ក្រសួង​ចំនួន​២​អះអាង​ថា​ ផលិតកម្ម​​ថត​ចម្រៀង​បង្ហាញ​កាំភ្លើង​មិន​ប៉ះពាល់​អ្វីទេ

សកម្មភាពឈុតឆាកសម្ដែងនៅក្នុងបទចម្រៀង “Are You OK?” របស់ផលិតកម្ម Galaxy Navatra (បច្ចុប្បន្នបានលុបចេញហើយ)។ (Screenshot)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ អះអាង​ថា ផលិតកម្មមួយ​ដែលថតវីដេអូចម្រៀងបង្ហាញរូបភាពកាំភ្លើងជាក្រុម មិនមានផលប៉ះពាល់អ្វី​ដល់សន្តិ​សុខ​សង្គមឬ​វប្បធម៌ជាតិនោះទេ។​

នាពេលថ្មីៗនេះ បទចម្រៀងរបស់ក្រុមហ៊ុន Galaxy ដែលមានចំណងជើងជាភាសាអង់​គ្លេស​ថា «Are you Ok?» បានរងការរិះគន់ខ្លាំងពីសាធារណជន។ ការរិះគន់នេះធ្វើឡើង​បន្ទាប់​ពី​បទ​ចម្រៀង​ «Are you Ok?» បង្ហោះជា​សាធារណៈ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​ចែក​រំលែក​តៗគ្នា ក្រោយពីតារាចម្រៀងដែលច្រៀងបទនេះបាន​យកកាំភ្លើងមក​សម្ដែង ភ្ជាប់​ជាមួយនឹងការស្លៀកពាក់បែបសិស្ស​សាលាកូ​រ៉េ រួមទាំង​មានបង្ហាញ​អក្សរ​ខ្មែរ​ និងអក្សរកូរ៉េនៅលើក្ដារខៀន។​

ក្រៅពីរិះគន់​ អ្នកលេងបណ្ដាញសង្គម​ហ្វេស​ប៊ុកបាន​នាំគ្នាយ​ករូបតារាចម្រៀងទាំងនោះមកភ្ជាប់ជាមួយអតីតព្រះសង្ឃមួយអង្គដែលបានលេងកាំភ្លើងជ័រនិងថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានតុលាការ​ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ វីអូឌី នៅថ្ងៃអង្គារ​នេះថា ក្រសួងមិន​មាន​វិធាន​ការ​ច្បាប់​អ្វី​លើ​តារា​ចម្រៀង និងក្រុមហ៊ុន Galaxy នោះទេ​ ដោយថា ការយក​កាំភ្លើងជ័រមកសម្ដែងក្នុងបទចម្រៀងជាសាធារណៈបែបនេះ មិនមាន​ផល​ប៉ះពាល់អ្វីដល់​សន្តិសុខទេ។

លោកបញ្ជាក់​បន្ថែមថា៖ «វប្បធម៌ជាតិអត់មានប្រើប្រាស់កាំភ្លើងទេ មាន​តែ​ដាវ​អីជាដើម យកមកការពារទឹក​ដី កម្ចាត់សត្រូវ​ មាន​រូប​ដូច​នៅ​អង្គរវត្ត។ កាំភ្លើងយើងអត់មានទេកាលជំនាន់ហ្នឹង»។

ស្រដៀងគ្នា​នេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ី​រីវត្ថ បាន​លើកឡើងដែរថា ការយកកាំភ្លើងមកសម្ដែងនេះមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ជាតិ។

លោកថា៖ «មែនទែនទៅ យើងនិយាយទូលាយពេក ឱ្យតែស្អីបន្តិចសុទ្ធតែប៉ះពាល់ដល់វប្បធម៌ មិនមែន​ទេ»។​

ប៉ុន្តែលោកថា ចម្រៀងនេះតាក់តែងឡើង​នៅក្នុងបរិបទដែលសាធារណជនមិនអាចទទួលយកបាន។​

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បន្ថែម​ថា៖ «យើងពិបាកទទួលថា គាត់ទិញស្នាដៃពីអ្នកណាគេ ទី១! អាការប្រើ​ពាក្យ “ផ្លាប់ៗ​” អីហ្នឹង!​ ហើយធ្វើកាយវិការអីហ្នឹង វា​ជាពាក្យអសុរោះមួយដែលសង្គមយើងអត់ទទួលទេ នេះទី១។ ហើយទី២ មានលើកកាំភ្លើងច្រងេងច្រងាង ដែលស្រីៗកាន់កាំភ្លើងអីហ្នឹង​ បង្ហាញអាការមើលទៅបង្ហាញភាព​ព្រៃផ្សៃដែលសង្គមយើងមិនដល់អ៊ីចឹងអីទេ»។​

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បន្តថា ក្រុមហ៊ុន Galaxy បានចុះបញ្ជីត្រឹមត្រូវក្នុងការធ្វើអាជីវកម្មភាពយន្ត ជាមួយនឹងស្ថាប័ននាយកដ្ឋានភាពយន្តដែលជាកន្លែងផ្ដល់សេវា ប៉ុន្តែបទចម្រៀងមានចំណង​ជើង​ថា «Are you Ok»​ នៅមិនទាន់បានសុំច្បាប់ក្នុងការថតនិងការដាក់ឱ្យ​ផ្សព្វផ្សាយជាសាធារណៈនៅឡើយ។

អនុប្រធានអង្គការការពារសិទ្ធិមនុស្ស​​​លីកាដូ លោក អំ សំអាត ជំរុញឱ្យរដ្ឋាភិបាលឬស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ឱ្យមាន​តម្លាភាព ដោយមិនមានការរើសអើង​ចំពោះ​តែ​បុគ្គល។ លោកប​ន្តថា កន្លងមក ព្រះសង្ឃមួយអង្គបានបង្ហោះហ្វេ​សប៊ុកលេង​កាំភ្លើង​ជ័រប្រហាក់​ប្រហែល​គ្នា​ដែរ ប៉ុន្តែសមត្ថកិច្ចបានចាប់ផ្សឹកព្រះអង្គ និងផ្តន្ទាទោស។​

លោក អំ សំអាត បន្តថា ករណីនេះ ពលរដ្ឋមិនអាចទទួលយកបាននោះទេ ទើបធ្វើឱ្យមានផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម ដោយសារ​រឿង​ទាំង​ពីរ​នេះប្រហាក់ប្រហែល​គ្នា ប៉ុន្តែបែរជា​ស្ថាប័នពាក់ព័ន្ធយល់ថាមិនអីទៅវិញ។

លោកបន្តថា៖ «ចុះបើទិដ្ឋភាពដូចគ្នា ហេតុអីក៏រឿងមួយត្រូវបានចោទប្រកាន់និងធ្វើការឃុំខ្លួន ហើយរឿងមួយទៀតហេតុអីបានជាមិនត្រូវបានអនុវត្តច្បាប់ដូចគ្នា? ប៉ុន្តែគ្រាន់តែថា ការបកស្រាយ​វាអាចស្របនឹងទិដ្ឋភាពជាក់ស្តែង បើវាខុសគ្នាយ៉ាងមិច យើងមិនដឹង​ទេ! ជួនកាលការសម្ដែងខ្លះ​ គេមានការអនុញ្ញាត​អ៊ីចឹ​ងទៅ។ ប៉ុន្តែជាទូទៅ វាគ្រាន់តែការប្រើប្រាស់អាវុធ [កាំភ្លើងជ័រ] វាអត់អាចទៅទាក់ទងនឹងទៅបទ​ល្មើសបានទេ ដូចជារឿងអតីតព្រះសង្ឃ ហន សុផាន្នី បើគ្រាន់តែ​លេង​កាំភ្លើង​ជ័រ ហេតុអី​ត្រូវ​ចោទពាក់​ព័ន្ធ​ទៅនឹង​បទល្មើសទៅវិញ? ដោយកាំភ្លើងជ័រ វាមិនអាចបង្កឱ្យ​​មានភាពគ្រោះថ្នាក់នោះទេ លើកលែង​តែ​កាំភ្លើងច្នៃ កាំភ្លើងបាញ់សត្វ ជាដើម ទើបវាអាចបង្កឱ្យ​មានគ្រោះថ្នាក់»។

យ៉ាងណាក៏ដោយ ក្រោយពីទទួលរងការរិះគន់ខ្លាំងពីសាធារណជននោះ ឧកញ៉ា ឡេង ណា​វ៉ាត្រា ដែលជាប្រធានក្រុមហ៊ុន Galaxy បាន​បញ្ជាតាម​បណ្ដាញសង្គមហ្វេសប៊ុក ដោយ​ឱ្យអ្នកគ្រប់គ្រងផលិតកម្ម លោក យឹម តាស្រង់ លុប​បទ​ចម្រៀង «Are you ok?» ចេញពី TikTok និងទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន ​កាឡាក់ស៊ី ណាវ៉ាត្រា ​វិញ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរលើបណ្ដាញសង្គមថា៖ «សូមអ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីមានការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ លោក យឹម តាស្រង់ បានសរសេរលើបណ្ដាញសង្គមដោយបញ្ជាក់ថា Video trailer បទ «Are you ok?» បានលុបចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបង្ហាញការសោកស្តាយ​​ថា៖ «បទចម្រៀងមួយ​​​បទ​ដែលចំណាយ​អស់​ជាង៥ម៉ឺនដុល្លារ ត្រូវបាន​អ្នក​ឧកញ៉ាឱ្យខ្ញុំលុបចោល។ ពេលខ្លះ គ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបាន​ការ​សរ​សើរ​ឡើយ​ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយ​យ៉ាងណាក្តី ព្រោះផែនការ​ថ្មីផលិត​កម្ម​ GALAXY លែងផលិតបទ​ដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយ»។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរខេត្តបាត់ដំបង បាន​ចាប់​ផ្សឹកហើយ​ដាក់​ខ្នោះ​​អតីត​​​ព្រះ​​សង្ឃ​មួយអង្គ ព្រះនាម ហន សុផាន្នី ដែល​គង់នៅវត្តដំរី​ស ខេត្តបាត់ដំបង ដោយ​​ចោ​ទ​ប្រកាន់​​ចំនួន២​បទល្មើស រួមមាន ​បទ ​«ប្រើ​ប្រាស់​​អាវុធ​ខុសច្បាប់» និង «ញុះ​ញង់​​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍»។ ប៉ុន្តែតុលាការបានទម្លាក់ចោលបទចោទប្រកាន់​រឿង ​«ប្រើ​​ប្រាស់​​អាវុធ​ខុសច្បាប់» វិញ។

អតីត​​ព្រះ​សង្ឃ ព្រះនាម ហន សុផាន្នី ត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចផ្ដន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល២​ឆ្នាំ ពីបទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់​ពីអតីត​​ព្រះសង្ឃអង្គនោះបានបង្ហោះ​រូប​​ថត​កាំភ្លើង​មួយ​ដើមនៅលើគណនីហ្វេសប៊ុក ដែលគេថា«កាំភ្លើងនោះ​ជាកាំភ្លើងជ័រ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ