ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានក្ដីបារម្ភជាខ្លាំង ចំពោះការជន់លិចលំនៅឋានជាថ្មីទៀត ដោយសារស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងរហ័ស បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
ពលរដ្ឋមួយរូបរស់នៅជាប់ស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នកស្រី មករា បានលើកឡើងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅក្នុងឆ្នាំនេះ បាននិងកំពុងហក់ឡើងខ្លាំង និងកាន់តែរហ័សជាងបណ្ដាឆ្នាំមុនៗ ដែលធ្វើឱ្យអ្នកស្រីពិបាករៀបចំការពារខ្លួនទុកជាមុន។
អ្នកស្រីលើកឡើងថា៖ «វាភ្លាមៗពេក ម្សិលមិញដូចជាវាមិនមានបញ្ហាអីទេ ទឹកនៅធម្មតា ប៉ុន្តែមកដល់់ព្រឹកនេះ ឃើញថាមានការហក់់ឡើងខ្ពស់់មែនទែន ដែលធ្វើឱ្យយើងមានការព្រួយបារម្ភ មានការភ័យខ្លាច ដោយសារទី១ ទឹកនេះមិនមកជាលក្ខណៈសន្សឹមៗទេ គឺមកដោយមិនដឹងខ្លួនតែម្ដង គឺមួយភ្លែតវាហូរ វាលិចដល់់ខាងក្រោយផ្ទះ ដែលយើងនឹកស្មានមិនដល់។ អ៊ីចឹងយើងមានការព្រួយបារម្ភខ្លាំងកន្លែងនេះ ហើយយើងមានការព្រួយបារម្ភទៀតដែរ ត្រង់់ថា មិនដឹងទឹកហ្នឹងវាឡើងនៅកម្ពស់់់ប៉ុន្មានទៀត»។
យ៉ាងណា ស្របពេលទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើង អ្នកស្រីក៏បានត្រៀមលក្ខណៈខ្លះដែរ ដូចជា រកទីទួលសុវត្ថិភាព និងរៀបចំទុកដាក់សម្ភារខ្លះ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗជាយថាហេតុ។
ចំណែកពលរដ្ឋមួយរូបទៀត លោក វណ្ណៈ ក៏បានសម្ដែងការព្រួយបារម្ភដែរ ចំពោះទឹកជំនន់ទឹកស្ទឹងព្រែកត្នោតនៅក្នុងឆ្នាំនេះ ដោយលោកថា វាមានលក្ខណៈលឿនជាងឆ្នាំមុនប្រាកដមែន។
លោកថា៖ «បើប្រៀបធៀបឆ្នាំ២០២០ គឺឆ្នាំនេះឡើងលឿនជាង ដោយសារឆ្នាំមុន យើងបានដឹងដំណឹងមុន ដល់ឆ្នាំនេះ យើងអត់បានដឹងមុននោះទេ។ សម្រាប់ការត្រៀមការពារខ្លួន ទី១ ផ្ទះពូមិនមានកូនតូច ទី២ ចំពោះសត្វធាតុមិនសូវមានទេ បើពីមុនបានសម្បូរសត្វធាតុអាសិរ្ពិសច្រើន មានខ្ទួយ ក្អែប ពស់វែក ជាដើម»។
យ៉ាងណា លោកសង្កេតឃើញថា នៅឆ្នាំនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងក្នុងការគ្រប់គ្រងស្ថានការណ៍ជំនន់ទឹកស្ទឹងព្រែកត្នោតនេះ។
នាយករដ្ឋបាលខណ្ឌដង្កោ លោក ម៉ុក ពុទ្ធា មានប្រសាសន៍ប្រាប់ វីអូឌី នៅព្រឹកថ្ងៃទី២៥ ខែតុលា ថាស្ថានភាពទឹកនៅតំបន់ស្ទឹងព្រែកត្នោតកំពុងតែហក់ឡើង ហើយខាងអាជ្ញាធរដែលដឹកនាំដោយអភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យស្ថានភាពទឹកស្ទឹងនេះ ដោយមានគ្រឿងចក្រ មានការកាយដីច្រកបាវ ដើម្បីទប់កន្លែងដីសណ្ដតាមមាត់ស្ទឹង ជាដើម។
ជាមួយគ្នានេះ លោកថា ខាងអាជ្ញាធរខណ្ឌក៏បានចេញសេចក្ដីជូនដំណឹងប្រាប់ទៅពលរដ្ឋឱ្យមានត្រៀមលក្ខណៈទុកជាមុនផងដែរ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ហានិភ័យ យើងក៏បានចេញសេចក្ដីជូនដំណឹងទៅកាន់ពួកគាត់ហើយ ដែលបានចេញផ្សាយក្នុងផេករបស់សាលាខណ្ឌ។ អ៊ីចឹងគឺយើងចេញសេចក្ដីជូនដំណឹងទៅតាមខ្លឹមសារហ្នឹង ឱ្យគាត់ប្រុងប្រយ័ត្ន ព្រោះធម្មតា បញ្ហាការបែកបាក់ទំនប់ វាមើលអត់ឃើញដូចគ្នា។ ប៉ុន្តែអាជ្ញាធរដឹកនាំដោយរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីអភិបាលខណ្ឌកំពុងដុតដៃដុតជើងហើយ យកគ្រឿងចក្រកាយទប់កន្លែងទាប កន្លែងច្រោះកន្លែងអ៊ីចឹងទៅ ពីព្រោះយើងបានធ្វើពីរយប់ហើយមកដល់ម៉ោងនេះ»។
រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី២៥ ខែតុលានេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត រួមមាន សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ត្រូវត្រៀមសម្ភារនិងបន្តតាមដានស្ថានភាពទឹកជាប្រចាំ ដើម្បីចៀសវាងការបាត់បង់សម្ភារនិងអាយុជីវិត។
ការប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ននេះ ដោយអាជ្ញាធរបញ្ជាក់ថា បច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងបានហក់ឡើងជាបន្តបន្ទាប់បណ្តាលមកពីជំនន់ផ្នែកខាងលើ ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ឈានដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់៕