អត្ថបទ​ទស្សនៈ​៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល

លោក ប៉ា ចន្ទរឿន សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា និង ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍ និងសីលធម៌កម្ពុជា។

ដោយសង្កេតឃើញជាទូទៅ​ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម​ ឬក៏ “ប្រសិទ្ធភាព”​ ដោយមនុស្សមួយក្រុមទៀត។​ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ ​(“ក្រមសីលធម៌” និង ​”ប្រសិទ្ធភាព”​) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។

អត្ថបទនេះបកស្រាយពីគុណសម្បត្តិរបស់មេដឹកនាំល្អ ដោយផ្អែកលើទិដ្ឋភាពទស្សនវិជ្ជាឬទ្រឹស្ដីនយោបាយរបស់អ្នកប្រាជ្ញឥណ្ឌាបុរាណ និងអ៊ីតាលីបុនសម័យ (renaissance) និងទ្រឹស្តីមគ្គទេសក៍នយោបាយសម័យទំនើប។

បញ្ហា​មួយក្នុងចំណោមបញ្ហាដទៃទៀតក្នុងការកំណត់អត្តសញ្ញាណថាតើមេដឹកនាំមួយល្អឬអាក្រក់​ គឺទាក់ទិនការប្រើប្រាស់ពាក្យថា“ល្អ”

ពាក្យ​ល្អនេះ​ជួនកាលប្រើប្រាស់ក្នុងន័យ ក្រមសីលធម៌​ និងជួនកាលប្រើប្រាស់ក្នុងន័យ ប្រសិទ្ធភាព។ យោងតាមទ្រឹស្តីភាពជាអ្នកដឹកនាំខ្លះ​ បានឱ្យនិយមន័យនៃភាពជាអ្នកដឹកនាំល្អ ជាមេដឹកនាំទាំងឡាយណាដែលបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ក្រុម។​

ដូច្នេះ​ តាមនិយមន័យ​ ភាពជាអ្នកដឹកនាំត្រូវមានសីលធម៌។​ ក្នុងន័យនេះ​ មេដឹកនាំដូចជា ហ៊ីត្លែរ ឬ ប៉ុល ពត មិនមែនជាមេដឹកនាំនោះទេ​ គ្រាន់តែជាអ្នកកាន់អំណាចតែប៉ុណ្ណោះ​។​ ផ្ទុយមកវិញ កាំបិតល្អជាកាំបិតដែលកាប់​ ចាក់​ កាត់ យ៉ាងមុតស្រួច មិនគិតថាតើវាប្រើក្នុងមធ្យោបាយសុចរិតឬទុច្ចរិតនោះទេ​ គឺផ្ដោតលើប្រសិទ្ធភាព។​ ក្នុងន័យនេះ វាហាក់ឆ្លើយតបនឹងទ្រឹស្តីភាពជាអ្នកដឹកនាំ ដែលថា​មេដឹកនាំល្អជាមេដឹកនាំដែលជួយក្រុមបង្កើតនិងសម្រេចបានលទ្ធផលយ៉ាងមានប្រសិទ្ធភាព​ មិនថាដើម្បីគោលបំណងល្អឬអាក្រក់នោះទេ​។​

ដូច្នេះ​ ហ៊ីត្លែរ និងប៉ុល ពត គឺជាមេដឹកនាំបែបប្រសិទ្ធភាព ជាមួយគោលបំណងអាក្រក់ខាងសីលធម៌នៃការកាន់អំណាចរបស់ខ្លួន។​ ចុងបញ្ចប់ លោកទាំងពីរក្លាយជាមេដឹកនាំអាក្រក់ ទាំងក្នុងន័យសីលធម៌និងប្រសិទ្ធភាព​ ពីព្រោះពួក​គេបាននាំប្រទេសរបស់ពួកគេទៅកាន់នរកនៃគ្រោះមហន្តរាយ។

ស្រដៀងគ្នានេះដែរ នៅក្នុងទិដ្ឋភាពទស្សនវិជ្ជានយោបាយទាំងសម្រាប់អ្នកប្រាជ្ញឥណ្ឌាបុរាណសម័យ លោក ​កៅឌីល្យៈ (Kautilya) និងអ៊ីតាលី លោក ម៉ាគីវេល្លី (Machiavelli) វាយតម្លៃគុណសម្បត្តិមេដឹកនាំផ្អែកលើលទ្ធផល ដោយមិនខ្វល់ពីមធ្យោបាយនោះឡើយ មានន័យថា គោលការណ៍សីលធម៌នយោបាយសម្រាប់លោកទាំងពីរ គឺហ៊ានប្រព្រឹត្តមធ្យោបាយអសីលធម៌ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយធម៌។ ប៉ុន្តែយ៉ាងណា នៅក្នុងសង្គមទំនើបនៃសកលភាវូបនីយកម្ម ដែលបើកលទ្ធភាពឱ្យពលរដ្ឋទទួលបានចំណេះដឹងទំនើបនិងគ្រប់ជ្រុងជ្រោយ គុណសម្បត្តិរបស់មេដឹកនាំគួរត្រូវបានវិនិច្ឆយដោយផ្អែកលើមធ្យោបាយដែលប្រកបដោយធម៌និងទទួលបានលទ្ធផលប្រកបដោយធម៌ ហើយលើកកម្ពស់យុត្តិធម៌សង្គម សុខុមាលភាពសាធារណៈ និងប្រយោជន៍របស់ជាតិទាំងមូល។

ឧទាហរណ៍ នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យអង្គរ ព្រះមហាក្សត្រដែលល្បីឈ្មោះទាំងឡាយក្នុងចក្រភពខ្មែរ តែងតែយកព្រះទ័យទុកដាក់ដល់ការគ្រប់គ្រងប្រកបដោយធម៌ ក្នុងនោះព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេចាត់ទុកថាជាមហាក្សត្រដែលបានរៀបចំប្រព័ន្ធសុខុមាលភាពសង្គមមុនគេ។ ទស្សនវិជ្ជាដឹកនាំ “ទុក្ខរបស់រាស្ត្រ ជាទុក្ខរបស់ក្សត្រ” ត្រូវបានចារនៅក្នុងសិលាចរិកដែលបង្ហាញពីព្រះទ័យឈឺឆ្អាលដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះប្រជារាស្ត្រ​។ ក្នុងន័យនេះ សុភមង្គលរបស់រាស្ត្រជាសុភមង្គលរបស់មេដឹកនាំ ហើយផលប្រយោជន៍របស់ពលរដ្ឋជាផលប្រយោជន៍របស់មេដឹកនាំដែរ។

នៅក្នុងទ្រឹស្តីមគ្គទេសក៍នយោបាយទំនើប ក្នុងការវិនិច្ឆយមេដឹកនាំល្អ គេវាស់វែងលើវិមាត្របីយ៉ាង​គឺ ចេតនា មធ្យោបាយ​ និងលទ្ធផល​។​ ចេតនា​ នៅត្រង់នេះចេញចាកឆ្ងាយពីគោលបំណង​ ត្រង់​ថា វារួមបញ្ចូលទាំងគុណតម្លៃដែលបានចែង​និងចលករផ្ទាល់ខ្លួន​ ជាពិសេសពេលខ្លះមេដឹកនាំបង្ហាញពីគោលបំណងដ៏មានតម្លៃនិងដ៏ប្រសើរថ្លៃថ្នូរ​ ប៉ុន្តែដើម្បីចលករផ្ទាល់ខ្លួន​ ដូចជា ផលប្រយោជន៍ផ្ទាល់ខ្លួននិងអាត្មា​និយម អាចធ្វើឱ្យពុករលួយគោលបំណងទាំងនោះ។​ ពេលខ្លះ ចេតនាល្អ​អាចនាំឱ្យ​មានផលវិបាកសីលធម៌ដ៏មហន្តរាយផងដែរ ដោយសារភាពអហិង្សា អសកម្ម និងខ្វះប្រសិទ្ធភាពរបស់មេដឹកនាំ។​

មធ្យោបាយ​ (means) សំដៅដល់ប្រសិទ្ធភាពដើម្បីសម្រេចបានគោលបំណង​ ប៉ុន្តែមធ្យោបាយត្រូវប្រកបដោយធម៌ (ethical means)​ ត្រូវ​ពឹងអាស្រ័យលើគុណវុឌ្ឍិ​ និងភាពស័ក្តិសិទ្ធិ​ឬប្រសិទ្ធផល (efficacy)។

លទ្ធផល សំដៅដល់ប្រសិទ្ធភាពនៃការសម្រេចគោលបំណង​ ហើយលទ្ធផលបែបសីលធម៌មានផលល្អសម្រាប់ខ្លួនជាមេដឹកនាំផង​ និងសង្គមជារួមផង។

ក្នុងន័យនេះ មេដឹកនាំល្អមិនត្រឹមតែដឹកនាំក្រុមឱ្យសម្រេចបានលទ្ធផលសម្រាប់ក្រុមខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ផលប្រយោជន៍មហាជនទូទៅផងដែរ។

សរុបមក​ មធ្យោបាយ​សីលធម៌​ (ethical means) ​លទ្ធផល​ប្រកបដោយធម៌ (ethical consequence)​ រួមផ្សំ​ចេតនាល្អ​ (good intention) ជាវិមាត្រប្រើប្រាស់សម្រាប់វាស់វែងគុណភាពរបស់មេដឹកនាំល្អក្នុងនយោបាយទំនើប៕


រៀបរៀងដោយ៖ បណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
សូមបញ្ជាក់ថា ខ្លឹមសារអត្ថបទទាំងស្រុងមិនឆ្លុះបញ្ចាំងពីគោលជំហរឬ ទស្សនៈរបស់ វីអូឌី ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ