លោក ចូ បៃឌិន៖ សហរដ្ឋ​អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ។ (china-embassy.org)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សហរដ្ឋអាមេរិក​នឹងគិតគូរ​ពីការការពារកោះតៃវ៉ាន់ និងប្ដេជ្ញាចិត្តដើម្បីការពារកោះ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

ទាក់ទិននឹងសំណួរថាតើសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ឬយ៉ាងណា ខណៈដែលដែនកោះមួយនេះបច្ចុប្បន្នកំពុងតែទទួលរងសម្ពាធផ្នែកយោធានិងនយោបាយពីចិន ក្នុងការទទួលយកអធិប​តេយ្យ​ភាពរបស់​ខ្លួននោះ​ លោក ចូ បៃឌិន ថ្លែងថា៖ «ជាការពិតណាស់ យើងមានការប្ដេជ្ញាចិត្តក្នុងការធ្វើសកម្មភាពនេះ»។

កាលពីខែសីហា​កន្លង​ទៅ មន្ត្រីរដ្ឋបាលរបស់លោក ចូ បៃឌិន មួយរូប​ក៏បានឱ្យដឹងផងដែរថា គោល​នយោបាយរបស់​សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់​មិន​បាន​ផ្លាស់​ប្តូរ​នោះ​ទេ ស្រប​ពេល​ដែលប្រធានាធិបតីរូបនេះលើកឡើងថា សហរដ្ឋអាមេរិកនឹងការពារកោះនេះ ប្រសិន​បើមាន​ករណី​វាយប្រហារ​ណាមួយកើតឡើង។

ទាក់ទិននឹងករណីនេះ លោក ចូ បៃឌិន ថ្លែងថា ប្រជាពលរដ្ឋ​មិន​គួរ​មាន​ការព្រួយ​បារម្ភ​អំពី​កម្លាំងយោធា​របស់​អាមេរិក​ឡើយ ខណៈ​ប្រទេស​ចិន រុស្ស៊ី និង​ពិភ​ពលោក​ទាំង​មូល​បាន​ដឹង​ហើយ​​ថា យើង​គឺ​ជាយោធាដ៏មានឥទ្ធិពលបំផុត​ក្នុងប្រវត្តិសាស្ត្រពិភពលោក។

លោកបន្តថា៖ «ខ្ញុំ​មិន​ចង់​មាន​សង្រ្គាម​ត្រជាក់​ជាមួយ​ចិន​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​ចិន​យល់​ថា យើង​នឹង​មិន​ដើរ​ថយ​ក្រោយនោះ​ទេ ហើយ​យើងក៏​នឹង​មិន​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​យើងផងដែរ»។

គួរបញ្ជាក់ថា ប្រទេសចិននៅតែបន្តអះអាងថា​ កោះតៃវ៉ាន់​គឺជាទឹកដី​របស់​ខ្លួន ហើយបាន​និងកំពុង​បង្កើន​សម្ពាធ​កាន់តែខ្លាំងឡើងលើដែនកោះមួយនេះ ខណៈដែលសកម្មភាពរបស់ចិននេះក៏ត្រូវ​បានថ្កោលទោសដោយអន្តរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ