កម្ពុជា​បើក​ឱ្យ​មាន​ការ​ផ្ដល់​ទិដ្ឋាការ​ឡើងវិញ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​បរទេស

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កម្ពុជាបានសម្រេចបើកឱ្យមានការផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ​បរទេសឱ្យចូលមកទស្សនាកម្ពុជាសារជាថ្មី។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសរសេរលិខិតផ្ញើទៅកាន់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅបរទេស កាលពីថ្ងៃទី២០ ខែតុលា ស្តីពីការកែសម្រួលគោលការណ៍នៃការផ្ដល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

ក្នុងលិខិតនោះ លោកថា រដ្ឋាភិបាលបានសម្រេចបើកឱ្យមានការផ្ដល់​នូវទិដ្ឋាការទេស​ចរណ៍ គោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) និងការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa)​ ឡើងវិញ ដើម្បីសម្រួលដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្ដល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival)។

បើតាមលិខិតដដែល ការបើកឱ្យមានការផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញនេះ គឺដើម្បីអាចទទួលភ្ញៀវបរទេសនិងភ្ញៀវទេសចរទូទៅឱ្យចូលមកទស្សនាកម្ពុជាឡើងវិញ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជាបានសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗនិងតាមដំណាក់កាល ជាមួយនឹងភាពប្រយ័ត្នប្រយែងនិងការទទួលខុសត្រូវខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ