អាជ្ញាធរ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ​ត្រៀម​បង្ការ​ក្នុង​ករណី​ទឹក​ស្ទឹង​ព្រែកត្នោត​ហក់​ឡើង​បង្ក​ជា​ជំនន់

ពលរដ្ឋ​រស់នៅ​តំបន់​ជន់​លិច​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អង្គុយ​នៅមុខ​កន្លែង​ស្នាក់នៅ​ខ្លួន ខណៈ​មិន​អាច​ទៅណា​បាន​អំឡុង​ពេល​ដែល​តំបន់​នោះ​រង​ការវាយប្រហារ​ពី​ជំនន់​ទឹកភ្លៀង​និង​ទឹកហូរ​ធ្លាក់​ពី​ស្ទឹង​ព្រែកត្នោត ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

អាជ្ញាធរខេត្តដែលជាប់រាជធានីភ្នំពេញ កំពុងចាត់វិធានការ​ចាក់ដី​តាមព្រំប្រទល់​​ទប់​ស្កាត់​ប្រព័ន្ធ​ទឹកដែល​​អាច​ហូរ​​​ចេញ​​​ពី​ស្ទឹងព្រែកត្នោត បើសិន​មានភ្លៀងធ្លាក់ខ្លាំង ​និង​តាម​ដាន​ស្ថាន​ភាព​អាកាស​ធាតុ ដើម្បី​ត្រៀម​ជា​មុន​​ក្នុង​ការទប់ស្កាត់​ការជន់លិច​តំបន់ខ្លះក្នុងខេត្តរបស់ខ្លួនដោយ​សារ​ជំនន់​ទឹក​ភ្លៀង។

ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល លោក អ៊ុក វណ្ណា បាន​ឱ្យដឹង​នៅថ្ងៃ​ទី​១១ ខែតុលា​​ ថា​នៅពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅតំបន់ខ្លះក្នុងក្រុងតាខ្មៅ បាន​ស្រកបន្តិចហើយ​ខណៈភូមិសាស្ត្រ​ដែលមានប្រព័ន្ធទឹកហូរមកពីស្ទឹងព្រែកត្នោត ក៏នៅ​​​មិន​ទាន់​មាន​ការ​ប្រកាស​អាសន្ន​នោះ​ដែរ។

តែយ៉ាងណា លោកថា ដើម្បីទប់ស្កាត់ការជន់ឡើងនៃទឹកស្ទឹងព្រែកត្នោត ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្ដាល ខាង​មន្ត្រីជំនាញបាន​កាយដីទម្លាយ​ប្រព័ន្ធទឹកនៅ​តាមព្រំដែននៃខេត្ត​កណ្ដាល និង​រាជធានីភ្នំ​ពេញ។

លោកបន្តថា៖ «សម្រាប់វិធានការ យើងបានកាយទម្លាយតាមក្រវាត់ទី៣ ចំណុចព្រំប្រទល់រវាងរាជធានីភ្នំពេញនិងកណ្ដាល ទំនប់ប្រឡាយ៩៤​មួយ និងទំនប់ប្រឡាយ៩៦មួយ និងម្សិលមិញ [ថ្ងៃអាទិត្យ​ ទី១០] ឯកឧត្ដមអភិបាលខេត្តបានឱ្យកាយថែមនៅចំណុចស្អាងភ្នំទៅព្រលានយន្តហោះ»។

ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺវិញ ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត លោក ញ៉ាញ់ ជៀប​ហ័ង បានលើកឡើងថា ​បច្ចុប្បន្ន មិនទាន់មានទឹកជំនន់​​ពីស្ទឹងព្រែកត្នោតនៅឡើយ​ទេ ដោយសារទឹកស្ទឹងនោះមានការស្រកចុះបន្តិចវិញ។ តែ​យ៉ាងណា លោកថា ​ខាងមន្ទីរធនធានទឹក នៅតែបន្តតាមដានចំពោះព្យុះទី១៨ ដែលនឹងជះឥទ្ធិពល​លើ​ប្រទេស​កម្ពុជានាពេលឆាប់ៗនេះ។

លោកបន្តថា៖ «យើងចាំសិន បើមានបរិមាណទឹកភ្លៀងដែលអាចបង្កទៅជាទឹកជំនន់បាន លុះត្រាតែទឹកភ្លៀងហ្នឹងមកជាប់ៗគ្នា និងមកគ្រប់ស្ទឹងដែលជាសាខារបស់ស្ទឹងព្រែកត្នោត និង[មួយផ្នែកទៀត] កម្ពុជា គឺងាយរងព្យុះទី១៨ តែវាមិនទាន់មកដល់»។

នាយករដ្ឋបាលខណ្ឌដង្កោ បានថ្លែងដោយមិនបញ្ចេញឈ្មោះថា កម្ពស់ទឹកស្ទឹងព្រែក​ត្នោត កាលពីថ្ងៃទី៩ ខែតុលា​ បាន​ស្រកចុះបន្តិច​​វិញហើយ ដោយស្ថិតនៅក្រោមកម្ពស់​ទឹក​ប្រកាស​​​​អាសន្នជាង១ម៉ែត្រ។

តែយ៉ាងណា លោកថា អាជ្ញាធរបាន​ណែនាំនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​​ស្ទឹង ឱ្យ​មានការប្រុងប្រយ័ត្ន ខណៈមន្ត្រីជំនាញកំពុង​តាមដាន​ស្ថានភាពអាកាស​ធាតុ​ជាប្រចាំ ដើម្បីត្រៀមបង្ការជាមុន ព្រមទាំងបានចាក់ដីបន្ថែមនៅតំបន់​ដែល​ងាយ​បាក់ច្រាំងមាត់ស្ទឹងផងដែរ។

កាលពីឆ្នាំ២០២០ ទឹកស្ទឹងព្រែកត្នោត ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ បានហក់ឡើងលើស​កម្រិតប្រកាសអាសន្ន បណ្តាលឱ្យ​មានការ​ជន់លិចដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋចំនួន២៣៥​ខ្នង ស្មើ​នឹង៣២១​គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ