ប៉ូលិស​ឆែកឆេរ​ផ្ទះ​ជន​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាក់​សម្លាប់​សមាជិក​សភា​អង់គ្លេស​ម្នាក់

លោក David Amess សមាជិក​សភា​មួយរូបរបស់អង់គ្លេស កាលពីពេលកន្លងទៅ។ (ធ្វីតទ័រ៖ Sir David Amess MP)

ប៉ូលិសទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចុះទៅកាន់ទីតាំងលំនៅឋានមួយកន្លែងដែល​ត្រូវបានរកឃើញថា មានជាប់ទាក់ទងទៅនឹងលោក Ali Harbi Ali ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការស្លាប់របស់សមាជិក​សភា​អង់គ្លេសមួយរូប លោក David Amess។

លោក Ali Harbi Ali ត្រូវបានស្គាល់ថាជា​កូន​ប្រុសមួយរូប​របស់​អតីតទី​ប្រឹក្សាផ្នែក​សារព័ត៌មាន​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​សូម៉ាលី។

ចំណែកលោក David Amess អាយុ​៦៩​ឆ្នាំ ​មក​ពី​គណបក្ស Conservative Party ​របស់លោក​នាយក​រដ្ឋ​មន្ត្រី Boris Johnson ត្រូវបានជនសង្ស័យ​​ចាក់ជាច្រើនកាំបិតបណ្ដាល​ឱ្យ​​ស្លាប់បាត់បង់ជីវិត ​ខណៈ​ពេលដែល​លោក​​ជួបជាមួយ​​អ្នក​បោះ​ឆ្នោត​នៅ​ក្នុងទីតាំង​ព្រះ​វិហារ​មួយកន្លែង​ ​កាល​ពី​ថ្ងៃ​សុក្រ ​​នៅតំបន់ Leigh-on-Sea ភាគ​ខាង​កើត​ទី​ក្រុង​ឡុង​ដ៍។

ទាក់ទិននឹងករណីនេះ ប៉ូលិសបានឱ្យដឹងថា ពួកគេបានចាប់ខ្លួនបុរសជនជាតិអង់គ្លេស អាយុ២៥ឆ្នាំម្នាក់នៅកន្លែងកើតហេតុ ដោយសង្ស័យថាជាឃាតករ ខណៈប៉ូលិសជឿជាក់ថាបុគ្គលរូបនេះ​ធ្វើសកម្មភាពតែម្នាក់ឯង។

ទោះជាយ៉ាងណា ប៉ូលិសមិនបានបញ្ជាក់ពីឈ្មោះជនសង្ស័យនោះទេ និងបានប្រើអំណាចក្រោមច្បាប់ប្រឆាំងភេរវកម្ម ដើម្បីឃុំខ្លួនជនសង្ស័យរូបនេះរហូតដល់ថ្ងៃទី២២ ខែតុលា។

ប៉ុន្តែប្រភព​​ជិត​ស្និទ្ធ​នឹង​ការ​ស៊ើប​អង្កេត​មួយបាន​ឱ្យ​​ដឹង​ថា លោក Ali Harbi Ali គឺជា​ជន​សង្ស័យ​ដែល​​ត្រូវ​បានឃាត់ខ្លួននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ