កម្មករ​រោងចក្រ​មួយ​នៅ​ស្វាយរៀង​ថា​រង​ការ​គំរាម​កាត់​ប្រាក់ខែ ក្រោយ​ឈប់​សម្រាក​បុណ្យភ្ជុំ

កម្មករ-កម្មការិនីធ្វើដំណើរនៅបរិវេណអាគាររោងចក្ររោងចក្រ ឡេកស្ពត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។ (ពលរដ្ឋអ្នកសារព័ត៌មាន)

កម្មករធ្វើការនៅរោងចក្រមួយក្នុងខេត្តស្វាយរៀង អះអាងថា ពួកគេរងការគំរាមកាត់ប្រាក់ខែនិងបណ្ដេញចេញពីការងា​រ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឈប់សម្រាកពេលបុណ្យភ្ជុំ ប៉ុន្ដែបែរជារោងចក្រប្រើមូលហេតុនេះគំរាមបណ្ដេញពួកគេចេញពីការងារ។

កម្មករ-កម្មការិនីដែលធ្វើការនៅរោងចក្រផលិតស្បែកជើងឈ្មោះ «ឡេកស្ពត» មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនាគរាជ ស្ថិតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ពួកគេទទួលរងការគំរាមកំហែងពីម្ចាស់រោងចក្រ ដែលគំរាមបញ្ឈប់កិច្ចសន្យាការងារ បើសិនពួកគេហ៊ានចេញតវ៉ារឿងក្រុមហ៊ុនកាត់ប្រាក់ដំណាច់ឆ្នាំ។

កម្មករម្នាក់ដែលបម្រើការងារនៅរោងចក្រ «ឡេកស្ពត» ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅនេះ នៅរោងចក្រឡេកស្ពត មានបញ្ហាចរន្តអគ្គិសនី ហើយក្រុមហ៊ុនបានអនុញ្ញាតឱ្យកម្មករទាំងអស់ឈប់សម្រាករហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ និងប្រាប់ឱ្យចូលធ្វើការវិញ។ ហើយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅពេលកម្មករកំពុងធ្វើការជិតដល់ម៉ោងឈប់សម្រាកនោះ ក៏មានបញ្ហាចរន្តអគ្គិសនីម្ដងទៀត។

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះដដែល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ខាងក្រុមហ៊ុនបានកោះហៅកម្មករទាំងអស់មកប្រជុំ ហើយប្រាប់ថា នៅអំឡុងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ជាពេលដែលកម្មករឈប់សម្រាកមិនបានធ្វើការនោះ ខាងភាគីក្រុមហ៊ុនបានសម្រេចកាត់ប្រាក់ដំណាច់ប្រចាំឆ្នាំរបស់ពួកគេ ក្នុងម្នាក់ចំនួន៥ថ្ងៃ និងគំរាមបញ្ឈប់កម្មករដែលហ៊ានចេញមុខតវ៉ាទៀតផង។ កម្មកររូបនេះស្នើទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរការងារខេត្តស្វាយរៀង ជួយដោះស្រាយបញ្ហានេះជូនពួកគាត់ផង។

ប្រភពដដែលឱ្យដឹងដូច្នេះថា៖ «គេគំរាមយើងហ្មងថា បើអ្នកណាហ៊ានចេញតវ៉ា នៅពេលដល់កុងត្រា គឺមិនបន្តកុងត្រាឱ្យទេ គឺបញ្ឈប់តែម្តង»។  

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចទាក់ទងប្រធានផ្នែករដ្ឋបាលរោងចក្រ ឡេកស្ពត ដើម្បីសុំការបំភ្លឺបានទេ គិតមកទល់មកពេលនេះ។

អនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក ជឹម ច័ន្ទថា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនបានដឹងបញ្ហានេះទេ ប៉ុន្តែលោកថា នឹងចុះទៅពិនិត្យដោយផ្ទាល់នៅរោងចក្រនេះ។  

លោកបន្ថែមថា៖ «ខ្ញុំមិនបានដឹងពីបញ្ហានេះទេ។ ប៉ុន្តែថ្ងៃស្អែក ខ្ញុំនឹងទៅពិនិត្យផ្ទាល់ដល់រោងចក្រ ដោយសារថ្ងៃនេះជាថ្ងៃឈប់សម្រាក ហើយខាងរោងចក្រក៏គេឈប់សម្រាកដែរ អរគុណចំពោះការផ្ដល់ព័ត៌មានជូន»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ចំពោះបញ្ហាទាក់ទងនឹងចរន្តអគ្គិសនីណាមួយដែលកើតឡើងនៅក្នុងរោងចក្រ វាគឺជាការទទួលខុសត្រូវរបស់ខាងនិយោជក ហើយខាងនិយោជកត្រូវតែគិតប្រាក់ឈ្នួលឱ្យទៅកម្មករឱ្យបានគ្រប់ចំនួន និងមិនគួរប្រើលេសឬការគំរាមកំហែងណាមួយឡើយ។

លោកបន្ថែមថា៖ «បើតាមច្បាប់ការងារ ខាងនិយោជកត្រូវគិតលុយ១០០ភាគរយទៅឱ្យខាងកម្មករ។ ហើយបើគាត់និយាយថា អ្នកណាតវ៉ានឹងផ្ដាច់កិច្ចសន្យា អាចនឹងកាន់តែខុសច្បាប់ទៅទៀត ក្រុមហ៊ុនមានចេតនាកេងប្រវ័ញ្ចទៅលើកម្មករហើយ»។  

លោក អាត់ ធន់ លើកឡើងទៀតថា កម្មករអាចរាយការណ៍ករណីនេះទៅសហជីព ឬទៅគណៈកម្មការដោះស្រាយវិវាទ ឬមន្ទីរការងារខេត្តបាន ដើម្បីជួយរកដំណោះស្រាយ៕


ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួន វុត្ថា

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។