អ្នក​រាយការណ៍​ពិសេសUNថ្មី ស្នើ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ចប់​ការ​ក្ដោបក្ដាប់​អំណាច​ផ្ដាច់មុខ

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (UN)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ដែលទើបផ្លាស់មកថ្មីនៅខែមីនា បានចេញសេចក្ដីប្រកាស​ព័ត៌មានមួយនៅថ្ងៃទី៦ ខែតុលា ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់ការកាន់កាប់អំណាចផ្ដាច់មុខ និងស្ដារសិទ្ធិនយោបាយសម្រាប់សមាជិកបក្សប្រ​ឆាំង និ​ងជំរុញកា​រផ្សះផ្សាគ្នាឡើងវិញ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn បានព្រមានថា រដ្ឋាភិបាលកម្ពុជាដែលកំពុងងាកចេញពីគន្លងប្រជាធិបតេយ្យ ត្រូវធ្វើសកម្មភាពចាំបាច់មួយចំនួនដើម្បីពង្រីកលំហប្រជាធិបតេយ្យនិងសិទ្ធិស៊ីវិលឡើងវិញ។

សំណើទាំងនេះ គឺលោកធ្វើឡើងក្នុងបទបង្ហាញពីរបាយការណ៍ដំបូងរបស់ខ្លួនដែ​​ល​​មានកម្រា​ស់២០ទំ​ព័រ ស្ដីពីស្ថានភាពសិទ្ធិមនុ​ស្ស​នៅកម្ពុជា នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លើកទី៤៨ កាលពី​ថ្ងៃទី៦ ខែតុលា នៅទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)។

ក្នុងរបាយការណ៍នោះ អ្នកជំនាញសិទ្ធិមនុស្សរូបនេះបានមើលឃើញពីកា​រស្រុ​​តចុះនៃលំហប្រជាធិបតេយ្យនិ​ងសិទ្ធិស៊ីវិលនៅកម្ពុជា ខណៈអ្នករិះគន់បញ្ហាជំងឺកូវីដ-១៩ អ្នកការពារសិទ្ធិមនុស្ស និ​ងឥស្សរជននយោបាយជាន់ខ្ពស់គណបក្សប្រឆាំង ត្រូវបានចាប់ខ្លួននិងកាត់ទោសឱ្យជាប់ពន្ធនា​គារក្រោមច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលមានកម្រិតផ្ដន្ទាទោសដល់ទៅ២៥ឆ្នាំ។

ក្នុងសេចក្ដីប្រកាសដដែលនោះ លោកបានស្នើយ៉ាងដូច្នេះថា៖ «ផ្អាកច្បាប់ដែលរឹតត្បិត និងកែទម្រង់ច្បាប់ទាំងនោះ ទម្លាក់ចោលករណីនៅតុលាការ និងបញ្ចប់ការឃុំឃាំងអ្នកដែលមិនយល់ស្របជាមួយអាជ្ញាធរ ស្ដារសិទ្ធិនយោបាយដល់សមាជិកគណបក្សប្រឆាំង និងជំរុញការផ្សះផ្សា ហើយចែករំលែកអំណាច និងបញ្ចប់ការគ្រប់គ្រងដោយផ្ដាច់មុខ»

លោក Vitit ក៏បានបង្ហាញពីក្ដីបារម្ភចំពោះបរិយាកាសបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ដែលអាចនឹងប្រព្រឹត្តទៅដោយគ្មានវត្តមានគណបក្សប្រឆាំង ដែលនឹងបង្កគ្រោះថ្នាក់ដល់សិទ្ធិពលរដ្ឋក្នុងការចូលរួមពេញលេញក្នុងកិច្ចការសាធារណៈ។

យ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលានេះ អំពីបច្ចុ​ប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា វគ្គ២ ដែលមានកម្រាស់១៣ទំព័រ ដោយបានច្រានចោលមតិរិះគន់ និ​ងរបា​យការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និងអង្គការស្ថាប័នមួយចំនួនទៀត។

ស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាមួយនេះបានចាត់ទុកការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អ្នករាយការណ៍ពិ​សេ​សអង្គការសហប្រជាជាតិ និងអង្គការមួយចំនួនថា មានភាពលម្អៀង និងមិនមានមូលដ្ឋាន ដោយមាននិន្នាការនយោបាយប្រ​ឆាំ​ងនឹងរដ្ឋាភិបាល ហើយមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងនៅកម្ពុជាឡើយ។

ប្រភពដដែលបន្ថែមថា៖ «របាយការណ៍ទាំងនេះគ្រាន់តែធ្វើការប្រមូលបូកសរុបនូវព្រឹត្តិការណ៍និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលម្អិតដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើសដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ»។

របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn នេះ បានធ្វើឡើងបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះក៏មានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែកញ្ញាផងដែរ។

នេះគឺជាលើកទី១ហើយដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn បានដាក់ចេញរបាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្ទាប់ពីលោកត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីលោកស្រី រ៉ូណា ស្មីត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ