ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ទទូច​ទៅ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ពូទិល​

ជនជាតិដើមភាគតិចពូនងជាច្រើននាក់ចុះបង្ហាញទីតាំងដី​ព្រៃ​សហគមន៍​ពូទិល ដោយអះអាងថា ដីព្រៃសហគមន៍នេះរងការកាប់ទន្ទ្រានពីជនខិលខូច ស្ថិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទទូចទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយទប់ស្កាត់និងចាត់វិធានការច្បាប់ទៅលើក្រុមជន​ល្មើស​​ ដោយពួកគេអះអាងថា ដីព្រៃសហគមន៍ «ពូទិល» ដែលមានទំហំជាង៤ ០០០​ហិកតា ត្រូវបានជនខិលខូចនាំគ្នាកាប់ទន្ទ្រានជាបន្តបន្ទាប់ ដើម្បីយកដីទៅលក់ឱ្យអ្នកមានប្រាក់និងមានអំណាច។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជនជាតិដើមភាពតិចពូនង នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បាន​នាំគ្នាដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុ​កនិងខេត្ត ឱ្យជួយទប់ស្កាត់ការកាប់​រុក​រាន​ដី​ព្រៃ​សហគមន៍​ពូទិល​ ដែល​មានទំហំជាង៤ ០០០ហិកតា។ លិខិតដដែលថា ដីព្រៃសហគមន៍ពូទិល ត្រូវបានជនខិលខូចកាប់ទន្ទ្រានចាប់តាំងពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ ដោយមិនមានការថមថយឡើយ។

តំណាងជនជាតិដើមភាពតិចពូនង នៅឃុំប៊ូស្រា លោក ស្រាំង សឿន ប្រាប់ វីអូឌី នៅថ្ងៃទី២៨ ខែតុលា ថាបើទោះ​បី​ដី​ព្រៃ​សហគមន៍​ពូទិលត្រូវ​កាប់​បំផ្លាញជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែអាជ្ញាធរមិនបាន​ទប់ស្កាត់ឡើយ ទើបជន​ល្មើសមិនខ្លាចរអា។ លោកបន្តថា ប្រសិនបើពួកគាត់មិនរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរខេត្តទេ ដីព្រៃដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលនោះនឹងបាត់បង់ក្នុងពេលឆាប់ៗនេះ។

លោកថា៖ «យើងទៅប្រាប់គាត់ ជម្រាបទៅអាជ្ញាធរភូមិ ឃុំ ស្រុក​ បរិស្ថាន ​ខ្ញុំតែងអំពាវនាវឱ្យពួកគាត់ចូលរួម​​ទប់ស្កាត់។ ពេលប្រជុំសប្ដាហ៍​នៅឃុំ​ ​ក៏ខ្ញុំប្រាប់គាត់​ជារឿយៗ ប៉ុន្តែអត់មាន​អាជ្ញាធរមកឈឺឆ្អាលទេ។ ​បើអាជ្ញាធរឈឺឆ្អាល មិនអស់ប៉ុណ្ណឹងទេ ហើយពួកបទល្មើសមិនហ៊ាន​ទេ។ ខ្ញុំចង់ទម្លាយរឿងហ្នឹង ​ប្រហែលជាមានការគប់គិតគ្នា​នៅក្នុងហ្នឹង។ ហើយពេលខ្ញុំទៅដាក់ញត្តិហ្នឹង ឃុំអត់ចង់ចុះហត្ថលេខាឱ្យខ្ញុំទេ»។

លោក ស្រាំង សឿន បន្តថា កន្លងមក រូបគាត់តែងតែរងការគំរាមកំហែង បន្ទាប់ពីចេញមុខការពារដីព្រៃសហគមន៍ពូទិល។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៦ ខែតុលានេះ ក្រោយពីដាក់លិខិតទៅអាជ្ញាធរស្រុកនោះ មានពលរដ្ឋនិងមនុស្សមួយចំនួនបានទៅគំរាមសាច់ញាតិរបស់គាត់ដល់ផ្ទះតែម្តង។

លោកថា៖ «អ្នក​បទល្មើស ​គេ​ថាខ្ញុំ​ខុស ហើយ​គេ​គំរាម​ខ្ញុំ​ទៀត មិនត្រឹម​តែ​គំរាមក្មួយៗខ្ញុំទេ ​”បើឯងខ្លាំង ប្រយ័ត្ន នៅជាមួយខ្ញុំ នៅទឹកដីខ្ញុំ​ នៅតំបន់ខ្ញុំ ត្រូវគោរព”។ ខ្ញុំថាទៅវិញ គោរពៗហើយ ប៉ុន្តែកន្លែងណាត្រូវគោរពគឺគោរព ប៉ុន្តែខ្លះត្រូវក៏មិនគោរពដែរ ​ខ្ញុំអត់ខ្លាចទេ។ ​ដីនេះ ខ្ញុំការពារទាំងអស់គ្នាតើ! ការពារផលប្រយោជន៍រួមសមូហភាពតើ! ​សហគមតើ!»

វីអូឌី មិនអាចសុំការបំភ្លឺពីមេឃុំប៊ូស្រា លោក យើត សារីម បានទេ ខណៈអ​ភិបាលរងស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ លើក​ឡើង​ថា អាជ្ញាធរស្រុកបានទទួលលិខិតរបស់ប្រជាពលរដ្ឋហើយ។

លោកថា៖ «បើមានពាក់ព័ន្ធនឹងករណីហ្នឹងមែន ​ស្អែកនេះ ខ្ញុំនឹងអញ្ជើញលោកមេឃុំមកសួររឿងនេះ។ បើយើងពិនិត្យឃើញមែន ក្នុងនាមអាជ្ញាធរ ដឹកនាំត្រួតពិនិត្យជាក់ស្ដែង»។

អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារុន មានប្រសាសន៍ថា គិតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ទទួលបានលិខិតសុំអន្តរាគមន៍ពីប្រជាពលរដ្ឋនៅឡើយទេ។

នៅពេលសួរថា អាជ្ញាធរនឹងចុះស្រាវជ្រាវដល់ទីតាំងដីនោះដែរឬទេ? លោកឆ្លើយថា៖ «ខ្ញុំនឹងសាកសួរទៅអាជ្ញាធរមូលដ្ឋានថាពិតជាមានរឿងហ្នឹងកើតឡើងអត់! ហើយសិនជាមាន យើងនឹងចុះចាត់វិធានការទប់ស្កាត់​។ យើងមិនបណ្ដោយឱ្យមានការកាប់ទន្ទ្រានអនាធិបតេយ្យ​ ឬបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេស​របស់សហគមន៍អីអ៊ីចឹង»។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា «ដីព្រៃសហគមន៍ពូទិល» នៅឃុំប៊ូស្រា មានប្រជាពលរដ្ឋជាង៣០០គ្រួសារ​កំពុងអាស្រ័យផល ដូចជា ធ្វើ​ចម្ការ និងរកជ័រ វល្លិ ផ្ដៅ ជាដើម។

លោកបន្តថា កត្តាដែលជំរុញឱ្យមានការកាប់បំផ្លាញព្រៃសហគមន៍នេះ ដោយសារតែអាជ្ញាធរចេះតែចុះហត្ថលេខាឱ្យទៅអ្នក​ទិញ បើទោះបីជាបានដឹងរួចហើយថាដីនេះជាដីរបស់សហគមន៍ក៏ដោយ ប៉ុន្តែអាជ្ញាធរមិនបានចូលរួមការពារឡើយ។

លោកថា៖ «នៅក្នុងច្បាប់ភូមិ មាត្រា២៨ បានចែងច្បាស់ថា ក្រៅពីសមាជិក គ្មានអាជ្ញាធរណា​ក៏អាចប៉ះពាល់​ដីសហគមន៍ជនជាតិដើមភាគតិចដែរ។ ប៉ុន្តែសព្វថ្ងៃហ្នឹង ដីសហគមន៍ត្រូវបានលក់ ត្រូវពុះជាដីឡូត៍ទៅឱ្យឧកញ៉ា ទៅឱ្យអ្នកធំអ្នកអី​ជាច្រើនមែនទែន។ អ៊ីចឹងខ្ញុំគិតថា អាជ្ញាធរត្រូវទទួលខុសត្រូវទាំងស្រុងតែម្ដង»។

លោក គ្រើង តុលា បន្តថា ដីព្រៃសហគមពូទិល ត្រូវបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀតតាំងពីឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែបើ​ទោះបីជាមានក្រសួងទទួលស្គាល់ក៏ពិតមែន ក៏អាជ្ញាធរមូលដ្ឋានមិនបានអើពើជួយទប់ស្កាត់ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ