រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ក្ដៅ​លើ​រថយន្ត​គ្មានពន្ធ ខណៈ​កៀក​ថ្ងៃ​ឱសានវាទ

ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ សកម្មភាពចរាចរណ៍ដ៏មមាញឹកនៅបេនឡានមួយចំនួនក្នុងរាជធានីភ្នំពេញ ដោយសារការធ្វើដំណើរត្រលប់ទៅស្រុកកំណើតតាមបណ្ដាខេត្តផ្សេងៗពីសំណាក់ពលរដ្ឋស្នាក់នៅនិងធ្វើការនៅទីក្រុង រួមមាន អាជីវករ កម្មករ សិស្ស-និស្សិត មន្ត្រីរាជការសាធារណៈទាំងរដ្ឋនិងឯកជន នាឱកាសបុណ្យភ្ជុំបិណ្ឌ។ (ហ៊ុយ ឧស្សាហ៍)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមានជាថ្មី ក្នុងការ​ចាត់វិធានការក្ដៅទៅលើរថយន្តចង្កូតឆ្វេងដែល​មិនបង់ពន្ធ និង​កម្ទេចចោលនូវរថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញ​ហាមឃាត់ការនាំចូល ខណៈថ្ងៃឱសានវាទនៃយុទ្ធនាការ​ប្រមូលពន្ធនិងអាករ​នាំចូលរថយន្ត​គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងផុតកំណត់នៅចុងខែមិថុនានេះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (អគរ) បញ្ជាក់ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០២២ ​​​ថាយុទ្ធនាការប្រមូលពន្ធនិងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងនោះ អគរ ក្រើន​រំឭក​ដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់ទៅ​បំពេញកាតព្វ​កិច្ច​​ពន្ធនិងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្ដាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។

បើមិនដូច្នេះទេ ស្ថាប័នរដ្ឋមួយនេះថានឹងអនុវត្តវិធានការក្តៅ ពោលគឺចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ រថយន្ត​ចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ ខណៈ​រថយន្តគ្មានពន្ធចង្កូត​ស្ដាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុង​ករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះ​បំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។

តាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមវត្តមានលោក ហ៊ុន សែន កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់ករណីរថយន្តមិនបង់ពន្ធនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលចាត់ទុកថាជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។

កាលពីថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញបញ្ជាផ្ទាល់មាត់​ឱ្យ​មន្ត្រី និង​អ្នកមានទ្រព្យមួយចំនួន បំពេញកាតព្វកិច្ចបង់ពន្ធតាមច្បាប់កំណត់ ដើម្បីបញ្ចៀសមហន្តរាយជាតិ ខណៈលោក​​​ថា ប៉ុន្មានឆ្នាំជាប់គ្នាមកនេះ រដ្ឋបានចំណាយច្រើនជាងប្រាក់ចំណូលដែល​រក​បាន។

លោកបន្ត​ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនគួរបណ្ដែតបណ្ដោយឱ្យវប្បធម៌គេចពន្ធបន្តរស់រានមាន​ជីវិ​ត​តទៅទៀត​នោះ​ទេ។ ករណីនេះ លោក​ចេញ​បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាធ្វើយុទ្ធនាការគាំទ្រ​អង្គភាពប្រមូលពន្ធ ទាំងផ្នែកគយនិងពន្ធដារ ដើម្បីទប់ស្កាត់ហានិភ័យជាតិ។

បើតាមលោកនាយករដ្ឋមន្ត្រី រថយន្តគេចពន្ធមានប្រមាណ១ម៉ឺន​គ្រឿង គិត​ជាប្រាក់ពន្ធ​ប្រហែល១០០លាន​ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ