អាជ្ញាធររាជធានីភ្នំពេញ បានក្រើនរម្លឹកឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដែលនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែតុលា ខាងមុខនេះ។
សេចក្ដីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីម្សិលមិញ បានកត់សម្គាល់ថា កន្លងមកមានប្រជាពលរដ្ឋជាច្រើនកុះករដែលទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ក៏ប៉ុន្តែចំនួននេះនៅមិនទាន់សមាមាត្រនឹងចំនួនតួលេខដែលត្រូវទទួលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១ ដែលចាក់ដោយក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀតនៅឡើយទេ។
លោកបន្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌទាំង១១ នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។
គិតត្រឹមថ្ងៃទី២៦ ខែតុលា ម្សិលមិញ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ នៅកម្ពុជា បានចំនួនសរុប១៣ ៦៨១ ៨២៧នាក់, ការចាក់លើកទី២ សរុប១៣ ០១៩ ៥៦៧នាក់ និងការចាក់លើកទី៣ សរុប១ ៧៤២ ៥៥៧នាក់។ ដោយឡែក បើគិតជាភាគរយនិងតាមអាយុវិញ ការចាក់វ៉ាក់សាំងលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១១ឆ្នាំ សម្រេចបាន១០០,៧% អាយុពី១២ឆ្នាំដល់១៧ឆ្នាំ បាន ៩០,៧៥% នៃផែនការ២លាននាក់ និងពីអាយុចាប់ពី១៨ឆ្នាំឡើងទៅ សម្រេចបាន៩៩,៨៦% នៃផែនការ១០លាននាក់៕