កម្ពុជា​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ចំនួន​២​សែន​ដូស​ដល់​ប្រទេស​វៀតណាម

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងពិធីប្រគល់និងទទួលនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ជូនប្រទេសវៀតណាម ដោយធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលកម្ពុជាបានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២សែនដូស ជូនដល់រដ្ឋាភិបាលវៀតណាមនៅថ្ងៃនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ពិធីប្រគល់និងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីកម្ពុជានេះ បានធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ ដោយមានការចូលរួមប្រគល់ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីថ្ងៃទី២៩ ខែកញ្ញា កម្ពុជាក៏បានផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២សែនដូស ដល់ប្រទេសឡាវផងដែរ។ ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រទេសឡាវពេលនោះ និងវៀតណាមនៅពេលនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំត្រីភាគី​រវាង​មេដឹកនាំ​គណបក្ស​ដឹកនាំ​ប្រទេស​កម្ពុជា វៀតណាម ឡាវ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​ ក្រៅពីវៀតណាម និង​ឡាវ កម្ពុជា​ក៏បានផ្ដល់​ម៉ាសនិងបរិក្ខារ​ពេទ្យ​ជាច្រើន​ប្រភេទទៀតដល់​ប្រទេស​ជា​ច្រើន​ទៀត ដូចជា ប្រទេសមីយ៉ាន់ម៉ា ទី​ម័​រ​ខាងកើត និងប្រទេស​នេ​ប៉ាល់ ជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩នេះ ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា លោកបានផ្ដល់នូវជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់លោកនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពប្រជាពលរដ្ឋនៃប្រទេសដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ