មន្ត្រី​រដ្ឋា​ភិបាល​ថា​សារ​លោក​ សម​ រង្ស៊ី​ គ្មាន​ឥទ្ធិពល​អូស​ទាញ​ពលរដ្ឋ​ឱ្យ​ប្រឆាំង​រដ្ឋា​ភិបាល​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សាររបស់លោក សម រង្ស៊ី ប្រធាន​អតីតគណ​បក្សសង្គ្រោះជាតិ គ្មានឥទ្ធិពល​អូសទាញដល់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អំពាវនាវជាថ្មីទៀតឱ្យកងកម្លាំងនិងប្រជាពលរដ្ឋ ប្រឆាំង​រដ្ឋាភិ​បាល ក្រោមហេតុផលថា ដើម្បីទប់ស្កាត់អំពើពុករលួយ អយុត្តិធម៌សង្គម និងរៀបចំប្រទេសឡើងវិញ ដើម្បី​ឱ្យពលរដ្ឋ​ទទួលបា​ននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ 

តាមរយៈសេចក្ដីថ្លែងការណ៍​ចុះថ្ងៃទី៥ ខែតុលានេះ មេដឹកនាំ​អតីត​គណបក្សស​ង្គ្រោះជា​តិ លោក សម រង្ស៊ី បាន​លើកឡើង​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសមួយ​នៅទ្វីបអឺរ៉ុប (ប្រទេសសាយប្រឺ / Cyprus) ដើម្បីរត់ចោលប្រជាពលរដ្ឋ។

សេចក្ដីថ្លែងការណ៍លោកសម រង្ស៊ី បន្តថា​៖ «[លោក] ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា របបផ្ដាច់​ការ ពុករលួយ និង​ក្បត់ជាតិ​របស់​គាត់​ ចូលមកដល់ទីបញ្ចប់របស់វាហើយ​ ដែលជាហេតុធ្វើឱ្យគាត់​ត្រៀម​លក្ខណៈរត់ចេញពីប្រទេសកម្ពុជាទៅរកកន្លែងសុវត្ថិភាព និងចាយលុយពុករលួយរាប់ពាន់លានដុល្លារជាមួយក្រុមគ្រួសារគាត់​នៅ​ឯបរទេស។ ប្រជាពលរដ្ឋ រួមទាំងកម្លាំងប្រដាប់អាវុធត្រូវតែជំរុញឱ្យ [លោកនាយករដ្ឋមន្ត្រី] ហ៊ុន សែន ដួល​រលំកាន់តែឆាប់កាន់តែល្អ ដើម្បីចៀសវាងកុំឱ្យបុគ្គលនិងក្រុមគ្រួសារគាត់អាចលួចក្រាញអំណាច ដោយភូតភរនិងបោកប្រាស់បញ្ឆោតរាស្រ្តដូចពួកគេធ្វើបច្ចុប្បន្ន»។

ប៉ុន្តែប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី០៦ ខែតុលានេះ​ថា រដ្ឋាភិបាល​មិនឆ្លើយឆ្លងជាមួយអតីតបក្សប្រឆាំងទៀត​ទេ ដោយថា សម្រាប់លោក សម រង្ស៊ី តុលាការបានសម្រេចផ្ដន្ទាទោសរួចហើយ បើសិនជាលោកចូលកម្ពុជា សមត្ថកិច្ចនឹងចាប់ខ្លួន។ លោកចាត់ទុកសាររបស់លោក សម រង្ស៊ី ថាគ្មានឥទ្ធិពលអ្វី​ដើម្បីអូសទាញដល់ប្រជាពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលឡើយ។

លោកថា៖ «គាត់គ្មានឥទ្ធិពលមកបំបះបំបោល ពីព្រោះស្អីដដែល ​​សកម្មភាពដែលជា​សេចក្ដីប៉ងប្រាថ្នានៃទិសដៅគាត់ដដែល​​ពីដដែល ជាមួយ៩វិច្ឆិកា [គម្រោងចូលប្រទេសរបស់លោក សម រង្ស៊ី] ដូច្នេះ​គ្មានន័យអីទេ ពីព្រោះកម្ពុជាបានអនុម័ត​ទាំងអស់គ្នា ជាចរិតនយោបាយរបស់កម្ពុជាដែលប្រជាពលរដ្ឋលោកអនុវត្ត គឺការបោះឆ្នោតរវាង៥ឆ្នាំម្ដង។ ការបោះឆ្នោតទៀងទាត់តាមអ្វីដែលយើងរៀបចំរួចស្រេចអស់ហើយ ដូច្នេះគ្មានអ្វីកែប្រែនោះទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហាក់​​ឆ្លើយ​តប​នឹង​លោក សម រង្ស៊ី ថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និង​បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ​ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ 

ចំពោះរឿងនេះ លោកបានប្រគល់ការងារឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

អ្នកវិភាគនយោយ លោក​បណ្ឌិត មាស នី ចាត់ទុកការ​លើកឡើងរបស់មេដឹកនាំគណបក្សនយោបាយ​ទាំងពីរ មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ និងមិនធ្វើឱ្យមានដំណោះស្រាយឈានទៅរកការផ្សះផ្សាជាតិដដែល។

លោក​ថា៖ «នយោបាយនេះជានយោបាយមួយធ្វើឱ្យមានភាពទាល់ច្រក​ក្នុងដំណោះស្រាយនយោបាយខ្មែរ​បច្ចុប្បន្ន ដោយសារមេដឹកនាំខ្មែរគាត់បានផ្ដោត​ការតតាំងប្រឈមគ្នា​តាមបែបបុគ្គលជាជាងការឈានទៅរកការបង្រួបបង្រួមជាតិ​​។ ដូច្នេះ ត្រង់ហ្នឹង ធ្វើឱ្យការផ្សះផ្សា​ជាតិពិបាកណាស់ បើសិនជាមេដឹកនាំខ្មែរយើងបង្ហាញនូវការយកឈ្មោះ​​ផ្ទាល់ខ្លួន ដើម្បីយកប្រៀបនយោបាយ​ជាមួយគ្នា»។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ​ចោល​ កាលពីថ្ងៃទី១​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខណៈអតីត​មន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិ ចំនួន១១៨​នាក់ ក៏ត្រូវបាន​តុលាការកំពូល​ដាក់​បម្រាម​មិន​ឱ្យ​ធ្វើនយោបាយ​រយៈ​ពេល​៥ឆ្នាំ។ តែបច្ចុប្បន្ន មានអតីត​​មន្ត្រីជាន់ខ្ពស់​បក្សសង្គ្រោះជាតិមួយចំនួន​ទទួលបាន​​សិទ្ធិធ្វើនយោបាយ​ឡើងវិញ ក្រោយពីដាក់ពាក្យស្នើសុំ។​​

ក្រោយពីគណបក្សនេះត្រូវបានរំលាយនោះ អតីតសកម្មជនគណបក្សសង្រ្គោះជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ដែលពួកគេទាំងនោះត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាដើម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ