អាជ្ញាធរ​ខេត្តសៀមរាប​ដាក់​ឱសានវាទ​ឱ្យ​លោក ខឹម វាសនា រំសាយ​ការជួបជុំ​នៅ​មុន​ដំណាច់​ខែសីហា

ពលរដ្ឋរាប់ម៉ឺននាក់បានមកប្រមូលផ្ដុំគ្នា ស្នាក់នៅ​ក្រោម​ដំបូល​តង់កៅស៊ូ នាចម្ការម្រេច ក្បែរ​ជើង​ភ្នំគូលែន ខេត្តសៀមរាប តាមការ​អំពាវនាវ​លើ​បណ្ដាញសង្គមហ្វេសប៊ុករបស់លោក ខឹម វាសនា ដែលថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នឹងមានទឹកជំនន់លិចលង់ពិភពលោក។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប)

រដ្ឋបាលខេត្តសៀមរាបបានដាក់ចេញរួចហើយអំពីផែនការរំសាយការប្រមូលផ្ដុំ ដោយ​​ចាត់​​ទុកថា ការជួបជុំនេះគឺមិនបានការសហការណាមួយជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលនាំ​​ឱ្យ​​ការ​​ប្រមូលផ្ដុំនេះប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់ សន្តិសុខ បរិស្ថាន និងវិធានការបង្ការ និងទប់ស្កាត់​​ប្រ​​ឆាំង​​ជំ​​ងឺ​កូវីដ-១៩។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងនៅក្នុងសេចក្ដីជូន​​ដំណឹងរបស់​​រដ្ឋ​បាលខេត្ត កាលពីថ្ងៃទី២៩ ខែសីហា ថាអាជ្ញាធរបានស្នើឱ្យបញ្ឈប់ការប្រមូលផ្ដុំ និងរំសាយការជួប​​ជុំ​​នេះ ចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ ហើយរាល់សំណង់ដែលបានសាងសង់ ត្រូវដាក់ពាក្យ​​ស្នើសុំ​​អ​​នុ​ញ្ញាត​ពីអាជ្ញាធរមានសមត្ថកិច្ច។

គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ គេសង្កេតឃើញមានរូបថតជាច្រើនសន្លឹកនៅលើ​​បណ្ដាញសង្គម​ហ្វេ​​​ស​​​ប៊ុក និយាយពីការវេចបង្វេចចាកចេញរបស់ពលរដ្ឋ ពីទីតាំងប្រមូលផ្ដុំគ្នា ទៅលំនៅឋានវិញ​​ជា​​ប​​ណ្ដើរ​ៗ។

លោក ខឹម វាសនា បានអំពាវនាវកាលពីថ្ងៃទី២៥ ខែសីហា នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់​​លោ​ក​ថា នៅថ្ងៃទី៣០ ខែសីហានេះហើយ គឺជាថ្ងៃដែលពិភពលោក​​នឹងត្រូវលិចលង់ដោយ​​ទឹកជំ​​នន់​​​។ តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន សូម្បីទីក្រុងភ្នំពេញក៏ត្រូវវិនាសអន្តរាយដែរ។ ទីតាំងដែល​​អាច​​ជួយ​​​​សង្រ្គោះជីវិតមនុស្សបាន គឺមានតែនៅចម្ការម្រេចរបស់លោក ដែលស្ថិតក្នុងឃុំត្បែង ស្រុ​ក​​​​បន្ទាយស្រី ខេត្តសៀមរាប តែមួយគត់ ដែលអាចជួយស្រោចស្រង់សត្វលោកបាន ព្រោះលោក​គឺជា​​ព្រហ្ម​​ចុះមករក្សាមនុស្សលោក។

ស្នងការខេត្តសៀមរាប លោក តេង ច័ន្ទណាត បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា នៅពេលនេះ ​​អ្នក​​ប្រមូលផ្ដុំទើបបានចាកចេញពីចម្ការម្រេចរបស់លោក ខឹម វាសនា មួយចំនួនតូច។ បើតាមស្នងការរូបនេះ ទំនងការ​​វិល​​ត្រលប់​​ទៅ​​​​​​វិញរបស់ពួកគេអាចនឹងមានការយឺតយ៉ាវ។ នៅពេលសួរថាតើ ប្រសិនបើការរំសាយនេះមិន​​អនុ​​វត្ត​​ទៅតាមផែនការដែលដាក់ចេញដោយអាជ្ញាធរខេត្ត ពួកគេ ឬប្រធានគណបក្ស លោក ខឹម វាសនា ត្រូវ​​ប្រឈមមុខបែបណា លោកស្នងការឆ្លើយតបថា នៅចំពោះមុខនេះ គឺត្រូវរង់​​ចាំ​​ការសម្រេចបន្តទៀតពីភាគីពាក់ព័ន្ធទៀត។

លោកបន្តថា៖ «នៅទេ! អត់ទាន់ចេញអស់ទេ នៅមានខ្លះៗ។ រឿងនេះទាល់តែចាំគណៈបញ្ជាការឯក​​ភាព​​ខេត្ត លោកអ្នកសម្រេចរឿងហ្នឹង។ អូ!មានថយ[ជាង]ពីមុន ប្រហែលនៅសល់ត្រឹម​​១ម៉ឺន៥ពាន់នាក់​​អី​​ទេ​​»។

ដោយឡែក លោក សេក សុជាតិ ស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ការពន្យា​​រពេល​ទៅតាម​​ការ​​ស្នើសុំរបស់ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ វាអាចជាកិច្ចការដែល​​ស​​ម​ត្ថ​​​​កិច្ច​​​ធ្វើកា​​រ​​ដោ​​​​យ​ប្រយ័ត្នប្រយែង។ លោកបន្តថា ការធ្វើកិច្ចការ​ដោយភាពអត់ធ្មត់នេះ ទំនងជា​​ស​​ម​ត្ថ​កិច្ច​​មើល​​ឃើ​​​​ញ​​​​​​​​ពីការ​​​ប្រ​​ឈមមុខដាក់គ្នាក្នុងកម្រិតមួយខ្ពស់រួចទៅហើយ ព្រោះពួកគេ​​ជា​រួម ​​​​គឺជាអ្នក​​ដែ​​​ល​​​​​​​ជឿស៊ប់ទៅក្នុងជំនឿអរូបីច្រើនជាងគោលនយោបាយ។

លោកបន្តថា៖ «យើងមើលឃើញថា ជាការងារមួយដែលពួកគាត់ត្រូវធ្វើ ដើម្បីការពារកុំឱ្យមានចលនាណាមួយកើតឡើង នៅពេលដែលអាជ្ញាធរស្នើសុំឱ្យលោក ខឹម វាសនា ទៅកន្លែងសមត្ថកិច្ចអី​​អ៊ីចឹងទៅ។ ដូច្នេះហើយគេដឹងថា មនុស្សដែលទៅជួបជុំនៅចម្ការលោក ខឹម វាសនា គឺជាមនុស្ស​​ដែល​​​​ស្ដាប់បញ្ជា​​របស់លោក ខឹម វាសនា ខ្លាំងណាស់។ ដូច្នេះ នៅពេលដែលអាជ្ញាធ​​រចាត់វិធាន​ការ​​ទៅ​​លើ​​​​លោក ខឹម វាសនា ភ្លាមៗ ពេលនោះ អ្នកដែលទៅ​​​ជួបជុំនៅក្នុងចម្កា​ររបស់គាត់ ​​នឹងផ្ទុះ​​ការ​​តវ៉ា​​ធំ​​ ហើយកងកម្លាំងនៅខេត្តសៀមរាបមួយ គឺមិនអាចគ្រប់គ្រងសភាពការណ៍មនុស្សដែលមានចំនួនរាប់ពាន់នាក់នៅទីនោះបានភ្លាមទេ»។

លោក សេក សុជាតិ មានសុទិដ្ឋិនិយមថា ក្រោយការបញ្ចប់ផែនការនេះ ប្រធានគណ​​បក្ស​​សម្ព័ន្ធ​​ដើម្បីប្រ​​ជាធិបតេយ្យ អាចនឹងត្រូវសមត្ថកិច្ចកោះហៅ ដើម្បីសាកសួរបន្ថែម អំពីមូលហេតុ​​ដែ​ល​​​នាំ​​ឱ្យ​មានកម្លាំងមនុស្សប្រមូលផ្ដុំក្នុងទ្រង់ទ្រាយមួយដែលធំបែបនេះ។

សេចក្តីរាយការណ៍​​នានាពី​​សា​​រ​​ព័ត៌មាន​​ក្នុង​​​​​​ស្រុ​​ក​​​ដែលដកស្រង់សម្ដីពីអាជ្ញាធរ បង្ហាញថា គិតមកដល់ពេលនេះ អ្នកគាំទ្រ តាម​​ការ​អំពាវនាវរបស់ប្រធានគណបក្សសម្ព័ន្ធដើ​​ម្បី​​ប្រជា​​ធិប​​តេ​យ្យ​​រូប​​នេះ បានបន្តស្នាក់នៅលើដី​​ចម្កា​​រ​​​​​​​ម្រេច​​ជិតជើងភ្នំគូលេនរបស់លោក ខឹម វាសនា ប្រមាណ​​ជិត២​​ម៉ឺន​​នាក់។

បើតាមលោក សេក សុជាតិ លោកក៏ចង់ឃើញការអនុវត្តដូចគ្នានេះពីសំណាក់សមត្ថកិច្ចទៅលើ​​ក្រុម​​អ្នកនយោបាយបក្សជំទាស់ សកម្មជនការពារសិទ្ធិមនុស្ស យុវជនស្រឡាញ់បរិស្ថាន និងអ្នក​​ការពារ​​សិ​ទ្ធិ​​​ដីធ្លី ជាដើម តាមរយៈការសម្របសម្រួល ជាជាងចាត់វិធានការផ្លូវច្បាប់ ដូចជា ​​ចាប់​​ដាក់​​ពន្ធ​​នា​​គា​រ និង​​ប្រើប្រាស់អំពើហិង្សា ​​​​​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ