ្ធភាព និងការរួមចំណែកប្រកបដោយភាពវិជ្ជមាន គឺទាមទារឱ្យសង្គមស៊ីវិលអាចទទួលបាននូវព័ត៌មានប្រកបដោយតម្លាភាពនិងគុណភាព។ ការស្រាវជ្រាវដោយផ្អែកលើឯកសារដែលមានស្រាប់នេះបានរកឃើញថា កិច្ចការនេះមិនទាន់មានការអភិវឌ្ឍល្អនៅឡើយទេ។ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បច្ចុប្បន្នត្រូវបានជាប់គាំងនៅក្នុងរដ្ឋសភា ហើយកំពុងស្ថិតនៅក្នុងការអនុម័តលើកទី១២របស់ខ្លួន។ បើពុំទទួលបានព័ត៌មានពេញលេញនោះទេ ទាំងសាធារណជននិងក្រុមដែលតំណាងឱ្យសាធារណជន ពិបាកក្នុងការកសាងផែនការនិងអន្តរាគមន៍របស់ខ្លួនណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកម្ពុជានៅពុំទាន់ទទួលបានគ្រប់គ្រាន់នូវព័ត៌មានសំខាន់ៗនិងចាំបាច់សម្រាប់ពួកគេនៅឡើយ។ កង្វះព័ត៌មានពីគម្រោងវិនិយោគនិងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនានា ប៉ះពាល់ដល់ការសម្រេចចិត្តនានារបស់ប្រជាពលរដ្ឋនិងមុខរបរអាជីវកម្ម ដែលនាំឱ្យការប្រកួតប្រជែងមិនស្មើភាពគ្នា ហើយករណី​គម្រោងវិនិយោគឬការអភិវឌ្ឍទាំងនោះប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ដែលពលរដ្ឋគួរដឹងឮ ពិគ្រោះយោបល់ និងចូលរួមក្នុងការសម្រេចចិត្ត។ ដោយសារតែខ្វះព័ត៌មាន ប្រជាពលរដ្ឋងាយនឹងរងគ្រោះពីការទាមទារសំណូកនៅពេលប្រើប្រាស់សេវាសាធារណៈផងដែរ។

លើសពីនេះ ដោយសារមិនទទួលបានទិន្នន័យពីថវិកាសាធារណៈ ប្រជាពលរដ្ឋមិនអាចដឹងឬកំណត់ថាតើថវិការបស់រដ្ឋាភិបាលនឹងត្រូវចាត់ចែងទៅតាមអាទិភាពដែលពួកគេត្រូវការដែរឬយ៉ាងណា។ មានករណីជាច្រើនទៀតដែលកង្វះព័ត៌មាននិងការចូលរួមជាសាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងឧបសគ្គបន្ថែមទៀត គឺងាយនឹងរងគ្រោះពីការរំលោភសិទ្ធិនិងសិទ្ធិទទួលបានយុត្តិធម៌។ ម៉្យាងវិញទៀត កង្វះការទទួលបានព័ត៌មានសាធារណៈ អាចនាំឱ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិផងដែរ។

ទស្សនៈនិងយោបល់របស់សាធារណជននិងក្រុមតំណាងឱ្យសាធារណជនមានសារៈសំខាន់ក្នុងការជួយដល់ការដឹកនាំរបស់រដ្ឋាភិបាលក្នុងការរៀបចំផែនការការងារនិងរៀបចំថវិកា។ ការទទួលបានព័ត៌មាន មានសារៈសំខាន់នៅក្នុងការអភិវឌ្ឍផែនការទាំងនេះ។ ការពិគ្រោះយោបល់នេះត្រូវតែមានលក្ខណៈប្រាកដនិយមនិងមានសារៈសំខាន់។ វាចាំបាច់ត្រូវចាប់ផ្តើមនៅដើមដំបូង មិននៅចុងបញ្ចប់ដំណើរការរដ្ឋបាលនោះទេ។

ស្របពេលដែលប្រទេសកម្ពុជាកំពុងរងការញាំញីពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពនិងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការបើកចំហព័ត៌មានសាធារណៈទៅកាន់ប្រជាពលរដ្ឋកាន់តែមានសារៈសំខាន់។ អវត្តមាននៃច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មិនត្រឹមតែបង្កឱ្យមានបញ្ហាខាងលើនោះទេ តែវាក៏ធ្វើឱ្យការអនុវត្តសិទ្ធិទទួលបានព័ត៌មាននេះមិនប្រាកដប្រជាផងដែរ។

កាលពីខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញានៅចំពោះមុខអ្នកសារព័ត៌មានប្រមាណ៦ ០០០នាក់ ថាលោកនឹងជំរុញឱ្យច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានចេញជារូបរាងនៅត្រឹមដំណាច់ឆ្នាំ២០២០ បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «អ្វីដែលជាក់លាក់ គឺច្បាប់ [ស្ដីពី] សិទ្ធិទទួលបានព័ត៌មាន ត្រូវចេញឱ្យបាននៅក្នុងឆ្នាំ២០នេះ [ឆ្នាំ២០២០]។ ឥលូវ វានៅតែក្រសួងយុត្តិធម៌ទេ។ ក្រសួងយុត្តិធម៌ មិនត្រូវការពេលប៉ុន្មានទេ គ្រាន់តែយកទៅផ្ទៀងផ្ទាត់ជាមួយនឹងក្រមរដ្ឋប្បវេណី និងយកទៅផ្ទៀងផ្ទាត់ជាមួយនឹងក្រមព្រហ្មទណ្ឌ ដើម្បីឱ្យវាមានសុគតភាព [ភាពស្របគ្នា] រវាងច្បាប់ទាំងឡាយជាមួយគ្នាតែប៉ុណ្ណឹង ទៅលើបទប្បញ្ញត្តិស្ដីពីទោសប្បញ្ញត្តិ»។

ក៏ប៉ុន្តែរយៈពេលជិត២ឆ្នាំ ពោលគឺរហូតមកដល់ចុងឆ្នាំ២០២១នេះ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ បន្តស្ថិតនៅក្នុងដំណើរការកិច្ចពិភាក្សាពិគ្រោះយោបល់រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌នៅឡើយ ក្រោមហេតុផលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលើកឡើងថា ជាកត្តានាំឱ្យមានការយឺតយ៉ាវនៃការអនុម័តច្បាប់នេះ។

ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តនូវសិទ្ធិពាក់ព័ន្ធរបស់ខ្លួន ក៏ដូចជាអាចចូលរួមក្នុងអភិបាលកិច្ចល្អប្រកបដោយអត្ថន័យនោះ ហើយស្ថាប័នរដ្ឋអាចយល់ច្បាស់និងគោរពកាតព្វកិច្ចក្នុងការផ្ដល់និងផ្សព្វផ្សាយព័ត៌មានដល់សារណជន អំពីច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានស្របតាមស្តង់ដារអន្តរជាតិ គួរត្រូវបានអនុម័តឱ្យបានឆាប់៕

អត្ថបទទស្សនៈនេះរៀបរៀងដោយក្រុមការងារលើកកម្ពស់សិទ្ធិទទួលព័ត៌មាន រួមមាន អង្គការ API, CCC, CCIM, CCHR, CPDD, CLEC, និង YCC។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ