អូស្ត្រាលី នឹង​អនុញ្ញាត​ឱ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ធ្វើ​ដំណើរ​បាន​ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Scott Morrison)

អាជ្ញាធរអូស្ត្រាលី បានឱ្យដឹងនៅថ្ងៃពុធនេះថា ពលរដ្ឋរបស់ខ្លួននិងអ្នករស់នៅអចិន្ត្រៃយ៍ទាំង​ឡាយ​ណាដែល​បានចាក់វ៉ាក់សាំងរួចរាល់ នឹងអាចធ្វើ​ដំណើរចាកចេញពីប្រទេសបានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ។

ពលរដ្ឋ​អូស្ត្រាលី មិនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានអស់រយៈពេលជាង១៨ខែម​កហើយ ខណៈដែ​ល​ប្រជាពលរដ្ឋរបស់ខ្លួន​រាប់ពាន់នាក់ផ្សេងទៀតដែលរស់នៅក្រៅប្រទេស ក៏មិនអាច​វិលត្រលប់​ចូល​មក​កាន់​ប្រទេស​វិញ​បាន​ផង​ដែរ បើទោះបីជាពួកគេបានចាក់វ៉ាក់សាំងការពារពេញលេញ​ហើយ​ក្ដី។

ទោះជាយ៉ាងណា ពួកគេទាំងអស់ត្រូវបានរំពឹងថានឹងវិលត្រលប់មកកាន់ប្រទេសវិញ បន្ទាប់ពីទីក្រុង​ស៊ីដនី (Sydney) និងមែលប៊ន (Melbourne) គ្រោងនឹងបញ្ចប់វិធានចត្តាឡីស័កសម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួចរាល់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា តទៅ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ដែលបានថ្លែងប្រាប់សារ​ព័ត៌មានក្នុងស្រុកមួយថា៖ «ផែនការជាតិកំពុងតែដំណើរការ ដែលទាក់ទងទៅនឹ​ង​ការបើកប្រទេសអូស្ត្រាលីឡើងវិញ ស្របពេលដែលចំនួននៃការចាក់វ៉ាក់សាំងស្ថិតនៅក្នុងអត្រាមួយខ្ពស់»។

ការសម្រេចដក​បម្រាមធ្វើដំណើរចាប់ពីសប្ដាហ៍ក្រោយនេះ ត្រូវបានធ្វើឡើងស្របពេលដែលសិង្ហបុរី កាលពីថ្ងៃអង្គារម្សិលមិញ ក៏បានលើកឡើងថា ខ្លួននឹងអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចពីអូស្ត្រាលីចូ​លម​ក​កាន់​ប្រទេសរបស់ខ្លួន ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ផង​ដែរ។

គិតរហូតមកដល់ពេលនេះ អូស្ត្រាលីមានការឆ្លងវីរុសកូវីដ-១៩សរុបនៅក្នុងប្រទេសប្រមាណជាជាង១៦ម៉ឺនករណី និងអ្នកស្លាប់ចំនួន១ ៦៦៩​នាក់ ហើយក្នុងនោះប្រជាជនរបស់ខ្លួនជាង ៦០% ហើយដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ