គ្រោះ​ទឹកជំនន់​ក្នុង​ប្រទេស​ថៃ​ផ្ដល់​ឱកាស​ឱ្យ​ភោជនីយ​ដ្ឋាន​មួយ​ក្នុង​ការ​ទាក់ទាញ​អតិថិជន

សកម្មភាពអាជីវកម្មរបស់ភោជនីយ​​ដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់​ថៈ​ប៊ុរី (Nonthaburi) ប្រទេសថៃ។ (A24 News)

វាគឺជារឿង​ដែល​ពិសេស​​មួយសម្រាប់ទីតាំង​ភោជនីយ​​ដ្ឋាន Chaophraya Antique Cafe ក្នុងខេត្តនន់​ថៈ​ប៊ុរី (Nonthaburi) ប្រទេសថៃ ដែល​​អាច​​ទាញ​​យក​​ផល​ប្រយោជន៍​ពីគ្រោះទឹកជំនន់​ក្នុង​ប្រទេសនេះ តាម​រយៈ​ការអនុញ្ញាត​ឱ្យ​អតិថិជន​របស់ខ្លួនមកអង្គុយទទួល​​ទានអាហារ​ហើយដាក់ជើង​របស់ពួក​គេចូលទៅក្នុងទឹក។

ម្ចាស់ទីតាំងភោជនីយដ្ឋាននេះ លោក Titiporn Jutimanon ​លើកឡើងថា គ្រួសារ​របស់​លោកបាន​រង​ផល​ប៉ះពាល់ដោយ​សារទឹ​កជំនន់​​អស់​រយៈ​ពេល​​ជាច្រើន​ឆ្នាំមកហើយ ដែលបានធ្វើឱ្យ​ លោក​​មាន​គំ​និត​​ក្នុងការប្រែក្លាយឧបសគ្គទៅជាឱកាស។

ជាមួយគ្នានេះ លោក Titiporn Jutimanon ថ្លែង​​ថា៖ «គ្រោះទឹកជំនន់​ផ្ដល់អត្ថប្រយោជន៍សម្រាប់​ទីតាំង​ភោជនីយដ្ឋានរបស់យើង ក្នុងការទទួលបានអតិថិជនកាន់តែច្រើន»។

យោង​តាមទិន្នន័យពីនាយកដ្ឋានបង្ការ និង​កាត់បន្ថយគ្រោះមហន្តរាយថៃ បានឱ្យដឹងថា ប្រទេសថៃ​ ជួបប្រទះគ្រោះទឹកជំនន់នៅតាមបណ្ដាខេត្តជាច្រើនជារៀងរាល់ឆ្នាំ ខណៈដែលមានប្រជាជនជិត១លាននាក់ និងផ្ទះសម្បែងប្រមាណជា៣០ម៉ឺនខ្នង បានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅឆ្នាំនេះ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន A24 News ម្ចាស់ទីតាំងភោជនីយដ្ឋានរូបនេះបានឱ្យដឹងថា៖ «ស្ថានភាពទឹកជំនន់ គឺជារឿងធម្មតាសម្រាប់ពួកយើងទៅហើយ ដោយសារតែយើងរស់នៅក្នុង​សហគមន៍មួយដែលជាប់ទៅនឹងមាត់ទន្លេ ខណៈដែលគ្រោះទឹកជំនន់បានកើតឡើងជាញឹកញាប់។ កម្រិតទឹកជំនន់ខ្ពស់បំផុត គឺមានកម្ពស់៧០សង់ទីម៉ែត្រ»។

លោកបន្តថា៖ «អតិថិជនទាំងឡាយយល់ឃើញថា ការទទួលអាហារនៅមាត់ទន្លេ គឺជាការទាក់ទាញមួយ។ ស្របពេលដែលពួកគេអាចមើលទេសភាពស្អាត និងអាចដាក់ជើងរបស់ពួកគេចូលទៅក្នុងទឹកបានបន្ថែមទៀតនោះ វាកាន់តែក្លាយជាបទពិសោធន៍ដ៏ពិសេសមួយសម្រាប់ពួកគេ»។

ម្ចាស់ភោជនីយដ្ឋាននោះបន្ថែមថា៖ «វាគឺជាការបង្ហាញឱ្យឃើញពីចំណុចដ៏ល្អមួយរបស់ប្រជាជនថៃដែលសម្លឹងឃើញពីភាពវិជ្ជមាននៅរាល់ឧបសគ្គនានា»។

អតិថិជនមួយរូបដែលបានមកកាន់ភោជនីយដ្ឋាននេះ អ្នកស្រី Sudapond Sujaritpakdee បានឱ្យដឹងថា៖ «ខ្ញុំបានឃើញវីដេអូដ៏ចាប់អារម្មណ៍មួយរបស់ភោជនីយដ្ឋាននេះនៅលើអ៊ីនធឺណិត​ ដែលបានធ្វើឱ្យខ្ញុំចង់មកកាន់ទីនេះ»។

អតិថិជនមួយរូបទៀត លោក Arit Khanthong បានលើកឡើងដែរ​ថា៖ «ខ្ញុំរំពឹងថា បរិយាកាសនៅទីនេះនឹងផ្ដល់ឱ្យខ្ញុំនូវភាពរំភើបរីករាយប្លែកមួយ ជាពិសេសនៅពេលដែលខ្ញុំកំពុងទទួលទានសាច់អាំង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ