បទយកការណ៍៖ អ្នក​ជួប​ការ​លំបាក​អាច​ទទួល​អាហារ​ពី​ធុង​សហគមន៍​១០​ទីតាំង​នៅ​ភ្នំពេញ

លោក ឡេង ផាត ជាអ្នកធាក់ស៊ីក្លូដឹកធុងសហគមន៍ចល័ត ក្រោមយុទ្ធនាការសប្បុរសធម៌របស់គម្រោង Local4Local (លូខលហ្វរលូខល)។ (ទួក ពិសិដ្ឋ)

នៅតាម​បណ្ដោយ​ផ្លូវ​មាត់​ទន្លេ ជិត​ព្រះ​បរម​រាជវាំង​ក្នុង​រាជធានីភ្នំពេញ ស៊ីក្លួមួយ​​របស់លោក ឡេង ផាត ដែល​មានដឹកធុង​ចម្រុះ​ពណ៌មួយ​នៅ​ពី​មុខ ហើយ​សរសេរអក្សរនៅជាប់ធុងនោះ​ថា «អ្នកមានដាក់ អ្នកខ្វះដក» មានផ្ទុកទៅដោយ មី ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ ថ្នាំដុសធ្មេញ ជាដើម កំពុង​តែចត​រង់ចាំ​ចែក​ដល់​អ្នក​លំបាក​ខ្វះ​ខាត​តាម​ចិញ្ចើម​ផ្លូវ ហើយ​ក៏​រង់ចាំ​ទទួ​លការ​បរិច្ចាគ​អាហារហូប​ចុកនិង​សម្ភារ​ផ្សេងៗ​ពី​សប្បុរស​ជ​នវិញ​ផង​ដែរ។

ស្ថានភាពចរាចរណ៍​កំពុងតែមមាញឹក បុរសវ័យ៦៣ឆ្នាំរូប​នេះកំពុង​ឈរក្បែរស៊ីក្លូ ដើម្បីចាំចែក​អាហារដូចសព្វមួយដង។

ដោយមានពាក់ម៉ាស់នៅនឹងមុខផងនោះ លោកបានរៀបរាប់ថា លោកត្រូវបានជ្រើ​សរើស​ឱ្យ​ចូល​​រួម​ជាមួយ «យុទ្ធនាការធុងសហគមន៍ចល័ត» ជិត​៥ខែ​មក​ហើយ ដោយ​ត្រូវ​ចត​ស៊ីក្លូ​ទៅតាម​ទីតាំងចំនួន១០ ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ត្រូវ​ប្តូរវេន​ជាមួយ​ស៊ីក្លូ​៩​ផ្សេងទៀត។ ​លោក​ថា ក្នុង​មួយ​ថ្ងៃ លោក​បាន​ចំណាយ​ពេល​២ម៉ោងធ្វើកិច្ចការងារនេះ ដោយថា បច្ចុប្បន្ន​ មានពលរដ្ឋក្រីក្រមួយចំនួន ដូចជា ជនអនាថាគ្មានទីពឹង កម្មករប្រមូលសំរាម​ អ្នករើសអេតចាយ អ្នករត់ម៉ូតូឌុប ជាដើម​ បានមកទទួលជំនួយសប្បុរសធម៌នេះ​ជាបន្តបន្ទាប់ប្រមាណជាង១០នាក់ក្នុងមួយថ្ងៃៗ ដោយថា នេះជាចំនួនកើនឡើងទ្វេដង។

លោកនិយាយថា៖ «មួយថ្ងៃ អ្នកមកទទួលនៅតាមផ្លូវ​ យើង​មើល​អ្នកក្រីក្រ​គឺទៅដល់ជាង១០នាក់ ភាគច្រើនជនអនាថា ស៊ិនទ្រី អ្នកអូសរទេះ​អេតចាយ​ សុទ្ធតែប្រភេទហ្នឹងទាំងអស់ដែលឱ្យ។ មានអ្នកធាក់ស៊ីក្លូខ្លះ ចាស់ៗ អ៊ីចឹងឱ្យទៅគាត់​ទៅ មើលគាត់អត់អីហូប គាត់​សុំទឹក សុំអីឱ្យបណ្ដោយ​ទៅ»។

ធុងសហគមន៍ចល័ត ដែលដាក់ម្ហូបអាហារនិងសម្ភារប្រើប្រាស់ដល់ជនខ្វះខាត ក្រោមយុទ្ធនាការសប្បុរសធម៌របស់គម្រោង Local4Local (លូខលហ្វរលូខល)។
ធុងសហគមន៍ចល័ត ដែលដាក់ម្ហូបអាហារនិងសម្ភារប្រើប្រាស់ដល់ជនខ្វះខាត ក្រោមយុទ្ធនាការសប្បុរសធម៌របស់គម្រោង Local4Local (លូខលហ្វរលូខល)។ (ទួក ពិសិដ្ឋ)

ដំបូង​ឡើយ​ យុទ្ធនាការសប្បុរសធម៌របស់គម្រោង Local4Local (លូខលហ្វរលូខល) ត្រូវបានបង្កើត​ឡើង​ដោយ​និស្សិតវ័យក្មេងម្នាក់កាលពីថ្ងៃទី​៩ ខែ​មេសា ឆ្នាំ២​០២១ ដោយមើលឃើញពីភាព​ខ្វះ​ខាតរបស់ពលរដ្ឋ​ ក្នុងពេលដែលមានការផ្ទុះរាលដាលជំងឺកូវីដ-១៩ក្នុង​សហគមន៍ ដែលដើមឡើយ យុវជនរូបនេះគ្រាន់តែចង់ជួយដល់អ្នកខ្វះខាតនៅតាមដង​ផ្លូវ និង​អ្នកធាក់​ស៊ី​ក្លូ​ប៉ុណ្ណោះ។

នៅអំឡុងពេលនោះ រដ្ឋាភិបាលបានសម្រេចកំណត់តំបន់មួយចំនួន​នៅរាជធានី​ភ្នំពេញ ជាតំបន់​ក្រហម ព្រោះតែ​មាន​ការ​ផ្ទុះ​ការ​ឆ្លង​ខ្លាំង ​ដោយហាមមិនឱ្យពលរដ្ឋចេញពីផ្ទះ។ ពេលនោះ​ហើយ​ជាពេលដែល​​​​គម្រោង​នេះ​បាន​ចាប់ផ្ដើម ក្រោម​ការ​​សហការជាមួយសប្បុរសជន និងអង្គការនានា ដើម្បីផ្ដល់​ស្បៀងអាហារដល់ពលរដ្ឋ​នៅក្នុងតំបន់បិទខ្ទប់ ដោយពេលនោះ​មាន​​ជាង៨០០គ្រួសារ។

បើទោះជាពេលនេះ ស្ថានភាពនៃការ​​រឹតត្បិត​ការធ្វើដំណើរបាន​បន្ធូរ​បន្ថយ​វិញ ប៉ុន្តែ​អ្នក​មានជីវភាព​ខ្វះខាត​នៅ​តែ​ត្រូវការ​ជំនួយ​ខ្ពស់​ ដូច្នេះ​​គម្រោង Local4Local បានបន្តសកម្មភាពរបស់ខ្លួន​ទៀត​ ដោយវិវត្តឈ្មោះទៅជា «ធុងសហគមន៍ចល័ត» នៅក្នុងអំឡុងខែមិថុនាកន្លងទៅ ដោយផ្តល់​ឱ្យពលរដ្ឋក្រីក្របានទទួលនូវអាហារហូបចុក នៅពេលដែលពួកគេបានឃើញស៊ីក្លូដែលមាន​ដាក់ធុងមួយ​នៅពីមុខ​ នៅតាមទីតាំងចំនួន១០ក្នុងរាជធានីភ្នំពេញ។

ទីតាំងទាំងនោះ រួមមាន តំបន់មុខ​វត្តបទុម ផ្សាររាត្រី មាត់ទន្លេ (មុខវាំង) បឹងកេងកង ​(ផ្លូវ៣១០ កែង​ផ្លូវ៥១) គល់ស្ពានជ្រោយចង្វារ ផ្សារទួលទំពូង ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារដេប៉ូ និង​សួនក្ដាន់ពីរ ដោយពលរដ្ឋក្រីក្រ​​អាចទៅ​យកដោយសេរី នៅចន្លោះម៉ោង​៩និង៣០នាទី ដល់ម៉ោង១០និង៣០នាទីព្រឹក​ និងចាប់ពីម៉ោង៤ដល់ម៉ោង៥រសៀល។

លោក មួយ លី មានវ័យ៥៧ឆ្នាំ ប្រកបរបររត់ម៉ូតូឌុប​នៅរាជធានីភ្នំពេញ​ជាង​២០ឆ្នាំមក​ហើយ​នោះ បានប្រាប់ថា លោកបានទទួលជំនួយ​មាន​ដូច​ជា មី ត្រីខ ថ្នាំពេទ្យ ថ្នាំដុសធ្មេញ ពីយុទ្ធនាការនេះ​ចំនួនជិត១០ដងមកហើយ។

បុរស​ដែល​មានស្រុកកំណើតនៅខេត្តស្វាយរៀងរូបនេះបានប្រាប់ទៀតថា ដោយសារតែមានការរាលដាលជំងឺកូវីដ-១៩ បាន​ធ្វើឱ្យលោករកចំណូល​មិនបាន ដោយ​ក្នុង​មួយថ្ងៃ​ លោក​រកប្រាក់​បាន​តែរួចថ្លៃសាំងប៉ុណ្ណោះ។ លោកថា នៅពេលបានទទួលជំនួយតាមរយៈយុទ្ធ​នា​ការនេះ លោកមិនសូវចំណាយលុយច្រើនទិញអាហារនោះទេ។

លោក មួយ លី មានវ័យ៥៧ឆ្នាំ ប្រកបរបររត់ម៉ូតូឌុបនៅរាជធានីភ្នំពេញ។
លោក មួយ លី មានវ័យ៥៧ឆ្នាំ ប្រកបរបររត់ម៉ូតូឌុបនៅរាជធានីភ្នំពេញ។ (ទួក ពិសិដ្ឋ)

លោកនិយាយថា៖ «បានថ្នាំពេទ្យ ទឹកសុទ្ធ មី អរគុណច្រើនណាស់ បានសុខចម្រើនទាំងអស់គ្នា »។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី វ៉ាត ទំព័រ មានវ័យ​៣០ឆ្នាំ ជាអ្នកលក់ពោតស្ងោរ បានបង្ហាញក្ដីរីករាយ បន្ទាប់ពីបាន​ទទួល​អាហារ​ហូប​ចុក​មួយ​ចំនួ​ន​ពីធុងសហគមន៍ចល័តនេះ ហើយអ្នកស្រីថា គម្រោង​នេះ​បានជួយដោះសា្រយជីវភាពបានមួយគ្រាៗដែរ។

អ្នកស្រី វ៉ាត ទំព័រ មានវ័យ៣០ឆ្នាំ ជាអ្នកលក់ពោតស្ងោរ នៅរាជធានីភ្នំពេញ។
អ្នកស្រី វ៉ាត ទំព័រ មានវ័យ៣០ឆ្នាំ ជាអ្នកលក់ពោតស្ងោរ នៅរាជធានីភ្នំពេញ។ (ទួក ពិសិដ្ឋ)

កំពុងឈរក្បែរកង់លក់ពោតស្ងោរ​ អ្នកស្រីនិយាយថា៖ «ឥលូវខ្វះខាតច្រើនណាស់ ជាអង្ករ មី ត្រីខ ដូច​ដែល​គាត់​បាន [ឱ្យ] បានមកជួយទៅ បានដោះស្រាយជីវភាព​ខ្លះៗ​ដែរ»។

ស្ថាបនិក​គម្រោង Local4Local (លូខលហ្វរលូខល) លោក តាំង ហួងហាវ  បានឱ្យដឹងថា  ធុងសហគមន៍​ចល័ត​​ ត្រូវបានដឹកដោយស៊ីក្លូ ហើយបានដំណើរការជារៀងរាល់ថ្ងៃទៅតាម​ទីតាំង​ដែលបាន​កំណត់។ លោកថា យុទ្ធនាការនេះបានសហការជាមួយ«សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ» ដោយ​បច្ចុប្បន្នបានប្រើប្រាស់ស៊ីក្លូចំនួន១០ ដើម្បីដឹកធុងសហគមន៍នេះ ទៅចតតាម​គោលដៅរៀងខ្លួន។ លោកបន្តថា ក្នុងមួយថ្ងៃ មានពលរដ្ឋប្រមាណ១០០នាក់ បាន​មកទទួល​ជំនួយ​ពី​ធុងសហគមន៍ចំនួន១០ទីតាំងនេះ។

លោកបន្ថែមថា គោលបំណងសំខាន់ដែលលោកបានបង្កើតគម្រោងនេះឡើង ដើម្បីជំរុញឱ្យពលរដ្ឋចេះជួយគ្នាទៅវិញទៅមកដោយស្នាមញញឹម។

និស្សិតវ័យ២១ឆ្នាំរូបនេះ និយាយថា៖ « គោលដៅសំខាន់របស់ Local4Local ជាមួយធុងសហគមន៍ចល័តហ្នឹង គឺចង់បណ្ដុះភាពចិត្តល្អនៅក្នុងសង្គម អាចបណ្ដុះភាពសប្បុរស ដូចថា អ្នកឯងមានតិចក៏អាចចែករំលែកបាន ហើយផ្ដល់ស្នាមញញឺម ផ្ដល់ក្ដីសង្ឃឹមមួយទៅដល់អ្នកនៅជិតខាង»។

បើតាមលោក តាំង ហួងហាវ ពាក្យ​ Local4Local (លូខលហ្វរលូខល) មាន​ន័យ​ថា «អ្នក​ក្នុង​ស្រុកជួយ​អ្នក​ក្នុង​ស្រុក» ឬ​អាច​និយាយ​ថា​ «ខ្មែរជួយខ្មែរ» ដែលក្នុងន័យនេះ ​គឺលោកចង់បណ្ដុះគំនិតជួយ​គ្នាទៅវិញទៅមក​ ក្នុងពេលដែលមាននណារម្នាក់ជួបការ​លំបាក​ ក្នុងនាមជាមនុស្សជាតិដូចគ្នា។

ស្ថាបនិករូបនេះបានបន្ថែមទៀតថា លោកមានផែនការពង្រីកធុងសហគម៍ចល័តនោះ​ឱ្យ​បានច្រើន​នៅទីតាំងផ្សេងៗ​បន្ថែមទៀត​នៅទូទាំងប្រទេសកម្ពុជា។ លោកថា ក្រៅពីការប្រើប្រាស់ស៊ីក្លូ​នៅរាជធានីភ្នំពេញហើយនោះ លោកក៏​មាន​គម្រោង​បង្កើត​នៅ​តាម​បណ្ដាខេត្ត​ផ្សេងៗទៀត ដោយ​មាន​ជា​ធុង​សហគមន៍​ចល័ត​ដឹក​ដោយ​ម៉ូតូ​កង់​៣ ដឹក​ដោយ​ម៉ូតូ​ឌុប និង​មាន​វិធីសាស្រ្ត​ផ្សេង​ទៀត ដើម្បីបំពេញតម្រូវការដល់ពលរដ្ឋក្រីក្រ។

អ្នក​នាំពាក្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍​ថា លោកមិនទាន់បានដឹងអំពីគម្រោងសប្បុរសធម៌ «ធុងសហគមន៍ចល័តដឹកដោយស៊ីក្លូ» នេះទេ។

ទោះជាយ៉ាងនេះក្ដី លោកបានបញ្ជាក់ថា ក្នុងអំឡុងពេលដែលមានការផ្ទុះរាលដាលជំងឺកូវីដ-១៩​នេះ រដ្ឋាភិបាល​បានដាក់ចេញនូវកម្មវិធី​ជំនួយ​សង្គម ដើម្បីជួយដល់ពលរដ្ឋដែលខ្វះខាតនិង​ជួបការលំបាកខ្លាំង ដោយពួកគេអាចទាក់ទងអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានបណ្ណក្រីក្រ ទើបអាចទទួលជំនួយពីរដ្ឋាភិបាលបាន។

លោ​ក តូច ចាន់នី‍ ថ្លែងថា៖ «កម្មវិធី [ជំនួយសង្គម] ដាក់ចេញធ្វើ២ឆ្នាំហើយ ពាក់ព័ន្ធការដាក់ចេញបណ្ណ​សម​ធម៌ ​ក្រ១ [និង] ក្រ២។ កម្មវិធីសាច់ប្រាក់ យើងធ្វើ២ឆ្នាំហើយ។ សម្រាប់​ពលរដ្ឋដែលរងគ្រោះនិង​ងាយរងគ្រោះ ជួយក្នុងពេលកូវីដ នៅ​តាមសហគមន៍ គាត់មានបណ្ណក្រីក្រ អាហ្នឹងយើងដាក់ជូនគាត់»។

អ្នកនាំពាក្យរូបនេះ​បានឱ្យដឹងថា ក្នុង១​​​ខែ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ៣០​លានដុល្លារ ដើម្បីដំណើរការកម្មវិធីជំនួយសង្គមនេះ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ​ មានគ្រួសារប្រហែល៤ម៉ឺនគ្រួសារ ស្មើប្រមាណ៣លាននាក់ បានទទួលផលពីកម្មវិធីនេះ។​ ហើយក្នុង​មួយខែ​ ពួកគេបានទទួលប្រាក់ឩបត្ថម្ភចន្លោះពី ៣០ម៉ឺន​រៀល ទៅ ៤០ម៉ឺនរៀល។

អង្គការ​ស្បៀង និង​ក​សិកម្ម​ ​(FAO​) ចេញសេចក្ដីប្រកាសព័ត៌មានមួយ​កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១​ថា នៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់​ធ្ងរ ដោយសារបាត់បង់ចំណូលក្នុងអំឡុងវិបត្តិកូវីដ-១៩ ខណៈពួកគេភាគច្រើនពឹងផ្អែកលើប្រភ​ពចំណូលពីការងារកសិកម្ម និងលក់កម្លាំងពលកម្មទាំងក្នុងប្រទេសនិងក្រៅប្រទេស។

អង្គការនេះរកឃើញទៀតថាជាងពាក់កណ្ដាលនៃគ្រួសារនៅកម្ពុជាត្រូវកាត់បន្ថយបរិមាណនិង​គុណភាពអាហាររបស់ពួកគេ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ។

អង្គការយូនីសេហ្វ (UNICEF) បានចេញផ្សាយរបាយការណ៍សិក្សាកាលពីចុងខែកញ្ញា ឆ្នាំ២០២១ដែរ​ថា កុមារកម្ពុជាម្នាក់​ក្នុងចំណោម៣នាក់ មានជំងឺក្រិសក្រិន និងម្នាក់ក្នុងចំណោ១០នាក់ មានជំងឺស្គមស្គាំង ដោយសារគ្រួសារពួកគេពី៤០ទៅ៥០ភាគរយមានបញ្ហាចំ​ណូល​ធ្លាក់​​ចុះ និងជាពិសេសក្នុងវិបត្តិជំងឺកូវីដ-១៩ ដែល​បង្ខំ​ឱ្យពួកគេ​កាត់បន្ថយថ្លៃអាហារ ឬប្រើប្រាស់​យុទ្ធសាស្ត្រទប់ទល់​កាន់តែច្រើនជាងមុន ជុំវិញការបរិភោ​​គ​​អាហា​រប្រចាំថ្ងៃ។​

ត្រលប់​ទៅកាន់យុទ្ធនាការសប្បុរសធម៌ «ធុងសហគមន៍ចល័ត» ក្រោមពាក្យ​ស្លោក «អ្នកមានដាក់ អ្នកខ្វះដក» វិញ ក្រៅពី​ជួយ​កៀរគរ​ជំនួយពីសប្បុរសជន ដើម្បី​ជួយពលរដ្ឋក្រីក្ររួចហើយ គម្រោង​នេះក៏​បាន​ផ្ដល់ដ​ល់​អ្នកធាក់ស៊ីក្លូ ដែលត្រូវបានជ្រើសរើសឱ្យដឹកធុងសហគមន៍ចល័ត​ទៅតាម​ទីតាំង​ទាំង​១០​នេះ ជាប្រាក់​ឧបត្ថម្ភ​ប្រចាំសប្ដាហ៍ផងដែរ។

បើតាមលោក ឡេង ផាត លោកទទួលថវិកាចំនួន៩ម៉ឺនរៀល​ក្នុងមួយ​សប្ដាហ៍ ដែលធ្វើឱ្យ​លោក​​អាច​ដោះស្រាយជីវភាពបានមួយកម្រិត។

ទោះជា​មានជីវភាព​មិនសូវល្អដូចពលរដ្ឋដទៃក៏ដោយ ប៉ុន្តែសម្រាប់លោក ឡេង ផាត បានបង្ហាញ​ការ​ពេញ​ចិត្តនិងភាពរីករាយ នៅពេល​ដែលលោកបានចូលរួមកិច្ចការងារជួយដល់អ្នកខ្វះ​ខាតនៅក្នុងសង្គម។

លោក ឡេង ផាត មានប្រសាសន៍ថា៖ «និយាយពីអារម្មណ៍ ខ្ញុំត្រេកអរ បើខ្ញុំមិនបានមានលុយកាក់អី​ដែល​ទៅចែ​កអ៊ី​ចឹង​ ខ្ញុំគ្រាន់​តែអ្នក​ត្រួស​ត្រាយ​យក ​[អារហារ] ទៅ​ហុច​គាត់​ហ្នឹង គឺ​ខ្ញុំ​ត្រេកអរ​ខ្លួន។​ ខ្ញុំ​ថា ខ្ញុំក៏បាន​បុណ្យ​ដែរ ដូច​ខ្ញុំ​ធ្វើបុណ្យ​ផ្ទាល់​ដៃ​រ​​បស់​ខ្ញុំ ហើយអ្នកទទួលក៏ត្រេកអរដែរ»៕


អត្ថបទទាក់ទង

អង្គការភ្លែន ថា​កុមារ​អាយុ​ក្រោម​១៧​ឆ្នាំ​ប្រមាណ ៧២% រងគ្រោះ​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​និង​គុណភាព​អប់រំ​ទាប

សាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការ FAO ថា​គ្រួសារ​ងាយ​រងគ្រោះ​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​កូវីដ-១៩

ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)
ស្ត្រីម្នាក់អុំទូកទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ