ជាង១ខែ គយ​ប្រមូល​ថវិកា​បាន​ជាង​៧លាន​ដុល្លារ​លើ​រថយន្ត​គេចពន្ធ​ជាង​៥០០​គ្រឿង

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

យ៉ាងហោចណាស់ មានរថយន្តគេចពន្ធប្រមាណជាង៥០០គ្រឿងបាន​ចូល​មក​បំពេញកាតព្វ​កិច្ច​ពន្ធនិងអាករ គិតត្រឹមថ្ងៃទី២៦ ខែតុលា ខណៈ​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករកម្ពុជា បានបន្តអំពាវនាវ​ឱ្យម្ចាស់រថយន្តគេចពន្ធរាប់ពាន់គ្រឿងទៀតបន្តចូលមកបង់ពន្ធ និងបំពេញ​កាតព្វកិច្ចពន្ធតាមនីតិវិធីច្បាប់។

ក្នុង​សន្និសីទសារព័ត៌មាន​ស្តីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករ​នាំចូល» លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​លើកឡើងថា ចាប់ពីថ្ងៃទី១០ ខែកញ្ញា​ ដល់ថ្ងៃទី២៦ ខែតុលា មាន​រថយន្តសរុប៥៤២​​គ្រឿងបានចូលមកបង់ពន្ធ ក្នុងនោះ មានរថយន្តចង្កូតឆ្វេង៣៥២គ្រឿង ស្មើនឹង​ថវិកា៥,៨​លាន​​ដុល្លារ និងរថយន្តចង្កូតស្តាំបានមកកក់ប្រាក់​សម្រាប់​ទុក​ពេល​ធ្វើការ​កែ​ចង្កូត (ពីស្តាំមកឆ្វេង) ចំនួន១៩០គ្រឿង គិតជាថវិកា១,៥លានដុល្លារ។

បើតាមលោក គុណ ញឹម ជាសរុបមក អគ្គនាយកដ្ឋានគយប្រមូល​បាន​ថវិកា​ប្រមាណជា​៧,៣​លានដុល្លារអាមេរិកពីការស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ក្នុងរយៈពេល​ជិត​៥០​ថ្ងៃមក​នេះ។

ការចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ដោយមានការអនុគ្រោះ ១០% លើប្រាក់ពន្ធ​និងអាករនាំចូលនេះ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់រថយន្តចង្កូតឆ្វេង ខណៈការអនុគ្រោះសម្រាប់រថយន្តចង្កូតស្តាំ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

បើតាមការប៉ាន់ស្មាន នៅកម្ពុជាមានរថយន្តគេចពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ ដូចជា ស្លាក​លេខ ខ.ម, ន.ប, ស្លាកលេខរដ្ឋ និងស្លាកលេខផ្សេងៗ ប្រមាណជា១ ០០ ០០០គ្រឿង ដែលកំពុងចរាចរនៅលើដងផ្លូវនៅទូទាំងប្រទេស។

គួរជម្រាបជូនថា រដ្ឋាភិបាល​នឹងចាប់ផ្តើមអនុវត្តវិធានការច្បាប់បង្ក្រាបលើរថយន្តគ្មានពន្ធនិងអាករនាំចូលនេះ ចាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ ហើយ​​នៅពេលនោះ រថយន្តចង្កូតស្តាំដែលបង្ក្រាបបាន នឹងត្រូវកម្ទេចចោលឬដោះបំបែកជាគ្រឿងបន្លាស់តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ