ក្រសួង​សុខាភិបាល​អំពាវនាវ​ឱ្យ​ក្រុម​មនុស្ស​ដែល​មាន​ហានិភ័យ​សុខភាព​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​កូវីដ-១៩

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួងសុខាភិបាលបានអំពាវនាវនៅថ្ងៃនេះ ឱ្យប្រជាពលរដ្ឋជាក្រុមមនុស្សមានហានិភ័យសុខភាពឬក្រុមមនុស្សវ័យចំណាស់ ឱ្យទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈក្រសួងបានរកឃើញថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនអត់ទាន់បានចាក់វ៉ាក់សាំង។

ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ទាំងនោះ រួមមាន ក្រុមមនុស្សវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ អ្នកមានជំងឺប្រចាំកាយ និងអ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ ក្នុងរយៈពេលចាប់ពី៤ខែឡើងទៅជាដើម។

យោងតាមសេចក្ដីជូនព័ត៌មានបន្ថែមរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែតុលានេះ បានបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋនិងកុមារដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩បានយ៉ាងច្រើន។ ហើយក្នុងចំណោមនោះ ក៏មានមនុស្សចាស់ដែលមានអាយុលើសពី១០០ឆ្នាំ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសុវត្ថិភាពផងដែរ។

តាមរយៈសេចក្ដីជូនដំណឹងនេះ ក្រសួងបានរម្លឹកថា ចំពោះអ្នកជំងឺកូវីដ-១៩ដែលបានស្លាប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩នៅឡើយ។ ដូច្នេះ ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយអត្រាស្លាប់ដែលបណ្ដលមកពីជំងឺកូវីដ-១៩នេះ ក្រសួងបានអំពាវនាវឱ្យក្រុមគោលដៅខាងលើនេះទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

គិតត្រឹមថ្ងៃទី១៨ ខែតុលា ម្សិលមិញ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន២ ៦៨១នាក់ បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ ចំនួន១១នាក់ទៀតបានស្លាប់ ហើយក្នុងចំណោម១១នាក់នោះ ៨នាក់មិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ