ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​និង​ចិន​គ្រោង​ជួប​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ចុង​ឆ្នាំ​នេះ

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានឱ្យដឹង​បន្ទាប់ពីកិច្ចប្រជុំរវាងមន្រ្តីជាន់ខ្ពស់នៃសហរដ្ឋ​អាមេរិកនិងចិន កាលពីថ្ងៃពុធកន្លងទៅថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និងប្រធានាធិបតី​ចិន លោក ​ស៊ី​ ជីនពីង បានព្រមព្រៀងក្នុងការជួបពិភាក្សាគ្នា ដែលជំនួបនោះ​នឹង​ធ្វើឡើង​តាម​រយៈប្រព័ន្ធវីដេអូនៅចុងឆ្នាំនេះ។

ប្រភពដដែលបន្តថា កិច្ចពិភាក្សាបិទទ្វារដែលធ្វើឡើងកាលពី​ថ្ងៃពុធ បានផ្ដោតលើការតាមដានបញ្ហាមួយចំនួនដែលត្រូវបានលើកឡើងក្នុងអំឡុងកិច្ចពិភាក្សាតាមរយៈទូរសព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរកាលពីខែមុន។

ជំនួបរវាងទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន លោក Jake Sullivan និងអ្នក​ការ​ទូត​កំពូល​ចិន​ លោក Yang Jiechi ក៏​ជាការជួប​ពិភាក្សាគ្នា​​ដោយ​ផ្ទាល់​លើក​ទីមួយផងដែរ គិតចាប់តាំងពីកិច្ចប្រជុំកំពូលសាធារណៈយ៉ាងតានតឹង​នៅ​រដ្ឋ​អាឡាស្កា កាលពីខែមីនា។

ទាក់ទិននឹងជំនួបនេះ សេតវិមានបានឱ្យដឹងថា លោក Jake Sullivan បានលើកឡើងអំពីកង្វល់ទាក់ទងទៅនឹងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង កំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង និងជំហររបស់ខ្លួនលើទីក្រុងហុងកុង ស៊ីនជាំង និងតៃវ៉ាន់ ខណៈដែលកិច្ចពិភាក្សានេះមានលក្ខណៈ​ស្ថាបនានិងស្មោះត្រង់ ខុសពីកិច្ចប្រជុំដែលប្រព្រឹត្តទៅនៅ​រដ្ឋ​អាឡាស្កា។

គួរបញ្ជាក់ថា ជំនួបតាមរយៈទូរសព្ទរវាងលោក ចូ បៃដិន និងលោក ស៊ី ជីនពីង ក្នុងខែកញ្ញាកន្លងទៅ ផ្ដោតសំខាន់អំពីតម្រូវការ​​ ដើម្បីធានាថាការប្រកួតប្រជែងរបស់ពួកគេ​មិនធ្លាក់ចូលទៅក្នុងជម្លោះ ខណៈដែលប្រធានបទនេះក៏ត្រូវបានលើកឡើងសារជាថ្មីម្តងទៀតក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃពុធផងដែរ។

កាលពីថ្ងៃអង្គារ លោក ចូ បៃដិន ក៏បានឱ្យដឹងផងដែរថា​ រូបលោកនិងលោក ស៊ី ជីនពីង បានបញ្ជាក់​ជាថ្មី​ពី​ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ «កិច្ចព្រមព្រៀងកោះតៃវ៉ាន់» ដោយរំពឹងថា អនាគតរបស់ដែនដីកោះមួយនេះនឹងត្រូវបានកំណត់ដោយសន្តិវិធី។

ការថ្លែងរបស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិករូបនេះ ធ្វើឡើងបន្ទាប់ពីកោះតៃវ៉ាន់បានរាយការណ៍ពីករណីប្រទេស​ចិនបាន​បញ្ជូន​យន្ដហោះ​ចម្បាំង​ជិត១៥០​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​ខ្លួន​កាលពីសប្តាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ