អត្ថបទ​ទស្សនៈ​៖​ តើ​សម្ព័ន្ធភាព​អូឃឺស​ (AUKUS)​ ជា​តក្ក​នៃ​តុល្យភាព​អំណាច​ដើម្បី​ទប់ស្កាត់​ចិន​មែន​ឬ​ទេ?

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ REUTERS/Carlos Garcia Rawlins)

កាលពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ជាកញ្ចក់ឆ្លុះបង្ហាញពីរបៀបដែលពិភពលោកដំណើរការតាមទ្រឹស្តីប្រាកដនិយមនៃតុល្យភាពអំណាច ដោយចរិតនយោបាយទប់ស្កាត់ការរះឡើងរបស់ចិន។

ជាការពិត ការវិវត្តនេះបង្ហាញពីទ្រឹស្តីតុល្យភាពអំណាច ឬតុល្យភាពនយោបាយគំរាមកំហែង ដែលរដ្ឋត្រូវចងសម្ព័ន្ធមិត្តជាមួយមហាអំណាចស្នូល ដើម្បីទប់ស្កាត់មហាអំណាចកំពុងរះឡើង។ ក្នុងន័យនេះ អូស្ត្រាលី ត្រូវជ្រើសរើសយកផលប្រយោជន៍សន្តិសុខ ដោយពឹងផ្អែកលើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិក ជាជាងផលប្រយោជន៍សេដ្ឋកិច្ចជាមួយចិន។

អត្ថបទនេះ បកស្រាយថា កត្តានៃការរះឡើងរបស់ចិនគំរាមកំហែងដល់ផលប្រយោជន៍អាមេរិកនិងសម្ព័ន្ធមិត្ត យុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចរបស់ចិនគាបសង្កត់អូស្ត្រាលី និងតក្កនៃទ្រឹស្តីតុល្យភាពអំណាចក្នុងប្រព័ន្ធពហុប៉ូល ជំរុញឱ្យមានសម្ព័ន្ធភាពអូឃឺស (AUKUS)។

បើទោះបីជាប្រទេសចិនមិនត្រូវបានលើកឡើងកន្លែងណាមួយក្នុងការប្រកាសនៃសម្ព័ន្ធភាពអូឃឺសក៏ដោយ គេអាចវិភាគបានថា ការលក់និងបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្រ្តាលី ជាការពង្រឹងសមត្ថភាពយោធារបស់ប្រទេសនេះ ដើម្បីដើរតួនាទីសំខាន់និងសកម្មបន្ថែមទៀតក្នុងតំបន់ជាមួយប្រទេសជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់ការរះឡើងនៃសមត្ថភាពយោធារបស់ចិន ជាពិសេសសមត្ថភាពយោធាជើងទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាការពិត ការរះឡើងរបស់ចិនផ្នែកសេដ្ឋកិច្ចដែលអាចបំប្លែងជាអំណាចយោធា ធ្វើឱ្យរញ្ជួយស្ថិរភាពតំបន់ ត្បិតអីអាមេរិកតាមប្រវត្តិសាស្ត្រកន្លងមកមិនដែលអត់ឱននិងអនុញ្ញាតឱ្យមានមហាអំណាចអនុត្តរភាពតំបន់ដទៃទៀតកើតឡើងនោះទេ។ អ្វីដែលគួរកត់សម្គាល់ ចិនបានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ី ដែលផ្តល់ឱ្យចិននូវឥទ្ធិពលសេដ្ឋកិច្ច ការទូត និងនយោបាយដ៏សម្បើម។

ចិនបានវ៉ាដាច់សហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចពិភពលោក លើមូលដ្ឋានអំណាចនៃការទិញ (Purchasing Power Parity) ក្នុងឆ្នាំ២០១៤។ លើសពីនេះទៅទៀត ចិនជាប្រទេសដែលមានកងទ័ពច្រើនជាងគេបំផុត មានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេបំផុត។ មួយវិញទៀត ចិនមានកម្មវិធីកសាងនាវាចម្បាំងបន្ថែមទៀតនៅចន្លោះឆ្នាំ២០១៤ និង២០១៨ ច្រើនជាងចំនួននាវាសរុបនៅក្នុងកងនាវាចរអាល្លឺម៉ង់ ឥណ្ឌា អេស្ប៉ាញ និងអង់គ្លេស បូកបញ្ចូលគ្នាទៅទៀត។

ភូមិសាស្ត្រសេដ្ឋកិច្ច ជាការប្រើប្រាស់ឧបករណ៍សេដ្ឋកិច្ច ដូចជា ទណ្ឌកម្មសេដ្ឋកិច្ច ការបដិសេធសេដ្ឋកិច្ច (economic denial) ដើម្បីសម្រេចបានផលប្រយោជន៍នយោបាយរបស់ខ្លួន។ ជាឧទាហរណ៍ ប្រទេសចិនបានគំរាមកាត់ផ្តាច់ការនាំចូលរ៉ែដែករបស់អូស្ត្រាលី ចំនួន៦៣ពាន់លានដុល្លារ ទៅកាន់ទីក្រុងប៉េកាំង ជាការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះការទាមទាររបស់អូស្ត្រាលីលើការស៊ើបអង្កេតករណីវីរុសកូវីដ-១៩។

ការគំរាមកំហែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ចិនមកលើអូស្ត្រាលី ជាការបង្ហាញពីសាច់ដុំសេដ្ឋកិច្ចរបស់ចិនក្នុងគោលដៅបង្ខំឱ្យអូស្ត្រាលីទទួលយកផលប្រយោជន៍សេដ្ឋកិច្ចជាជាងផលប្រយោជន៍សន្តិសុខ។ ក្នុងន័យនេះ ការប្រើប្រាស់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បីសម្រេចបានមហិច្ឆតានយោបាយ ចិនមិនមែនទើបតែអនុវត្តឥលូវនោះទេ​ ពីព្រោះ​ចិនបានអនុវត្តវាតាំងពីសម័យបុរាណមកម្ល៉េះ។​

បើយោងតាមអ្នកជំនាញផ្នែកការទូត លោក ឃីស័រ ម៉ាប៊ូបានី (Kishore Mahbubani) និង ចេហ្វហ្វ្រី ស៊ីង (​Jeffery​ Sng) មេដឹកនាំចិនបានដាក់ឱ្យអនុវត្តទណ្ឌកម្ម​សេដ្ឋកិច្ច ឬក៏កម្រិតពាណិជ្ជកម្មជាមួយប្រទេសដទៃ ក្នុងគោលបំណងសម្រេចបានគោលដៅនយោបាយការបរទេស។

ភូមិសាស្ត្រនយោបាយតំបន់នឹងប្រែប្រួលខ្លាំង ពីព្រោះនយោបាយអន្តរជាតិពហុប៉ូលបើកទ្វារឱ្យតក្កនៃនយោបាយតុល្យភាពអំណាច និងទប់ស្កាត់រស់ឡើងវិញ។ អ្វីដែលគួរឱ្យកត់សម្គាល់ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ទំនងជានឹងក្លាយជាអរិភាពកាន់តែខ្លាំងឡើងៗរវាងចិននិងសម្ព័ន្ធមិត្តឬដៃគូរបស់សហរដ្ឋអាមេរិក ដូចជា ជប៉ុន និងឥណ្ឌា ជាដើម។

លោក រីក ហ្លែតស្តូន (Rick Gladstone) វិភាគថា ចិនជាបញ្ហាប្រឈមទីមួយសម្រាប់រដ្ឋបាលរបស់លោក ចូ បៃឌិន ត្រូវដោះស្រាយ។ ចិន​និងអាមេរិកជាប្រទេសសើរើនិយមដូចគ្នា។ អាមេរិកជាមហាអំណាចសើរើនិយមការពារ (ការរក្សាតួនាទីជាមហាអំណាចអនុត្តរភាពតំបន់នៃអឌ្ឍគោលខាងលិច និងតុល្យភាពអំណាចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក)។ រីឯចិន ជាមហាអំណាចសើរើនិយមវាយលុក ដោយចិនចង់ក្លាយខ្លួនជាមហាអំណាចអនុត្តរភាពតំបន់អាស៊ីឬម្ចាស់អាស៊ី។

មិនអាចបដិសេធបាន សហរដ្ឋអាមេរិកជាមហាអំណាចអនុតំបន់នៅអឌ្ឍគោលខាងលិច ហើយប្រទេសចិនកំពុងលេចខ្លួនជាអនុត្តរភាពតំបន់ដែលកំពុងលេចធ្លោនៅអាស៊ីបូពា៌ ហើយចិនមានឆន្ទៈក្នុងការគ្រប់គ្រងតំបន់សមុទ្រខាងកើត និងសមុទ្រចិនខាងត្បូង ដើម្បីធានាសន្តិសុខនិងបម្រើផលប្រយោជន៍ជាតិរបស់ខ្លួន។ សហរដ្ឋអាមេរិកចង់រក្សាតួនាទីដឹកនាំរបស់ខ្លួននៅក្នុងតំបន់ ចំណែកឯចិនចង់រុញច្រានសហរដ្ឋអាមេរិកចេញពីទ្វីបអាស៊ី និងក្លាយជាមហាអំណាចអនុត្តរភាពតំបន់។

ការកើនឡើងនូវអំណាចយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់នៃប្រទេសចិនខាងសេដ្ឋកិច្ច យុទ្ធសាស្រ្ត យោធា និងការទូត ​នឹងគំរាមដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ហើយការនេះនាំឱ្យមានយុទ្ធសាស្រ្តទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់និងនៅទូទាំងពិភពលោក៕

អត្ថបទដោយ៖ បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា ​ខ្លឹមសារអត្ថបទរបស់អ្នកនិពន្ធទាំងស្រុង​ មិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនៈរបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ