ចលនា​ពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ​ទទូច​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ចលនា​ពល​រដ្ឋ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ (The People Movement for Democracy) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាន​ទទូចឱ្យកម្ពុជាទម្លាក់ចោលការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើមាត្រាមួយចំនួន ដែល​ឈានទៅបិទ​សិទ្ធិជន​ជាតិ​ខ្មែរដែលមាន​សញ្ជាតិ​ពីរ​ឬលើស​ពី​ពីរ​ មិន​​ឱ្យ​​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ ប្រ​ធាន​ព្រឹទ្ធ​សភា​ ប្រធានរដ្ឋសភា និង​នាយក​រដ្ឋ​មន្រ្តី​។

​យោង​តាម​​សេចក្ដីថ្លែង​​ការណ៍ចេញផ្សាយនៅ​ថ្ងទី​១២ ខែ​តុ​លា​ ម្សិលមិញ​​ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ យល់ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់រដ្ឋ​ធម្មនុញ្ញ​ដែល​ដាក់​ឈ្មោះ​ថា «​សេចក្ដីព្រាង​​​ច្បាប់​​ធម្មនុញ្ញ» នៅ​ក្នុង​កាលៈ​ទេសៈនេះ គឺមិនមាន​ប្រយោជ​ន៍​​ចំពោះ​ប្រ​ជា​ពលរដ្ឋ​នោះទេ។ ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​​ត្រូវ​ការ​ជីវ​ភាព​ប្រ​សើរ​ និង​​សេរី​ភាព​​បញ្ចេញ​​មតិ​ ហើយ​​មិន​ត្រូវ​ការ​ច្បាប់​បិទ​ឱកាស​​ជនជាតិ​ដើម​​កំណើត​​ខ្មែរ​​បែប​​នេះ​​ឡើយ។

បន្ថែម​ពី​​នេះ​​ សេចក្ដីថ្លែងការណ៍បន្ត​ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ​គឺ​ជា​ការ​​បំ​ពាន​​សិទ្ធិ​ប្រ​​ជា​​ពល​រដ្ឋ​​ខ្មែរ​ ពី​ព្រោះ​ជា​វិ​សោធនកម្ម​រដ្ឋ​ធម្មនុញ្ញដែល​ធ្វើ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទាំង​​ក្នុង​និង​ក្រៅ​​ប្រទេស​មិន​​ពេញ​ចិត្ត​ និងធ្វើឡើងដោយមិនបាន​ធ្វើ​ប្រជា​ម​​តិ​ត្រឹម​ត្រូវ ដើម្បី​សួរ​យោបល់​ប្រ​ជាពលរដ្ឋឡើយ។ វិសោធនកម្មនេះបានកើតឡើង​នៅ​ក្នុង​ស្ថាន​ភាពដែលកម្ពុជាដឹកនាំរដ្ឋាភិបាលដោយបក្សតែមួយ និង​ជា​ការ​បំ​ពាន​លើ​គោល​ការណ៍​ប្រ​ជាធិបតេយ្យ​សេរី​ពហុ​មតិ​​ ដែល​​បាន​​ចែក​ក្នុង​កិច្ចព្រម​ព្រៀង​សន្តិ​ភាពទី​ក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​​២៣ ខែ​តុលា​ ឆ្នាំ​​១៩៩១ និង​រដ្ឋ​ធម្មនុញ្ញកម្ពុជា​ នៅ​ថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ជាដើម។

នៅមិនទាន់មានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជា​ទៅនឹងសេចក្ដីថ្លែងការណ៍នេះនៅឡើយទ។

ក៏ប៉ុន្តែកាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុង​ប្រអប់សារបញ្ចេញមតិ (Comment) លើទំព័រហ្វេស​ប៊ុក​​របស់លោក ដោយ​បានជំរុញទៅអ្នកនយោបាយដែលចង់ប្រកួតយក​តំណែងកំពូលៗរបស់​ជាតិ ត្រូវតែហ៊ាន​លះបង់​សញ្ជាតិ​បរទេស​ចោល ដើម្បីបម្រើប្រយោជន៍ជាតិខ្លួនឯង។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទ្វារនៅតែចំហសម្រាប់ប្រ​ជាពលរដ្ឋខ្មែរដែលមានសញ្ជាតិពីរ ឬ​ច្រើនចូល​មក​បម្រើជាតិ លើកលែង​តែតំណែង​កំពូល​ទាំង​៤ ជាពិសេស​តំណែង​នាយករដ្ឋមន្រ្តីតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ