តំណាងបក្ស LDP ស្នើ​អាជ្ញាធរ​ខេត្តសៀមរាប​មាន​ចំណាត់ការ​លើ​ពលរដ្ឋ​ដែល​មិន​ព្រម​ចេញ​ពី​ដីចម្ការ​ខ្លួន

ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា ឈរនិយាយពន្យល់ធម៌ដល់អ្នកគាំទ្រខ្លួន ស្ថិតនៅចម្ការម្រេចរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Khem Veasna)

តំណាង​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ស្នើទៅ​អភិបាល​ខេត្ត​សៀម​រាបជួយ​អន្តរា​គមន៍ និង​​ចាត់​វិធាន​ការ​​ច្បាប់​ ​លើពលរដ្ឋ​ដែលបន្ត​ស្នាក់​នៅ​លើ​ដី​ចម្ការ​របស់​ខ្លួន​ចំនួន​២ទីតាំង នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយ​​ពលរដ្ឋទាំងនោះ​​​មិន​គោរព​តាម​ឱសាន​វាទ​របស់​ខេត្តដែល​​កំណត់​ឱ្យ​ចាកចេញ​ពីទីនោះ​ត្រឹម​​ល្ងាច​​ថ្ងៃ​​ទី​៥ ខែ​កញ្ញា​។

ក្នុង​លិខិត​របស់​លោក នី ចាន់ពិនិត្យ ដែល​ជាតំណាងរបស់គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បាន​ឱ្យដឹងកាល​ពី​ថ្ងៃទី​៦ ខែកញ្ញា​ម្សិលមិញ​ថា គណបក្ស LDP ​​បាន​ប្រារព្ធកម្មវិធីជួបជុំ​សមាជិក​គណបក្ស ស្ថិត​នៅបរិ​វេណ​​ចម្ការ​​ នៅ​ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីចុងខែសីហានេះ។

លោកបន្ត​ថា ក្រោយ​មក​ លោក​បាន​ធ្វើ​កិច្ច​សន្យា​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ដែលបានស្នាក់នៅក្នុងដីចម្ការរបស់​​ខ្លួន ​​ចំនួន​​​២​ទីតាំង ​ឱ្យ​ចាកចេញ​​ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ​រយៈ​ពេល​៥ថ្ងៃ ចាប់​ពី​ថ្ងៃទី១ ​​ដល់​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២២ ត្រឹមម៉ោង៥និង៣០​នាទីល្ងាច ប៉ុន្តែ​រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួន​ក្រៅពីក្រុម​ការងារគណបក្ស ពុំព្រមចាកចេញពីចម្ការរបស់ខ្លួនឡើយ។

ករណីនេះ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្នើ​ទៅ​អភិបាល​នៃ​គណៈអភិបាលខេត្តសៀមរាបជួយ​អន្ត​រា​គមន៍ឬចាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាកចេញពីដីចម្ការទាំង២ទីតាំងនោះ។

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ មាន​ប្រសាសន៍​នៅថ្ងៃពុធនេះ​ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ម្សិលមិញ ពលរដ្ឋដែលចូលទៅក្នុងទីតាំងដីចម្ការ​នោះ នៅសល់ប្រមាណជាង១ ០០០​នាក់។ ប៉ុន្តែ​លោក​ថា ក្រុមការងារជំនាញរបស់ខេត្តបានសហការជាមួយក្រុមការងារ​​គណបក្សនោះ បាន​ចុះស្រង់ស្ថិតិ និង​នាំ​ពលរដ្ឋចេញ​ពីទីតាំងនោះបណ្ដើរៗហើយ។

លោកមានប្រសាសន៍ថា៖ «កាលពីម្សិលមិញ [ថ្ងៃទី០៦ ខែកញ្ញា]​ យើងបានធ្វើការងារហ្នឹងច្រើនហើយ បានស្រង់ស្ថិតិ​ប្រជា​ពលរដ្ឋ ដើម្បីចង់ដឹងថាប្រជាពលរដ្ឋមានចំនួនប៉ុន្មាន ហើយយើងនឹងបន្តយកគាត់ចេញបន្ថែមទៀតតាម​ការ​ស្ម័គ្រចិត្តរបស់គាត់ មិនកំណត់ពេលវេលាទេ។ យើងធ្វើទាល់តែអស់ ប៉ុន្តែយើងសង្ឃឹមថាមិនយូរទេ ដោយ​សារ​ខាង​ក្នុង​ហ្នឹង​មិនមានអ្វីសម្រាប់ការផ្គត់ផ្គង់អ្វីបន្តទៀតទេ បានពួកគាត់​ព្រមទទួលថាកិច្ចសន្យា​របស់​គាត់​​ចប់​ហើយ ហើយគាត់ប្រគល់ប្រជាពលរដ្ឋដែលមិនព្រមចាកចេញឱ្យអាជ្ញាធរចាត់ចែង»។

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអំពាវនាវដល់អ្នកគាំទ្រ​គណបក្ស​នេះ​ឱ្យ​ទៅ​​ប្រមូល​ផ្ដុំគ្នា​នៅចម្ការរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ដោយថា ពិភពលោកទាំងមូលនឹងលិចលង់ដោយទឹកជំនន់ នៅថ្ងៃទី៣០ ខែសីហា ក្នុងនោះមានតែទីតាំងចម្ការរបស់​លោកមួយទេ ដែលជួយសង្គ្រោះ​ឱ្យ​​រួចផុតពីគ្រោះមហន្តរាយនេះ។

ការកៀរគរនេះបានធ្វើឱ្យពលរដ្ឋ​ដែលអាជ្ញាធរប៉ាន់ប្រមាណថាមានជាង១៥ ០០០​នាក់ ទាំង​ពលរដ្ឋ​​នៅក្នុង​ស្រុក និង​​ត្រលប់​​​ពី​​ក្រៅប្រទេស បានធ្វើដំណើរទៅ និងសាងសង់រោងជាច្រើន​ស្នាក់នៅទីតាំងនោះ។

យ៉ាងណា រដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក៏ធ្លាប់បានចេញ​ប្រកាសជាបន្តបន្ទាប់ ប្រាប់ពលរដ្ឋកុំឱ្យជឿនូវរឿងអបិយ​ជំនឿដែ​ល​លោក ខឹម វាសនា និយាយ ដោយថាជារឿងមិនពិត និងមិនអាចកើតឡើងឡើយ។

នាយក​​ទទួល​​បន្ទុក​កិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ករណីដែលតំណាង​គណបក្ស LDP ស្នើឱ្យអាជ្ញាធរខេត្តមានវិធានការផ្លូវច្បាប់​​លើពលរដ្ឋ​ដែលមិនព្រមចាកចេញពីចម្ការ​លោក ខឹម វាសនា នោះ​​គ្រាន់តែជាការគេចវេះពីការទទួលខុសត្រូវរបស់គណបក្សនេះប៉ុណ្ណោះ។ លោកថា បើអាជ្ញាធរ​ជួយ​សម្រប​សម្រួល ឬចាត់វិធានការ​ ដោយមិនប្រុងប្រយ័ត្នទៅលើពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចម្ការ​ទាំង២ទីតាំង​នោះ អាចរងការចោទប្រកាន់ពីតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាដើម។

លោកថា៖ «ខ្ញុំមើលទៅដូចជាការមិនសក្តិសមទេ អ្វីដែលតំណាង​គណបក្សខ្លួនឯង​ត្រូវតែ​អំពាវនាវ ឬក៏ជជែកជាមួយ​អ្នកគាំទ្ររបស់ខ្លួន​ចាកចេញ ពីព្រោះរឿងនេះ អាជ្ញាធរក៏គាត់មានការប្រយ័ត្នប្រយែងដែរ ពីព្រោះបើសិន​ជា​មានការចាត់វិធានការទៅ មាន​បញ្ហា​ណាមួយ ខាងគណបក្ស LDP នឹងចោទប្រកាន់អាជ្ញាធរដូចគ្នាដែរ អ៊ីចឹង​ហើយ​បញ្ហា​ទាំងអស់នេះ អ្នកដែលទទួលខុសត្រូវមុនគេ គឺ LDP ហ្នឹងហើយ បន្ទាប់មកបានអាជ្ញាធរគាត់ជា​អ្នកជួយសម្របសម្រួលនៅក្នុងករណីហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ