ស្នងការ​ខេត្ដ​សៀមរាប នឹង​ស៊ើប​អង្កេត​លើ​បណ្ដឹង​អនាមិក​ដែល​ចោទ​អធិការ​ស្រុក​ម្នាក់​រឿង​ពុក​រលួយ

ទិដ្ឋភាពីមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប-Siem Reap Provincial Police)

ស្នងការនគរបាលខេត្ដសៀមរាប នឹង​ឱ្យ​ក្រុមការងារចុះស៊ើបអង្កេតពាក់ព័ន្ធនឹងការស្នើសុំឱ្យដកតំណែងអធិការនគរបាលស្រុក​ប្រាសាទបាគង​ ក្រោម​ការ​ចោទ​​​ថាបាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ និងបក្ខពួកនិយម រួមទាំងធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងជាដើម។

ស្នងការ​នគរបាលខេត្ដសៀមរាប លោក តេង ច័ន្ទណាត ប្រាប់ វីអូឌី ​នៅថ្ងៃពុធនេះថា រូ​ប​លោកបាន​ឃើញនិងទទួលបណ្ដឹងអនាមិកមួយ​ដែលស្នើសុំដកអធិការស្រុកបា្រសាទបាគង លោក លឹម សម្បត្តិ ហើយ។ លោកបន្តថា ខាងស្នងការនឹងឱ្យអធិការស្រុក​រូបនោះបំភ្លឺ និងចុះស៊ើបអង្កេត​បន្ថែម​ទៀត ពាក់ព័ន្ធ​រឿងនេះ។

លោកថា៖ «លិខិតអនាមិកហ្នឹង ខ្ញុំមិនបានទទួលទេ តែខ្ញុំបានពីអ្នកសារព័ត៌មានគេបាញ់ឱ្យខ្ញុំវិញ។ ទាក់ទងនឹងបញ្ហាហ្នឹង យើងឱ្យអធិការធ្វើសេចក្ដីបំភ្លឺមកស្នងការដ្ឋាន ហើយយើងបង្កើតក្រុមការងារចុះស្រាវជ្រាវទៀត។ បន្ទាប់ពីមានព័ត៌មានម៉េច អាហ្នឹងយើងនឹងវាយតម្លៃ ព្រោះយើង​មានគណៈកម្មការវិន័យរបស់យើង ហើយយើងមើលស្ថានភាពហ្នឹងម៉េចដែរ»

ការសម្រេចបង្កើតក្រុមការងារឱ្យចុះស៊ើបអង្កេតនេះ បានធ្វើឡើង​ក្រោយពីស្នងការ​ខេត្ត​​​បាន​ទទួល​​​លិខិត​អនាមិកមួយដែលអះអាងថា ជាមន្ត្រីនគរបាល និងជាប្រជាពលរដ្ឋនៅស្រុកបា្រសាទបាគង ប្ដឹង​អធិការនគរបាលស្រុកបា្រសាទបាគង លោក លឹម សម្បត្តិ។ ក្នុងពាក្យបណ្ដឹងអនាមិក​ដែលអមដោយស្នាមមេដៃទាំងនោះបានស្នើទៅស្នងការនគរបាលខេត្ដសៀមរាប ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដកតំណែងនិងផ្លាស់ប្ដូរតួនាទីអធិការនគរបាលស្រុកប្រាសាទបាគង ចេញពីតំណែង។

ពាក្យបណ្ដឹងនោះបានចោទប្រកាន់​​ថា ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ២០១៩មក ​អធិការនគរបាលស្រុករូបនោះបានធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង បក្ខពួកនិយម និងប្រព្រឹត្ត​​អំពើពុករលួយជាដើម។ លើសនេះ អំពើចោរកម្ម ឆក់ប្លន់ និងទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ បានកើត​មាន​ឡើង​ពេញ​ស្រុក ប៉ុន្តែអធិការរូបនេះមិនយកចិត្តទុកដឹកនាំរៀបចំផែនការចុះបង្ក្រាប​នោះ​ទេ ហើយ​បើនៅពេលចុះបង្ក្រាប​កន្លែង​ល្បែង​ស៊ីសង​វិញ លោក​តែងតែជំរិតទារប្រាក់ពីជនល្មើសពី២០០​ដុល្លារទៅ៣០០ដុល្លារក្នុង​ម្នាក់ ដើម្បីជាថ្នូរនឹងការដោះលែងដោយមិនបញ្ជូនសំណុំរឿងទៅតុលាការ។

បើតាមពាក្យបណ្ដឹងដដែលបានរម្លឹកថា កាលពីពេលកន្លងមក លោក លឹម សម្បត្តិ បាន​កោះហៅ​មេប៉ុស្តិ៍ទាំង៩​នាក់នៅក្នុងស្រុកបា្រសាទគង ទៅ​ប្រជុំ ដើម្បី​យកប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពចំនួន៥០​ម៉ឺនរៀលក្នុងមួយប៉ុស្តិ៍ ខណៈការដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ ក៏តម្រូវឱ្យមួយប៉ុស្តិ៍ត្រូវបង់ប្រាក់១០០​ដុល្លារ ក្នុងនោះ អធិការរង​ទទួលផ្នែកខ្លះ ត្រូវបង់៥០ទៅ១០០ដុល្លារជាកំហិត។

ពាក្យ​បណ្ដឹងដដែលនោះបន្តទៀតថា ចំណែកអាយកូមប្រភេទអង់តែនដែលកំពុងដំឡើង បើសិនជាពួកគាត់ចង់ប្រើប្រាស់នោះ ត្រូវទិញតាមរយៈលោក លឹម សម្បត្តិ ដែលមានតម្លៃ២២ដុល្លារ ទើបអធិការនគរបាលស្រុករូបនេះអនុញ្ញាតឱ្យប្រើ។ មួយវិញទៀត សម្រាប់មេឃុំទាំងអស់ដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ត្រូវតែទិញវិទ្យុទាក់ទងក្នុងតម្លៃ៥០ដុល្លារ ដែលតម្លៃនេះខ្ពស់ជាងតម្លៃនៅលើទីផ្សារ។

ពលរដ្ឋម្នាក់រស់នៅស្រុកប្រាសាទបាគង ដែល​​សុំមិនបញ្ចេញឈ្មោះ បានអះអាងថា កន្លងមក ពួកគាត់បាននាំគ្នាលេងល្បែងកូនត្រីក្នុងរដូវបុណ្យចូលឆ្នាំ ត្រូវបានអធិការនគរបាលស្រុកប្រាសាទបាគង បានចុះចាប់ និងបានតម្រូវឱ្យពួកគាត់បង់ប្រាក់ប្រមាណជា១០ ០០០ ០០០រៀល។

លោកថា៖ «ខ្ញុំលេង ខ្ញុំខុសមែន បើតាមគំនិតខ្ញុំ បើគាត់គ្រាន់តែមកប្រាប់ថា “បងឯងលេងល្បែងអ៊ីចឹងខុសហើយ ​ជួយផ្អាក ឈប់លេងទៅ”​ ខ្ញុំនឹងឈប់ បង! ប៉ុន្តែអត់មានអ្នកណាមកប្រាប់ខ្ញុំទេ។ ប៉ូលិសប៉ុស្តិ៍ឃុំអត់ដែលមកប្រាប់ទេ ​ស្រាប់តែមកចាប់យកតែម្ដង»។​

វីអូឌី មិនអាចសុំការបកស្រាយពីអធិការនគរបាលស្រុកប្រាសាទបាគង លោក លឹម សម្បត្ដិ បានទេ ដោយទូរសព្ទចូល ប៉ុន្តែលោកថាច្រឡំលេខ។

លោកថា៖ «ខ្ញុំមិនមែនជាអធិការស្រុកអីទេ ខ្ញុំជាអ្នកចម្ការ ច្រឡំលេខហើយ»

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរម្លឹកឱ្យអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ ពិនិត្យ និងដោះស្រាយចំពោះលិខិតនិងពាក្យបណ្ដឹងអនាមិកនានា ដោយថា លិខិតនិងបណ្ដឹងមួយចំនួនជារឿងពិត។

លោកថា៖ «ពីមុន យើងចាត់ទុកលិខិតអនាមិកមិនយកជាការទេ ​ប៉ុន្តែឥលូវមានបញ្ហាជាច្រើន​ដែលអាចយកជាការបាន សំបុត្រអនាមិកហ្នឹង! ដោយសាររឿង វាពិតជាក់ស្ដែង។ អនាមិកមែន ប៉ុន្តែគ្នាមិនហ៊ានបញ្ចេញឈ្មោះ ខ្លាចសន្តិសុខ។ ​អ៊ីចឹងយើងត្រូវមើលបញ្ហាហ្នឹង​ ចរិតនៃបញ្ហា តើវាពិតឬមិនពិត! បើវាពិត​ដូចសំបុត្រអនាមិក គេថាត្រូវហើយ! បានន័យថា គេថាត្រូវហើយ! ខ្ញុំបានដោះស្រាយច្រើនណាស់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ