ក្រសួង​ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បន្ត​អនុវត្ត​វិធាន​សុខា​ភិបាល​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ក្នុង​និង​ក្រោយ​ពេល​បុណ្យភ្ជុំ

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (គួយ ឡង់ឌី)

ក្រសួងសាធារណការ​ និងដឹកជញ្ជូន ណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូននិងអ្នកដំណើរទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ-១៩ ក្នុងអំឡុងពេលនិងក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ខណៈជំងឺនេះឆ្លងក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ​មិនទាន់បិទបញ្ចប់នៅឡើយ។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនបានដឹកប្រជាពលរដ្ឋប្រជ្រៀតគ្នា មិនរក្សាគម្លាត ដោយមិនគោរពតាមណែនាំរបស់ក្រសួង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ-១៩។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងកាលពីថ្ងៃទី៤ ខែតុលា ម្សិលមិញនេះថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវចូលរួមអនុវត្តសារាចរណែនាំរបស់រដ្ឋាភិបាលស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេលនិងក្រោយពេលបុណ្យភ្ជុំបិណ្ឌឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយបន្តអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងបញ្ជាក់ថា វិធានការដែលត្រូវអនុវត្តទាំងនោះ រួមមាន ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត្រ និងកាត់បន្ថយចំនួនផ្ទុកអ្នកដំណើរឱ្យបានជាអប្បបរមា ព្រមទាំងផ្តល់សម្អាតកន្លែងផ្តល់សេវាដល់អតិថិជនឱ្យបានស្អាតជានិច្ច ជាពិសេសកន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ និងបង្គន់អនាម័យ។

ចំណែកអ្នកបើកបរត្រូវត្រួតពិនិត្យសុខភាពអ្នកបើកបរនិងបុគ្គលិកបម្រើសេវាជាប្រចាំ ត្រូវពាក់ម៉ាស់ក្នុងពេលបំពេញការងារ ក្នុងករណីសង្ស័យលើសុខភាព ត្រូវឈប់សម្រាកជាបណ្តោះអាសន្នដើម្បីតាមដានសុខភាព ហើយក្នុងរថយន្តត្រូវប្រើអាល់កុលសម្លាប់មេរោគ ដោយប្រកាន់ខ្ជាប់ «៣កុំ ៣ការពារ» ជាដើម ។

ចំពោះអ្នកដំណើរវិញ ត្រូវវាស់កម្ដៅ ពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ពាក់ម៉ាស់មុននឹងអនុញ្ញាតឱ្យឡើងលើរថយន្ត បើសិនជាមានអាការមិនស្រួលខ្លួន ក្តៅលើសពី៣៧,២អង្សាសេ ឬក្អក ឬឈឺបំពង់ក ឬមានបញ្ហាដកដង្ហើម មិនអនុញ្ញាតឱ្យឡើងជិះរថយន្តឡើយ ហើយត្រូវណែនាំគាត់ឱ្យទៅមណ្ឌលសុខភាពនៅជិតបំផុត ឬទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ របស់ក្រសួងសុខាភិបាល ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារ​នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៣ ៧០៣នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១០៥ ៣៥០នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៤១៨​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ១៣៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ