អ្នក​វិភាគ​និង​អ្នក​នយោបាយ​៖ កម្ពុជា​មិន​ទាន់​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្រប​តាម​គោលការណ៍​ប្រជា​ធិបតេយ្យ​នៅ​ឡើយ

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

អ្នកវិភាគនិងអ្នកនយោបាយមួយចំនួនថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជានៅ​មិនទាន់អនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ២៣​តុលា ឱ្យបានពេញលេញ​ស្របតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយទេ ខណៈ​បញ្ហារំលោភ​សិទ្ធិមនុស្សនិងភាពអយុត្តិធម៌សង្គមនៅតែបន្តកើតមាន។

ការថ្លែងនេះធ្វើឡើង​ក្នុងវេទិកា​ស្តីពី «ការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រ និងការអនុវត្ត​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ២៣តុលា ឆ្នាំ១៩៩១» ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ នៅថ្ងៃព្រសហ្បតិ៍នេះ។

អគ្គលេខាធិការបក្ស និងជាអ្នកនាំពាក្យ​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន បាន​ថ្លែង​ក្នុងវេទិកា​នោះ​​ថា ដើម​ចមដែលនាំឱ្យកម្ពុជាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយ​សារ​មាន​គោល​បំណង​ធំចំនួន​៣ រួម​មាន ជួយពន្លត់នូវភ្លើងសង្គ្រាម និងការកំណត់អធិបតេយ្យ ឯករាជ្យ បូរណភាពដែនដី មិនឱ្យប្រទេសដទៃរំលោភបំពានឬជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា និងស្ដារនិងកសាងកម្ពុជាឡើងវិញ ជាពិសេសផ្នែកសេដ្ឋកិច្ច តាមរយៈការអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុប ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើនស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សជាដើម ។

ប៉ុន្តែលោក​ថា នាពេលបច្ចុប្បន្ននេះ ការដឹកនាំរបស់ថ្នាក់ដឹកនាំ​កម្ពុជានៅ​មិន​ទាន់​អនុវត្តតាម​កិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ២៣​តុលា បាន​ពេញលេញនៅឡើយ ព្រោះ​កម្ពុជា​នៅ​ខ្វះ​ប្រជាធិប​តេយ្យ និង​ភាព​អយុត្តិធម៌សង្គម ​ជាដើម។

លោកថ្លែងថា៖ «សន្ធិសញ្ញាទីក្រុងប៉ារីស បានចែងថា ប្រទេសកម្ពុជាត្រូវតែអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស បានន័យថា យើងកុំឈ្លោះប្រជែងអំណាចគ្នាតាមកម្លាំងអាវុធ យើងត្រូវប្រកួតប្រជែងគ្នាតាមរយៈគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស គឺមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ ប្រកួតប្រជែងគ្នាបានការគាំទ្រពីប្រជាពលរដ្ឋ ហើយអ្នកណាទទួលបានការគាំទ្រ បានការទុកចិត្តពីប្រជាពលរដ្ឋ អ្នកហ្នឹងត្រូវមានសិទ្ធិទៅដឹកនាំគ្រប់គ្រងប្រទេស។ ហើយចំណុចទី៣ ត្រង់ការកសាងប្រទេស ត្រង់ចំណុចអនុវត្តប្រជាធិបតេយ្យ សេរីពហុបក្ស គឺយើងនៅមានបញ្ហាប្រឈមច្រើនដែរ»។

លោកមានប្រសាសន៍បន្ថែមថា៖ «ការអនុវត្តគោរពសិទ្ធិមនុស្សបានកម្រិតណា ខ្ញុំគិតថា នៅមានបញ្ហាប្រឈមតទៀត ដូចឧទាហរណ៍ថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ មិនទាន់គោរពបានល្អទេ នៅពេលយើងនិយាយស្រួលមិនស្រួល ដូចលោកបណ្ឌិត សេង សារី គាត់និយាយខុសចិត្តអ្នកដឹកនាំ អាចទទួលរងការគំរាមកំហែង អាចទទួលរងការសម្លុត ជាផ្នែកមួយឆ្លុះបញ្ចាំងថា យើងមិនទាន់គោរពសិទ្ធិបញ្ចេញមតិបានល្អ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូចមានការចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ»។

សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា (​CID) លោក សេង សារី ដែលចូលរួមក្នុងវេទិកានេះដែរ ថ្លែង​ថា អ្នក​នយោបាយមួយចំនួនមិនទាន់អនុវត្តឱ្យបានស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា នេះ​នៅឡើយ ដោយសារបច្ចុប្បន្ននេះ កម្ពុជានៅខ្វះប្រជាធិបតេយ្យ មាន​ការរំលោភសិទ្ធិមនុស្ស និងភាពអយុត្តិធម៌សង្គម ជាដើម។

ទោះជាបែបនេះក្ដី លោក សេង សារី ជំរុញទៅអ្នកនយោបាយគ្រប់និន្នាការទាំងអស់ត្រូវគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើននិងដើរទាន់សម័យកាល។

លោកជំរុញដូច្នេះថា៖ «បើសិនជាមនុស្សជំនាន់ថ្មីយល់ច្បាស់អ្វីជានយោបាយស៊ីវិល័យ អ្វីជានយោបាយដែលមិនស៊ីវិល័យ ខ្ញុំគិតថា អ្នកដែលធ្វើនយោបាយមិនស៊ីវិល័យច្រើនណាស់ដែលធ្វើនយោបាយមិនស៊ីវិល័យ មានន័យថា ជាអ្នកនយោបាយដែលចូលចិត្តប្រើប្រាស់ពាក្យគ្រោតគ្រាត ជេរបញ្ចោរ ប្រមាថ និយាយគ្នាលើសពីរទៅបីម៉ាត់អត់បានទេ គឺឈាមឡើងពេញមុខ បញ្ចោរយកតែម្តង។ អ៊ីចឹងបើសិនជាធ្វើឱ្យអ្នកនយោបាយជំនាន់ថ្មី ជាអ្នកនយោបាយស៊ីវិល័យ ប្រើប្រាស់ពាក្យថ្លៃថ្នូរ ប្រកួតប្រជែងគំនិត ប្រកួតប្រជែងមធ្យោបាយនយោបាយ ប្រកួតប្រជែងវិធីសាស្ត្រ ខ្ញុំគិតថាយើងអាចប្រកួតប្រជែងគ្នាបាន»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ច្រានចោលការលើកឡើងរបស់អ្នកវិភាគនិងអ្នកនយោបាយនេះ។ លោក​ថា រដ្ឋាភិបាលអនុវត្តគោលនយោបាយស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទើប​ធ្វើឱ្យកម្ពុជាមានសន្តិភាពជូនដល់ប្រជាពលរដ្ឋរហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកមានប្រសាសន៍ថា៖ «ពួកគាត់មានសតិអារម្មណ៍ប្រឆាំងនឹង​រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោត បើអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយទេ យើងមិនអាចសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅរបស់ប្រជាជនដោយសុខដុមរមនានៅក្នុងសង្គមជាតិកម្ពុជាបានទេ។ ហើយកម្ពុជាក៏មិនអាចថែរក្សាការពារបានឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីបានដូចសព្វថ្ងៃនេះដែរ»។

សូមជម្រាបជូនថា ឆ្នាំ២០២១​នេះ គឺជាខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក្នុងនោះ ប្រទេសអូស្ត្រាលី គឺជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសហត្ថលេខីចំនួន១៨ ដែលបានចុះហត្ថលេខានាំមកនូវសន្តិភាពជូនកម្ពុជាវិញ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ។

កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ប្រទេសអូស្ត្រាលីនឹងបន្តជួយ​ដល់ប្រ​ជាពលរដ្ឋកម្ពុជា​ឱ្យទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន ព្រោះ​អូស្ត្រាលីក៏​ជាប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងការជួយដល់​កម្ពុជា ក្នុងការបង្កើតនិងអនុវត្តនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ