តុលាការ​ខេត្ត​កំពង់ធំ​ បន្ត​ស៊ើប​រក​អ្នក​ពាក់ព័ន្ធ​ដែល​ឈូស​ដី​ព្រៃ​រដ្ឋ​ ក្រោយ​មេឃុំ​និង​មេភូមិ​ចូល​ឆ្លើយ​បំភ្លឺ

អគារនៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ (ហ្វេសប៊ុក៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ)

សាលាដំបូងខេត្តកំពង់ធំ បន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបានឈូលឆាយដីព្រៃរបស់​រដ្ឋធ្វើកម្មសិទ្ធិដោយ​ខុស​ច្បាប់ បន្ទាប់ពីមេភូមិនិងមេឃុំពពក បានចូលបំភ្លឺតាមការកោះហៅរបស់តុលាការ​​នៅថ្ងៃអង្គារនេះ។

កាលពីថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចេញដីកាកោះហៅលោក កែវ នន ជាមេឃុំ​ពពក និងលោក ឡេង សុខា ជាមេភូមិក្រសាំង ឱ្យឆ្លើយបំភ្លឺ​នៅថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២១នេះ ពាក់ព័ន្ធករណីឈូសឆាយដីព្រៃរបស់រដ្ឋដើម្បីយក​ធ្វើជាកម្មសិទ្ធិ។

អ្នកនាំពាក្យ និងជាតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា មានប្រសាសន៍ថា នៅថ្ងៃ​នេះ លោក កែវ នន ជាមេឃុំពពក និងលោក ឡេង សុខា ជាមេភូមិក្រសាំង បានទៅបំភ្លឺ​តាមការកោះហៅរបស់តុលាការ​។

លោកបន្ត​ថា ក្រោយការ​ឆ្លើយបំ​ភ្លឺ តុលាការមិនបានឃាត់ខ្លួនអ្នកទាំងពីរនោះទេ ដោយបានអនុញ្ញាតឱ្យទៅលំនៅឋានវិញ។ ប៉ុន្តែលោកថា រឿងនេះមិនទាន់បញ្ចប់ទេ គឺខាង​តុលាការនៅបន្តស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ​ផ្សេងទៀ​ត។

លោកបន្ថែមថា៖ «យើងកំពុងតែស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។ យើងត្រូវប្រើពេលស៊ើបអង្កេតយូរដែរ អ៊ីចឹង​យើងអត់ទាន់អនុវត្តនីតិវិធីទេ យើងត្រូវការប្រមូលភស្តុតាងឱ្យបានទូលំទូលាយសិន»

បើតាមមន្ត្រីតុលាការ​រូបនេះ ដីព្រៃដែលមានការឈូសឆាយយកធ្វើកម្មសិទ្ធិដោយខុសច្បាប់​នោះ មាន​ទំហំ​ជាង២០០​ហិកតា ស្ថិតនៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

មេឃុំពពក លោក កែវ នន បានទទួលស្គាល់ថា ពិតជាមានករណីឈូសឆាយដីព្រៃរបស់រដ្ឋនោះ​​មែន ប៉ុន្តែលោកមិនមែនជាអ្នកឈូសឆាយនោះទេ។ លោកអះអាងថា អ្នក​ឈូសឆាយដីព្រៃនោះជាអ្នកផ្សេង ប៉ុន្តែលោក​មិនបញ្ជាក់អត្តសញ្ញាណ​អ្នកឈូសឆាយនោះទេ។

មេឃុំរូបនេះបន្តថា ម្ចាស់ដីបានដាក់សំណើសុំការឈូសឆាយពី​អភិបាលខេត្ត លោក សុខ លូ ហើយអភិបាល​ខេត្តបានអនុញ្ញាត ទើបមានការឈូសឆាយបែបនេះ។ លោកថា អាជ្ញាធរមូលដ្ឋានគ្រាន់តែចូលរួមពិនិត្យក្នុងកិច្ចការងារនេះតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «គេ [អ្នកឈូសឆាយ] សម្អាតដី ដើម្បីបង្កបង្កើនផល។ ម្ចាស់ដីគេបានស្នើសុំដល់អភិបាលតើ! ចៅហ្វាយខេត្តគាត់មានសិទ្ធិសម្រេច ខ្ញុំគ្រាន់តែចូលរួមក្នុងនាមក្រុមការងារ មានអាជ្ញាធរស្រុក ចង់និយាយ​ថា មានជំនាញពាក់ព័ន្ធទាំងអស់​​ មានមេព្រៃ បរិស្ថាន មានទាំងប៉ូលិស ប៉េអឹម ដែលបានចូលជាមួយ​និងពិនិត្យមើលការឈូសឆាយនេះ»

មន្ត្រីការពារសិទ្ធិសមាគមអាដហុក​ប្រចាំខេត្តកំពង់ធំ លោក សុខ រដ្ឋា មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រង​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការការពារធនធានធម្មជាតិនិង​ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យបានគង់វង្សទៅតាមច្បាប់កំណត់ ដោយមិនអាចផ្ទេរឬទិញលក់បានឡើយ។

លោក​បន្តថា ប្រសិនជាមេភូមិនិងមេឃុំបានគប់គិត​​គ្នា​ឈូស​ឆាយ​ដី​ព្រៃរ​បស់រដ្ឋធ្វើជាកម្មសិទ្ធិមែននោះ គឺ​ជាទង្វើខុសច្បាប់។ លោកថា ប្រសិនបើករណីឈូសឆាយដីព្រៃរបស់រដ្ឋនេះមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋានផ្សេង គឺតុលាការត្រូវស្វែងរកចាប់ពួកគេមកផ្តទ្ទាទោសទៅតាមច្បាប់។

លោកបន្ថែមថា៖ «ប្រសិនបើមានការជាប់ពាក់ព័ន្ធ​ជាមួយអាជ្ញាធរមាន​សមត្ថកិច្ចនៅមូលដ្ឋានទៀត បើត្រូវរ៉ូវ​គ្នា​ផ្នែកណាមួយ​ដែលនាំឱ្យមានការបាត់បង់ទ្រព្យសាធារណៈរបស់រដ្ឋ អាហ្នឹង អ្នកទាំង​អស់គ្នាហ្នឹង ត្រូវចូលរួមទទួលខុសត្រូវចំពោះមុខច្បាប់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ