ស្ត្រីថ្ងៃសុក្រ ស្នើបារាំងកោះហៅម្ចាស់ហត្ថលេខីប្រជុំគ្នាឡើងវិញ ដោយថាកម្ពុជានៅអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ ពេលពួកគេនាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ដោយថា​ប្រទេសកម្ពុជាបានប្រាសចាកពីកិច្ចព្រមព្រៀងមួយនេះ។ (គួយ ឡង់ឌី)

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រជុំគ្នាឡើង​វិញ ដើម្បី​ពិនិត្យ​មើល​ប្រទេសកម្ពុជា ដែលពួកគេថាបាននិង​កំពុង​អនុវត្តផ្ទុយពីកិច្ចព្រមព្រៀងនេះ។

ការដាក់ញត្តិ​នៅស្ថានទូតបារាំងរបស់ក្រុមស្ត្រីថ្ងៃសុក្រ ធ្វើឡើងស្របពេលដែលថ្ងៃទី២៣ ខែតុលា ស្អែក​នេះ ជាខួប៣០ឆ្នាំ​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​។

ភរិយា​របស់អតីតសកម្មជនបក្សប្រឆាំង អ្នកស្រី ព្រំ ចាន់ថា បាន​ប្រាប់អ្នកសារព័ត៌មានថា ការដែល​ពួកគាត់នាំគ្នាដាក់ញត្តិនៅស្ថានទូតបារាំងនាថ្ងៃនេះ ដើម្បីឱ្យ​​ប្រទេសបារាំង​​កោះហៅម្ចាស់​ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង​១៨ប្រទេសមកប្រជុំគ្នាឡើងវិញ ដោយ​ពួកគេ​ថា កម្ពុជា​ដែល​ជាម្ចាស់ហត្ថលេខីដែរនោះមិននអនុវត្តឱ្យស្របនឹងកិច្ចព្រមព្រៀងនេះនៅឡើយ។

អ្នកស្រីបន្តថា ការមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ នេះហើយ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជារំលាយគណបក្សប្រឆាំង រហូតឈានដល់ចាប់ខ្លួនគ្រួសាររបស់ពួកគាត់ដែល​ជាអតីតមន្ត្រីគណបក្សនេះ​ និងសកម្មជនបរិស្ថាន រួមទាំងសកម្មជនសិទ្ធិមនុស្ស ដាក់ពន្ធនាគារជា​បន្ត​បន្ទាប់។ លើសពី​នេះ អ្នកស្រីថា រដ្ឋាភិបាល​កម្ពុជា​ក៏ចង់​លុប​បំបាត់​កិច្ច​ព្រមព្រៀងនេះ​ផងដែរ។

អ្នកស្រីថា៖ «ជាពិសេស ដើម្បីឱ្យពួកគាត់ [រដ្ឋាភិបាល]​ ជួយដោះលែងសកម្មជននយោបាយទាំងអស់។ ពួកគាត់​បានរំលាយគណបក្សសង្គ្រោះជាតិហើយ ហើយ​បានចាប់ក្រុមគ្រួសារពួកខ្ញុំ​ដាក់ពន្ធនាគារដោយ​ឥត​កំហុសសោះ។ ខ្ញុំចង់ឱ្យរបបឯកបក្សនេះងាកមកគោរពសិទ្ធិមនុស្សឡើងវិញ ស្ដារប្រជាធិបតេយ្យឡើងវិញ កុំជិះជាន់ពលរដ្ឋខ្លួនឯងដូចមុនទៀតទេ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលគោរពច្បាប់ទាំងស្រុង មិនអាចរំលាយបានទេ ព្រោះគាត់ចង់រំលាយខ្លួនឯង [រដ្ឋាភិបាល] គាត់មិនអាចរំលាយបានទេ»។

អ្នកស្រី ផាន សាត ដែលត្រូវជាកូនរបស់អ្នកស្រី លឹម សាត អតីតសកម្មជនបក្ស​ប្រឆាំង បានលើក​ឡើងដែរ​ថា បើសិនរដ្ឋាភិបាលកម្ពុជា​គោរពកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស និង​អនុវត្ត​តាម​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យប្រាកដមែន​នោះ គ្រួសាររបស់ពួក​គាត់ និង​សកម្មជនបរិស្ថាននិងសិទ្ធិមនុស្សផ្សេងទៀត មិនត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារឡើយ។

អ្នកស្រីថា៖ «ហេតុអ្វីបានជានាំយកម្ដាយខ្ញុំ យកសកម្មជនផ្សេងៗទៀតដែលពួកគាត់ខំស្រឡាញ់ប្រទេសជាតិ ស្រឡាញ់បរិស្ថាន យកទៅដាក់ឃុំឃាំងដោយអយុត្តិធម៌ដូច្នេះ។ ហើយនេះជាមូលហេតុជំរុញទឹកចិត្តឱ្យពួកគាត់[និង]ខ្ញុំ ឱ្យមកទាមទាររកយុត្តិធម៌សម្រាប់គ្រួសារ ម្តាយខ្ញុំនិងសាច់ញាតិដទៃៗទៀតដែលរងភាពអយុត្តិធម៌ខ្លាំង។ ខ្ញុំសំណូមពរ​ម្ចាស់ហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាទីក្រុងប៉ារីសជួយពួកខ្ញុំផង ជួយប្រទេសខ្ញុំ ប្រទេស​ខ្ញុំ​កំពុង​រំលោភ​សិទ្ធិមនុស្សខ្លាំងណាស់ ធ្ងន់ធ្ងរណាស់។ អ៊ីចឹង​ខ្ញុំសុំឱ្យពួកគាត់ [ប្រទេសហត្ថលេខី] ជួយពួកខ្ញុំផង ពួកខ្ញុំពិបាកណាស់ ពិបាកទាំងអស់ ពិបាកទាំងជីវភាព ពិបាកទាំងសិទ្ធិ ពួកខ្ញុំអត់មានសិទ្ធិទេ អត់មានសូម្បី​តែបន្តិច»។

អំឡុងពេលដែលក្រុមស្រ្តីដាក់ញត្តិនៅមុខស្ថានទូតបារាំង នៅថ្ងៃនេះ ក៏មានការប៉ះទង្គិចគ្នារវាងក្រុមស្ត្រី ជាមួយសន្តិសុខខណ្ឌដូនពេញដែរ  ដោយសារ​អាជ្ញាធរបានរារាំងពួកគេមិនឱ្យលើកបដានិងរូបថតគ្រួសារដែលបាននិងកំពុងជាប់ពន្ធនាគារនៅមុខស្ថានទូត។

ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជា​មិនស្ថិតក្រោម​ការគ្រប់គ្រងរបស់ប្រទេសបារាំងដែលត្រូវបង្ខំឱ្យកម្ពុជា​អនុវត្ត​តាម​ឡើយ ដោយ​សារ​កិច្ច​ព្រមព្រៀងនេះមិន​មាន​សុពលភាពទៀត​ទេ។

លោកថា៖ «កម្ពុជា​មិនស្ថិតនៅក្រោមអាណានិគមរបស់បារាំងទៀតទេ។ ទី២ ​បារាំង​អត់មានសុពលភាពឬអំណាចណាមក​បង្ខំកម្ពុជា​ដែរ។ ចំណុចទី៣ នាំគ្នាមើលពីអង្គហេតុ ជនដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់​និងរំលោភ​ច្បាប់ ព្រោះ​យើងចង់ឱ្យប្រជាពលរដ្ឋយើងក្លាយជាប្រជាពលរដ្ឋ​មួយដែលដឹង ដែលគោរព ដែល​ទទួលខុស​ត្រូវ ​​​​​​ហើយ​បើគាត់មិនទទួលខុសត្រូវ គាត់ដើរពឹងបរទេសពីនេះពីនោះ បានប្រយោជន៍អីទេ»។​

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបន្តទាមទាររបស់ក្រុមស្រ្តី ជាការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន និងការចង់បានយុត្តិធម៌សម្រាប់​គ្រួសារបស់ពួកគាត់​ដែលកំពុង​ជាប់​ឃុំ ខណៈ​រដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ធានាដល់​សិទ្ធិសេរីភាព​ពលរដ្ឋនិងសិទ្ធិមនុស្សនៅកម្ពុជា​។

អ្នកស្រីបន្តថា សិទ្ធិនិងកាតព្វកិច្ចនេះ​ត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយធាតុផ្សំសំខា​ន់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា​ ក៏ទទួលយកភាសា​ជាច្រើន​ដែលបានចងក្នុងកិច្ច​ព្រម​ព្រៀងសន្តិភាព​ទីក្រុងប៉ារីសដែរ។

លោកស្រី ចក់ សុភាព ចាត់ទុកការលើកឡើង​ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ គ្រាន់តែជាទស្សនៈរបស់តំណាងនីមួយៗតែប៉ុណ្ណោះ។

លោកស្រីថា៖ «យើងត្រូវតោងយល់ថា ​កិច្ចការងារកសាងសន្តិភាព​ វាមិនអាចបញ្ចប់ក្នុងរយៈពេលអន្តរ​កាលនោះ​ទេ គឺចាំបាច់​ក្នុង​ការ​បន្ត។ ហើយ​មែនទែន​ទៅ វាគឺ​ជាប្រយោជន៍សម្រាប់កម្ពុជា ​នៅពេលដែលយើងនៅតែប្រកាន់ខ្ជាប់​គោរពទៅតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ព្រោះវាជាមូលដ្ឋាន​គ្រឹះក្នុងការបញ្ចប់​ជម្លោះនៅកម្ពុជាផង ហើយដាក់នូវកាតព្វកិច្ចមិនត្រឹមតែប្រទេសកម្ពុជាទេ ប៉ុន្តែ​ប្រទេសហត្ថលេខីផ្សេងទៀត​ ក្នុងការចូលរួម​ជួយជ្រោមជ្រែង​ដល់កិច្ចការងារទាំងអស់ហ្នឹង ។ ​មួយទៀត គឺការប្ដេជ្ញាក្នុងការគោរពបូរណ​ភាព អធិបតេយ្យភាពរបស់កម្ពុជា អ៊ីចឹងវាជាប្រយោជន៍របស់កម្ពុជា ក្នុងការទាញពី​ផលប្រយោជន៍​នៃការចូលរួមចំណែក​ពីសហគមន៍និង​រដ្ឋហត្ថលេខីទាំងអស់ហ្នឹង»។

ក្រោយពីតវ៉ានោះ ស្ត្រី៣​នាក់ដែលជាតំណាង ត្រូវបានស្ថានទូតបារាំងអនុញ្ញាតឱ្យចូលដាក់ញត្តិ។  បើតាមអ្នកស្រី ព្រំ ចាន់ថា តំណាងស្ថានទូតបានទទួលញត្តិរបស់ពួកគាត់ ហើយសន្យានឹងបញ្ជូនញត្តិនេះទៅថ្នាក់លើ ដើម្បីពិនិត្យជូនពួកគាត់។

កិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងអន្តរជាតិមួយ ដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា ដែលនាំឱ្យមានការផ្សះផ្សាជាតិ ឯកភាពជាតិ ការគោរពអធិបតេយ្យ​ភាព បូរណភាពទឹកដី និងស្ថិរភាព ឯករាជ្យភាព​ អព្យាក្រឹត្យភាពរបស់កម្ពុជា ការគោរពនិងការពារសិទ្ធិមនុស្ស រួមទាំងការវិលត្រលប់របស់ជនភៀសខ្លួន និងជនផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត ការអនុវត្តសិទ្ធិស្វ័យគ្រប់គ្រងរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការកសាងប្រទេសកម្ពុជាឡើងវិញ៕


អត្ថបទទាក់ទង

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

អ្នក​វិភាគ​និង​អ្នក​នយោបាយ​៖ កម្ពុជា​មិន​ទាន់​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្រប​តាម​គោលការណ៍​ប្រជា​ធិបតេយ្យ​នៅ​ឡើយ

អ្នកវិភាគនិងអ្នកនយោបាយមួយចំនួនថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជានៅ​មិនទាន់អនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ២៣​តុលា ឱ្យបានពេញលេញ​ស្របតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយទេ ខណៈ​បញ្ហារំលោភ​សិទ្ធិមនុស្សនិងភាពអយុត្តិធម៌សង្គមនៅតែបន្តកើតមាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ