ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ស្នើ​រដ្ឋាភិបាល​ឱ្យ​ជួយ​រក្សា​ដីព្រៃ​សមូហភាព​៧០​ហិកតា​

សាលាដំបូងខេត្តមណ្ឌលគិរី និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ចំនួន៥៧​គ្រួសារ ស្នើសុំឱ្យរដ្ឋាភិបាល​និងអាជ្ញាធរ​ពាក់ព័ន្ធ​ជួយថែរក្សាដីព្រៃសមូហភាពទំហំ៧០​ហិកតា ក្រោយពីជ​នខិលខូចលួចលក់ទៅឱ្យបុគ្គលមានប្រាក់ម្នាក់ កាលអំឡុងឆ្នាំ២០១៦។

ការស្នើសុំនេះបានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាន​កោះហៅ​ជ​នជាតិដើមភាគតិចពូនង​ចំនួន៣នាក់ កាលពីថ្ងៃទី២​០ ខែតុលា ឱ្យទៅសម្របសម្រួលដោះស្រាយជាមួយភាគីអ្នកទិញ នៅរដ្ឋបាល​ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការកោះហៅនេះបានធ្វើឡើងក្រោយពីប្រជាពលរដ្ឋចំនួន៥៧គ្រួសារ នៅភូមិឡៅកា សង្កាត់សុខដុម បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តមណ្ឌលគិរី ប្រឆាំងនឹងការលក់ដីព្រៃសមូហភាពចំនួន៧០ហិកតានេះទៅឱ្យឈ្មោះ ត្រឿង យុន កាលពីអំឡុងឆ្នាំ២០១៦។

តំណាងជនជាតិដើមភាគតិចពូនង អ្នកស្រី ផ្លឹក ភីរុំ បានប្រាប់ វីអូឌី នៅថ្ងៃនេះថា កន្លងមក ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីឱ្យតុលាការជួយរកដំណោះស្រាយដល់ពួកគាត់ ប៉ុន្តែតុលាការមិនបានដោះសា្រយឡើយរហូតដល់បច្ចុប្បន្ន។

អ្នកស្រីបន្តថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អភិបាលក្រុងសែនមនោរម្យ បានកោះហៅពួកគាត់ទៅជួបចរចាក្រៅប្រព័ន្ធតុលាការ ជាមួយនឹងឈ្មោះ ត្រឿង យុន ដែលជាអ្នកទិញដីព្រៃសមូហភាពរបស់ពួកគាត់ ប៉ុន្តែពួកគាត់មិនព្រមលក់ដីនេះទេ។

អ្នកស្រីថា៖ «កាលពីឆ្នាំ២០១៩ តុលាការហ្នឹងថាឱ្យពួកគាត់យកដីហ្នឹងលក់ឱ្យគេទៅ ដល់ពេលអ៊ីចឹងពួកខ្ញុំ​ថា ខ្ញុំមិនប្រគល់ឱ្យទេ ព្រោះដីហ្នឹងជាដីព្រៃរដ្ឋ​​​ ទុកនៅអាស្រ័យផល​ ដើម្បីការពារធនធានធម្មជាតិរបស់រដ្ឋ។ រហូតដល់បច្ចុប្បន្ន អត់ឃើញតុលាការកោះហៅទេ ប៉ុន្តែថ្មីៗហ្នឹងឮថា គ្រឿងចក្រភាគីដែលទិញឱ្យតុលាការ បានជជែកជាមួយពួកគាត់ហ្នឹងថាឱ្យសាលាក្រុងធ្វើការដោះសា្រយ​សំណងជាមួយពួកខ្ញុំអ៊ីចឹងទៅ ដោះសា្រយក្រៅប្រព័ន្ធតុលាការទៅ​​»

អ្នកស្រី ផ្លឹក ភីរុំ បន្តថា កន្លងមក រូបគាត់តែងតែរងការគំរាមកំហែងនិងធ្វើទុក្ខបុកម្នេញ ដោយសារការកោះហៅទៅតុលាការជាបន្តបន្ទាប់ ក្រោយពីអ្នកស្រីនិងពលរដ្ឋផ្សេងទៀតមិនព្រមលក់ដីព្រៃសមូហភាព និងចេញមុខការពារធនធានធម្មជាតិរបស់រដ្ឋ។ អ្នកស្រីបន្តថា បច្ចុប្បន្ន ដីព្រៃដែលជនជាតិដើមភាគតិចធ្លាប់អាស្រ័យផលកន្លងមក ត្រូវបានជនខិលខូចលួចលក់ដោយមានការគប់គិតជាមួយអាជ្ញាធរមូលដ្ឋាន។

អ្នកស្រីថា៖ «ពួកខ្ញុំថែរក្សាដីហ្នឹង តើមានប៉ុណ្ណា? សូម្បីតែបាយស៊ីក៏អត់មានដែរ​​ ដើរ និងទៅតុលាការរហូត​ទៅ យូរៗឡើងអស់សាំងម៉ូតូ​ កូនអត់មានអីស៊ីទេ រវល់តែដើរ ដូចថាគេអត់មានចិត្តមេត្តាករុណាចំពោះយើងទេ។ ​អ៊ីចឹងបើសិនជាចិត្តរបស់គេ​មិនចេះអាណិតអាសូរពួកខ្ញុំ ​ពួកខ្ញុំដែលជាអ្នកការពារព្រៃឈើ​មិនបានយកមកធ្វើជាឯកជនរបស់ខ្លួនទេ​​ ខំប៉ុណ្ណឹងដែរ សម្រាប់​ការពារដីព្រៃរបស់រដ្ឋ។ ខ្ញុំចង់ឱ្យពួកគាត់ជួយថែរក្សា​​ កុំមានការកាប់ទន្ទ្រានជាបន្តបន្ទាប់ទៀត ហើយចង់ឱ្យភូមិឃុំ​ចេញប្លង់ ​​ហើយមុននឹងចេញប្លង់ មុននឹងចុះហត្ថលេខា ត្រូវសួរពួកខ្ញុំសិន ដើម្បីកុំឱ្យមានរឿងទៅថ្ងៃក្រោយ»

ជនជាតិដើមភាគតិចម្នាក់ទៀត លោក ឡក បឿន លើកឡើងដែរថា បើសិនពួកគាត់លក់ដីព្រៃសមូហភាពចំនួន៧០​​ហិកតានេះទៅ ពួកគាត់នឹងបាត់បង់មុខរបរដែលធ្លាប់អាស្រ័យផលបានរាល់ថ្ងៃ ហើយកូនចៅជំនាន់ក្រោយនឹងមិនមានដីសម្រាប់ធ្វើចម្ការឡើយ។ មួយវិញទៀត លោកថា ព្រៃសមូហភាពដែលពួកគាត់អាស្រ័យផលនេះមានសត្វជាច្រើនកំពុងរស់នៅ បើសិនជាដីព្រៃត្រូវបានលក់ សត្វទាំងនោះនឹងបាត់បង់ជម្រកមិនខាន។

លោកថា៖ «យើងអាចយកលុយហ្នឹងមកចាយបានមួយរយៈពេលទេ តែវាបាត់បង់ផលប្រយោជន៍យូរអង្វែងអ៊ីចឹង។ ពេលបាត់ផលប្រយោជន៍យូរអង្វែង ចុះកូនចៅយើងទៅមុខទៀត យើងអាចចាយលុយដល់កូនចៅទៅមុខទៀតបានអត់ យើងគិតអ៊ីចឹង​! បើសិនជាយើងការពារធនធានធម្មជាតិបានយូរទៅ យើងអាចយកអនុផលព្រៃឈើ​ ទោះបីតិចតួចក្ដី ​មួយថ្ងៃ៤០ ០០០ទៅ៥០ ០០០រៀល​ក្ដី យើងអាចរកបានរាល់ថ្ងៃ ដល់កូនចៅយើងជំនាន់ក្រោយ»

អភិបាលក្រុងសែនមនោរម្យ លោក ឃន់ អូន មានប្រសាសន៍ថា ការកោះហៅពលរដ្ឋ៣គ្រួសារ កាលពីមិ្សលមិញនេះ គឺដើម្បីធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ តាមការស្នើសុំរបស់ភាគីអ្នកទិញតែប៉ុណ្ណោះ។ ​លោកបន្តថា ចំពោះដំណោះស្រាយយ៉ាងណានោះ អាស្រ័យភាគីទាំងពីរ សម្រាប់អាជ្ញាធរមិនមានយោបល់អ្វីឡើយ។

លោកថា៖ «រឿងហ្នឹងប្ដឹងទៅប្ដឹងមក គ្រាន់តែមិនទាន់ដឹងសម្រេចទៅខាងណាទេ ប៉ុន្តែខាងតុលាការឱ្យភាគីអ្នកប្ដឹងហ្នឹងមកសម្រួលនៅក្រុងហ្នឹងឱ្យអស់លទ្ធភាព។ ក្រុងឱ្យគាត់ជជែកគ្នា​សិន ក្រុងមិនទាន់អារកាត់ថាម៉េចទេ ​គ្រាន់តែគាត់មានឆន្ទៈក្នុងការ​សម្របសម្រួល​អ៊ីចឹង អត់មានថាត្រូវតែប្រគល់ដីឱ្យគេ​ ត្រូវតែចុះចេញ អត់មានទេ! ​​​គ្រាន់តែខ្ញុំធ្វើម៉េចឱ្យគាត់ព្យាយាមនិយាយគ្នានិងសហ​ការជាមួយអាជ្ញាធរ ដើម្បីយើងជជែកគ្នា បានជុំគ្នា»

អ្នកស្រី ផ្លឹក ភីរុំ អះអាងថា ដីព្រៃសមូហភាពនេះ ជនជាតិដើមភាគតិចពូនង បានអាស្រ័យផល​តាំងពីដូនតា ពោលគឺចាប់ពីឆ្នាំ១៩៨៥មកម្ល៉េះ ដែលជាសម្បត្តិរបស់រដ្ឋ ប៉ុន្តែដីព្រៃនេះត្រូវ​បានជនខិលខូចលក់កាលពីឆ្នាំ២០១៦ ទៅបុគ្គលម្នាក់ឈ្មោះ ត្រឿង យុន ដោយការទិញលក់នេះ មានការចុះហត្ថលេខាពីអាជ្ញាធរមូលដ្ឋាន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលខេត្តមណ្ឌលគិរីថ្មី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការសោកស្ដាយចំពោះមន្ដ្រីមួយចំនួន ដែល​​បានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកចាត់ទុកការរំលោភយកដីធ្លីប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរបស់រដ្ឋនោះ ដោយសារភាពលោភលន់របស់មន្ត្រីទាំងនោះតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ