មន្រ្តី​អង្គការ WFP ព្រមាន​ថា​ក្មេងៗ​នៅ​អាហ្វហ្គានីស្ថាន​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ភាព​អត់​ឃ្លាន

ក្មេងប្រុសម្នាក់នៅជុំរុំ Haji IDP នៅតំបន់ Kandahar ភាគខាងត្បូងអាហ្វហ្គានីស្ថាន ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UNICEF Afghanistan)

មន្ត្រីជាន់ខ្ពស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក (WFP) មួយរូប ព្រមានថា ប្រជាជន​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​ រួម​ទាំង​កុមារ​ អាច​ប្រឈម​នឹងការស្លាប់ដោយភាពអត់ឃ្លាន បើសិនជាមិនមានការចាត់វិធានការបន្ទាន់ណាមួយ ដើម្បីជួយដល់ប្រទេសនេះឱ្យងើបចេញពីការដួលរលំនោះទេ។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក លោក David Beasley បានថ្លែងប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ថា ក្នុងចំណោមប្រជាជនអាហ្វហ្គានីស្ថានសរុបចំនួន៣៩​លាន​នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជា២២​លាន​នាក់កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​អសន្តិសុខស្បៀង​យ៉ាងធ្ងន់​ធ្ងរ ដែល​អាច​នឹង​ឈាន​ទៅ​រកភាពអត់ឃ្លាន។

នាយក​ប្រតិបត្តិដដែល បន្តថា៖ «កុមារអាចនឹងស្លាប់បាត់បង់ជីវិត មនុស្សនឹងជួបប្រទះភាពអត់ឃ្លាន ហើយស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ»។

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានធ្លាក់ចូលទៅក្នុងវិបត្តិកាលពីខែសីហាកន្លងទៅ បន្ទាប់ពីពួកតាលីបង់​បានដណ្ដើមអំណាចយកមកគ្រប់គ្រង ដែលករណីនេះបានធ្វើឱ្យសហគមន៍អន្តរជាតិនានាសម្រេចបញ្ឈប់​ផ្ដល់​ជំនួយ​ទាំង​ឡាយ​ដល់​ប្រទេស​មួយ​នេះ​ផង​ដែរ។

ទាក់ទិននឹងករណីនេះ លោក David Beasley បន្ថែមថា៖ «អ្វីដែលយើងបានរំពឹងទុកកាលពីពេលកន្លងទៅ បាន​ក្លាយ​ជា​ការពិតហើយ។ សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែមានការធ្លាក់ចុះលឿនជាងអ្វីដែលអ្នករាល់គ្នាបានរំពឹងទុកទៅទៀត»។

គិតចាប់តាំងពីឡើងកាន់អំណាច ក្រុមតាលីបង់បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិនានាឱ្យចាប់ផ្តើមផ្ដល់ជំនួយឡើងវិញដល់ប្រទេសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ