វិភាគ៖​ តើ​ស្នាម​របួស​កម្ពុជា​បង្ក​ឡើង​ពី​បញ្ហា​សញ្ជាតិ​ច្រើន​ឬ​យ៉ាងណា?

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

សង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាថ្មីទៀត​នៅដើមខែតុលានេះ រវាងមេដឹកនាំបក្សកាន់អំណាច និង​​មេដឹកនាំអតីត​​បក្សប្រឆាំង លោក សម រង្ស៊ី ពាក់ព័ន្ធទៅនឹងសារព័ត៌មានអន្តរជាតិមួយចុះផ្សាយថា លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិបរទេស។

ការ​នេះ លោក សម រង្ស៊ី អត្ថាធិប្បាយបន្ថែម​លើហ្វេសប៊ុករបស់​លោកថា ការទិញសញ្ជាតិបរទេស​នេះ ដោយសារ​​លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ត្រៀមជើងព្រួលគេចចេញពីកម្ពុជាក្នុងហេតុការណ៍ចាំបាច់ណាមួយ។

ប៉ុន្តែ​យ៉ាងណា សារព័ត៌មានដែលបានចុះផ្សាយនោះបានធ្វើការកែតម្រូវ​ឡើង​វិញ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានច្រានចោលទៅលើខ្លឹមសារដែលបានចុះផ្សាយ។

តែយ៉ាងណា កម្ដៅនេះបានរុញមេដឹកនាំកម្ពុជាស្នើ​កែ​​រ​ដ្ឋធម្មនុញ្ញ ដើម្បីកំណត់ «​សញ្ជាតិតែមួយ​គត់» ស​ម្រា​​ប់ឥស្សរជន៤រូបដែលកាន់មុខតំណែងនា​យ​ករ​ដ្ឋមន្ត្រី ប្រ​ធា​នរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ ខណៈលោក សម រង្ស៊ី មានសញ្ជាតិ២ ​រួមទាំង​សញ្ជាតិ​បារាំង។

ជម្រើសនេះ រដ្ឋាភិបាលបានបង្ហាញហេតុផលថា ដើម្បីពង្រឹងឧត្ដមគតិជាតិ និងទប់ស្កាត់ការជ្រៀតជ្រែ​ក​ពី​​សំណាក់បរទេស។

សេចក្ដីថ្លែងហេតុចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលលើកឡើងថា ការ​ស្នើ​ឱ្យមា​ន​ច្បាប់​កំណត់ស​ញ្ជា​​តិមេដឹកនាំកំពូលទាំង៤នេះ «ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងន​យោបា​យ ចំ​ពោះគោលជំហរនិ​​ង​ការប្ដេជ្ញាចិត្តស្មោះត្រង់​ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជន​ក​ម្ពុជាពីការជ្រៀ​តជ្រែកពីបរ​​ទេ​ស​»។

ជាការកត់សម្គាល់ វិបត្តិនយោបាយដែលបានអូសបន្លាយជាង៤ឆ្នាំមកនេះ ដែលសហភាពអឺរ៉ុបកាត់ផ្ដាច់​ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយ​ពីកម្ពុជា​មុន​ការ​កំណត់ និងតាម​ពី​ក្រោយ​ដោយវិធានការរបស់ស​ហ​រដ្ឋអាមេរិកឈានទៅបង្កកទ្រព្យសម្បត្តិឥស្សរជននយោបាយមួយចំនួន រួមទាំង​ប្រធាន​អង្គរក្ស​នាយករដ្ឋមន្ត្រីផងនោះ ក្រោមហេតុផលថា ធ្វើឱ្យខូចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

បន្ថែមពីនេះ សភាអាមេរិកបាន​អនុម័ត​​សេចក្ដីស្នើច្បាប់​ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជា​ឆ្នាំ២០​២១» ​(Cambodia Democracy Act of 2021) ឬ ច្បាប់ H.R 4686 ដែលច្បាប់នេះ សំដៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា និងកងសន្តិសុខ ដែ​ល​ជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់ដំណើរ​ការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា

បញ្ហាទាំងនេះបង្កើតជាចម្ងល់ថា តើស្នាមរបួសរបស់កម្ពុជា​បង្កឡើងពីបញ្ហាសញ្ជាតិ​ឬយ៉ាងណា?

ប្រធាន​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការ​ងារ និងសិទ្ធិ​មនុស្ស លោក មឿន តុលា មើលឃើញថា បញ្ហា​ប្រឈមរ​បស់កម្ពុជានាប៉ុន្មានឆ្នាំមក​នេះ មិនមែន​មកពីបញ្ហាសញ្ជាតិទេ តែដោយសារគេមើលឃើញថា ការប្រ​កួ​ត​អំណាចនៅកម្ពុជាបានងាកចេញពីគន្លងប្រជាធិបតេយ្យ មិនអនុលោម​ទៅតាមកិច្ចព្រមព្រៀង​ស​ន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា

បញ្ហានេះ លោ​ក មឿន តុលា យល់ថា ក្នុងសង្គមប្រជាធិបតេយ្យ រឿងដែលសំខាន់គឺបង្កើតប្រព័ន្ធទប់ស្កាត់ការរំលោភអំណាច និង​ធានាការផ្ទេរអំណាចដោយសន្តិវិធី ទើបអាចការពារប្រ​យោជន៍ជាតិបាន។

លោកថា៖ «ក្បត់ជាតិឬមិនក្បត់នេះ សម្រាប់ការយល់ឃើញរបស់ខ្ញុំ មិនសំខាន់ទៅលើមេដឹកនាំមានសញ្ជាតិ១ ឬលើសពី​១​ទេ សំខាន់យើងមានយន្តការក្នុងការទប់មេដឹកនាំហ្នឹងកុំឱ្យរំលោភអំណាចខ្លួនដែរអត់! ដូចជា​ ឯករាជ្យភាពនៃរដ្ឋសភា ឯករាជ្យភាពរដ្ឋាភិបាល ឯករាជ្យភាពនៃប្រព័ន្ធតុលាការ បើសិនជាមេដឹកនាំណាមួយគាត់រំលោភអំណាច គាត់ចំណុះឱ្យជនបរទេស តើមានយន្តការមួយអាច​ឱ្យ​ពលរដ្ឋ​​បោះ​ឆ្នោតទម្លាក់ដែរអត់»។

លោក តុលា យល់ថា ការធ្វើច្បាប់នេះហាក់ចងមនុស្សមួយក្រុ​ម​ទៀតមិនឱ្យក្លាយជាមេដឹកនាំបាន បើទោះពួកគេមានសមត្ថភាពនិងស្មោះត្រង់នឹងជាតិក៏ដោយ ដែលក្នុងនោះមានទាំងមន្ត្រីបក្សកាន់អំ​ណាច​​ផង​ដែរ ដែលការ​នេះ ​លោកថា ហាក់ផ្ទុយទៅ​នឹងស្មារតីបង្រួបបង្រួមជាតិដូចមានចារ​ក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ។

ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើង​ថា មនសិការ​ជាតិ មិនសំខា​ន់ទៅលើការធ្វើច្បាប់កំណត់ស​ញ្ជា​តិទេ សំខាន់នៅ​ត្រង់ឆន្ទៈនិង​មាន​ប្រព័ន្ធត្រួតពិនិត្យអំណាចនៃ​សសរស្ដម្ភ​ទាំងអស់​របស់​ជាតិ។

លោក ពិសី ផ្ដល់​ជាយោបល់​ថា អ្នកនយោបាយខ្មែរគួរដល់ពេលរួមគ្នាដោះស្រាយបញ្ហាជាតិ ជាជាង ទម្លាក់​កំហុស​ដាក់​បរទេស ខណៈមហាអំណាចកំពុងប្រកួតគ្នាក្នុងតំបន់​អាស៊ី

លោកថា៖ «មកដល់ចំណុច​នេះ ខ្ញុំមានការបារម្ភខ្លាំងណាស់រឿងការប្រទាញប្រទង់​គ្នា ហើយអា​ច​លទ្ធភាព​ឈ្លោះគ្នាក្នុងរយៈពេល៥ឆ្នាំទៅមុខ នៅក្នុងតំបន់យើងហ្នឹង។ ហើយបើយើងមិនមានជំហររឹងមាំ គ្មានជំហរ​ឯកភាពជាតិទេ ជាពិសេសការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ដៃគូបដិបក្ខហ្នឹង គេងាយស្រួល​​ក្នុងការជ្រៀតចូលណាស់ ព្រោះធម្មតា ព្រោះបើកាលណាយើងឈ្លោះគ្នា គេចាប់តែម្ខាងទៅ គេអាចមាន​ឱកាសជ្រៀតចូលកិច្ចការរបស់យើងបានហើយ អាហ្នឹងជាទូទៅ»។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រមួយរូបសុំមិនបង្ហាញឈ្មោះ មានប្រសាសន៍​ថា ស្នាមរបួសរបស់កម្ពុជាចាប់តាំង​ពី​សម័​​យ​ដើមរហូតមកដល់​បច្ចុប្បន្ន បង្កឡើងដោយ​ឥស្សរជន​នយោបាយ​ខ្មែរដែល​មាន​សញ្ជាតិតែ​មួយ។

លោកបានគូសបញ្ជាក់ថា តាំងពីសម័យដើម​មក មេដឹកនាំខ្មែរជាជនជាតិខ្មែរ វាលើកលែងតែរឿងព្រេងសម័យយូរលង់ណាស់មកហើយ ដែលមានជនជាតិឥណ្ឌាមកដណ្ដើមអំណាច។

ដោយឡែក លោក​ថា ព្យុះ​នយោបាយដែលបានបង្កជាសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃចាប់ពីឆ្នាំ១៩៧០ រ​ហូ​តដល់​ឆ្នាំ​​១​៩​​៧​៩ បង្កឡើងដោយអ្នកនយោបាយខ្មែរមានសញ្ជាតិតែមួយ។

លោកថា៖ «ហេតុដូច្នេះ ដែលយើងមានការព្រួយបារម្ភថា អ្នកមានសញ្ជាតិពីរអាចធ្វើឱ្យជាតិលិចលង់ ធ្វើឱ្យជាតិ​វិនាសហ្នឹង យើងមិនទាន់ឃើញមាននៅឡើយទេ ភាគច្រើនអ្នកដែលបង្កបញ្ហាក្នុងប្រវត្តិ​សាស្ត្រ​របស់​យើង ក្នុងពេលថ្មីៗនេះ សុទ្ធសឹងតែអ្នកមានសញ្ជាតិតែមួយ ខ្មែរតែមួយ​ ដែលគាត់បានធ្វើ»។

សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះពន្យល់ទៀតថា ជនជាតិខ្មែរចាប់ផ្ដើមមានសញ្ជាតិពីរ គឺក្រោយកម្ពុជាមា​នជម្លោះផ្ទៃក្នុង ខណៈពេលនោះ ពលរដ្ឋខ្មែរខ្លះបានភៀសខ្លួនទៅរស់នៅឯបរទេស ហើយភាគច្រើនបានសិ​ក្សា​រៀនសូត្របានខ្ពង់ខ្ពស់។

លោកយល់ថា ច្បាប់នេះក៏បានបិទខ្ទប់ធនធានមនុស្សល្អៗនេះដែរ ក្នុងការចូលរួមចំណែកសម្រេចកិច្ចការប្រទេសជាតិ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះ។

បន្ថែម​ពីនេះ លោកថា ពលរដ្ឋ​ខ្មែរដែល​មាន​សញ្ជាតិ​បរទេសក៏បា​នចួលរួមចំណែកដោះស្រាយ​បញ្ហាជាតិ​ផងដែ​រនាពេលកន្លងទៅ ដែលថា បានជួយស្រែកបំពងសំឡេងពីក្រៅ​ប្រទេស រហូត​មាន​កិច្ច​ព្រមព្រៀង​ស​ន្តិភាព​ទីក្រុងប៉ារីស ដែលធ្វើឱ្យកម្ពុជាឈានទៅបញ្ចប់ជម្លោះប្រដាប់អាវុធ ហើយកងទ័ពវៀតណាមស​​ម្រេ​ចដកចេញពីកម្ពុជាវិញដែរ។

យ៉ាងណា សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះយល់ថា ការធ្វើច្បាប់នេះជាអាវុធមុខពីរសម្រាប់រដ្ឋាភិបាល ដែលទី១ រដ្ឋាភិបាលអាចទប់ស្កាត់មនុស្សមួយក្រុមមិនឱ្យឡើងមកកាន់​តំណែងជា​ថ្នាក់​ដឹក​នាំ​កំពូលបាន។ ចំណែក​ អាវុធមួយទៀតដែល​ជាគ្រោះថ្នាក់​សម្រាប់រដ្ឋាភិបាលនោះ គឺនៅពេលដែលប្រទេសជិតខាងណាមួយចង់​​ប្រតិដ្ឋ ដោយ​បង្ហាញលិខិតឆ្លងដែនឬអត្តសញ្ញាណបណ្ណ ដោយគ្រាន់តែដាក់ឈ្មោះមេដឹកនាំ​កម្ពុជាឬក្រុមគ្រួសារពួក​គេ ពេលនោះចលាចលនយោបាយនៅកម្ពុជានឹងកើតឡើង។

សាស្ត្រាចារ្យរូបនោះពន្យល់ថា ផ្អែកតាមប្រវត្តិ​សាស្រ្ត ប្រ​ទេ​សជិ​តខាងមានវៀតណាម និងថៃ ជាដើម មិនដែលទុកឱ្យកម្ពុជាមានសន្តិភាពលើសពី២០ឆ្នាំទេ ចាប់ពីសតវត្សរ៍ទី១៧មក។

លោកថា៖ «យើងឃើញហើយថា រដ្ឋាភិបាលទើបនឹងមានសន្តិភាពមិនទាន់បាន១០ឆ្នាំស្រួល​បួលផង​ សៀមបាន​បង្ក​ហេតុតា​ម​ព្រំដែន​រួច​ស្រេច​ទៅ​ហើយ ដូចជា​ ការទាមទារយកប្រាសាទព្រះវិហារ ប្រាសាទ​តាក្របី ប្រាសាទតាមាន់ធំ នៅតាមព្រំដែន ហើយបង្កជាសង្គ្រាមយ៉ាងរង្គាល​អស់​មួយ​រយៈ​ខ្លីហើយ»៕


អត្ថបទទាក់ទង

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

បទ​វិភាគ​៖​ តើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ពិត​ជា​ពឹង​ផ្អែក​ទៅ​លើ​ចិន​តែ​មួយ​ឬ​យ៉ាង​ណា?

«បើមិនឱ្យ​ខ្ញុំពឹងចិន តើឱ្យ​ខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?» នេះជាប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានលើកឡើងជាថ្មីទៀតនៅចំពោះមុខទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ​ក្នុងពិធីប្រគល់និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ