រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​លទ្ធភាព​នាំ​ប្រេង​ឆៅ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​វិញ​នៅ​ឡើយ

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់​នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាល​នៅមិ​ន​ទាន់​បាន​ទទួល​​​ដំណឹង​​ជាផ្លូវ​ការ​ណាមួ​យទាក់ទិនស្ថានភាពប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបានដាក់ស្នើសុំ​​បញ្ជូន​​​ត្រ​​ឡប់​​​​​ពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញនៅឡើយទេ។ 

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតកម្ពុជា បានប្រាប់តាមរយៈ​តេឡេក្រាមថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ីនៅមិនទាន់ឆ្លើយតបអំពី​សំណើរបស់​កម្ពុជា ជុំវិញ​ការនាំ​មកប្រេងឆៅដែល​ត្រូវបានគេលួចយកទៅនោះនៅឡើយ​រហូតមកដល់ពេលនេះ ហើយក្រសួងរ៉ែ​ក៏​​មិន​​​​ទាន់ដឹងច្បាស់ដែរ ថាតើពេលណាទើបកម្ពុជាអាចបានទទួលប្រេងឆៅនេះមកវិញ។

លោកបន្តថា៖ «យើងបានផ្ដល់ឯកសារឱ្យ​គេរួចហើយ ប៉ុន្តែពុំទាន់មានលទ្ធផលថាយ៉ាងណានៅឡើ​​យ​​ទេ​។ ខ្ញុំក៏ពុំអាចដឹងថាពេលណាយើងអាចយកប្រេងមកវិញបានដែរ»។

កាលពីពាក់កណ្ដាលខែ​​សីហា ឆ្នាំ២០២១ លោក ជៀប សួរ បាន​ប្រាប់បណ្ដាញព័ត៌​​មាន​​ក្នុង​​ស្រុក​​ថា តាមរយៈក្រសួងការបរទេស រដ្ឋាភិបាល​​បាន​​ដាក់​​បណ្ដឹងរួចហើយទៅរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីទាមទារសិទ្ធិក្នុងនាមជាម្ចាស់ប្រេងឆៅមកគ្រប់គ្រងវិញ។

យ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​ លោក កុយ គួង បដិសេធក្នុងការផ្ដល់​​​ព័ត៌​មានលម្អិត​​​អំពី​​នី​​តិវិធីនិងដំណើរនៃការប្រព្រឹត្តទៅចំពោះលទ្ធភាព​​នៃការនាំប្រេងឆៅ​​ត្រលប់​​មក​​វិញ។ បើតាមអ្នក​​នាំ​​ពាក្យ​​រូបនេះ លោកបានរុញការទទួលខុសត្រូវចំពោះនីតិវិធីផ្លូវ​​ច្បាប់​​នេះទៅក្រសួង​​យុត្តិធម៌​​វិញ​​។

លោកបន្តថា៖ «ខ្ញុំចង់ឱ្យសួរទៅក្រសួងដឹកនាំមុខវិញ​ ក្រសួងដឹកនាំមុខផ្នែកផ្លូវច្បាប់​​កន្លងមក ​​ក្រ​​សួ​ង​​​យុត្តិធម៌​​ជាអ្នកដឹកនាំមុខចរចាផ្នែកផ្លូវច្បាប់»។ 

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេធ​ក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីរឿងនេះ។ លោកបញ្ជាក់តាម​សារតេឡេក្រាម​ថា មាន​តែ​ក្រសួងរ៉ែនិងថាមពលទេ ទើប​ជាអ្នកទទួលខុសត្រូវរួមលើបញ្ហានេះ។

លោកបន្តថា៖ «ការងារនេះមានក្រសួងសាម៉ីដែលទទួលរួម ក្រសួងយុត្តិធម៌មិនអាចឆ្លើយជំនួសបំ​​ពា​ន​​​សមត្ថកិច្ចនោះទេ»។

បើ​ទោះជាបែបណា ការឆ្លើយតបភ្លាមៗរបស់រដ្ឋាភិបាលអំពីរឿងនេះ នៅបន្ទាប់ពី​​រដ្ឋាភិ​​បាល​​ឥណ្ឌូ​​នេស៊ី បា​នប្រកាសកាលពីថ្ងៃទី២៥ ខែ​សីហា ថាខ្លួនរឹបអូសបាននាវា​ដឹកប្រេង​​មួយ​​គ្រឿង​​ ហើយនាវា​​​ដែល​ត្រូវបានកងទ័ពជើង​ទឹកឥណ្ឌូនេស៊ី​ចាប់បាននោះមានផ្ទុកប្រេងឆៅជិត៣០ម៉ឺន​បារ៉ែល និង​មាន​​នា​​វិក​នៅលើកប៉ាល់នោះផង។ 

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា កម្ពុជាគួរជំរុញរឿងនេះ​​ទៅ​​ឥណ្ឌូ​​នេ​​ស៊ី​​ឱ្យបានញឹកញាប់ក្នុងនាមជាម្ចាស់ទ្រព្យ ហើយ​​ប្រសិនបើនៅបន្តអូសបន្លាយឬត្រូវ​​រង់​​ចាំ​ចំណាត់​ការ​ពីភាគីឥណ្ឌូនេស៊ី វាអាចស៊ីពេលវេលាយូរបន្ថែមទៀត។

លោកបន្តថា៖ «ធ្វើម៉េចត្រូវជំរុញនីតិវិធីខាងយើងឱ្យលឿន។ ខាងគេ គេមិនមែនជាប្រយោជន៍គេ គេ​​​អាច​​កប់ទុករឿងនេះសិនទៅ មិនមែនជាអាទិភាព ប្រហែលគេមានរឿងផ្សេងត្រូវដោះស្រាយ។ អ៊ី​​ចឹង​​ទេ ទាល់តែយើងរុញពីខាងយើងទៅ»។

កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០២១កន្លង​ទៅ​នេះ ក្រុមហ៊ុន គ្រីស អែនណឺជី ដែល​មាន​ទីតាំងនៅ​ប្រទេស​​​សិង្ហបុរី បាន​ប្រកាសពីការ​ក្ស័យធនរបស់ខ្លួនដោយសារជាប់បំណុល និងថាប្រេងដែលបូមបាន​​​នៅប្លុកអេនេះមានចំនួនតិចតួចមិនគ្រប់គ្រាន់ដូចការរំពឹងទុក។

យ៉ាងណា ការបាត់ប្រេងប្រមាណ៣០ម៉ឺនបារ៉ែល ដែលស្មើប្រហែល​៥០ម៉ឺនលីត្រ ហើយបើគិតជាទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិកនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យ​ប្រេង​កាត យល់ឃើញថា ការនេះនឹង​នាំឱ្យមានការសង្ស័យទៅលើការគ្រប់គ្រងរបស់អាជ្ញាធរកម្ពុជា ឬមានជាប់ពាក់ព័ន្ធក្នុងហេតុផលអ្វីមួយដែលនាំឱ្យនាវានេះអាចដឹកប្រេងទៅបានដោយស្រួល​​​បែបនេះ។

ម្យ៉ាងវិញទៀត ប្រសិនបើបញ្ហានេះកើតចេញ​ពីការធ្វេស​ប្រហែស​ឬធូររលុងនៃការគ្រប់គ្រង អាច​​នឹង​​​ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់របស់កម្ពុជាថែមទៀតផង។ បើទោះជាបែបណា ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានដោយថ្លែងការពារថា នេះ​​ជា​​ការលួចដឹកប្រេងឆៅដោយខុសច្បាប់របស់ក្រុមហ៊ុនបូមប្រេង Kris Energy ចេញពី​​សមុទ្រកម្ពុជា​​ ទាំង​​ដឹង​​ថាវាជាទ្រព្យសម្បត្តិរបស់កម្ពុជាទៅហើយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ