សង្គម​ស៊ីវិល​បារម្ភ​ថា ការ​បើក​ប្រទេស​ឡើងវិញ​នឹង​អាច​ឆ្លង​កូវីដ-១៩​ធ្ងន់ធ្ងរ​បើ​មិន​ពង្រឹង​វិធាន​សុខាភិបាល

ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា នាំគ្នា​ទៅ​ផ្ដល់​សំណាក​យក​ទៅ​ធ្វើតេស្ត នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

​មន្ត្រីអង្គការសង្គមស៊ីវិល បារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំឡើងវិញ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធមិនបានពង្រឹងការអនុវត្តវិធានសុខាភិបាលឱ្យបានតឹងរ៉ឹងទេនោះ។

ការព្រួយបារម្ភនេះធ្វើឡើងបន្ទាប់ពីប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ​បា​នប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​​គ្រប់​វិស័យ​ ​ចាប់ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​​២០២១តទៅ ដោយយោង​ទៅលើ​កត្តា​សំខាន់​ចំនួន​៤ រួម​មាន ​ការសម្រេច​បាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​-១៩ ការ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​ក្នុង​ការព្យាបាល​ជំងឺ​កូវីដ-១៩ ការ​ឆ្លងកាត់​បទ​ពិសោធន៍​​នៃ​ការគ្រប់គ្រងទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ព្រមទាំង​របៀប​គ្រប់គ្រង​ទប់ស្កាត់​នៃ​ជំងឺ​នេះ​​ក្នុង​ទ្រង់ទ្រាយ​ធំ និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការការពារ​ខ្លួន និង​ការព្យាបាល​ជំងឺ​កូវីដ-១៩ ជាដើម​។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីការអភិវឌ្ឍនៅ​កម្ពុជា​ លោក យង់ គិមអេង មានប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា ​ការ​បើកប្រទេស​ឡើង​វិញ ​គឺ​ជា​រឿង​មួយ​ប្រសើរ​ ប៉ុន្តែ​​ត្រូវប្រយ័ត្នប្រយែងជានិច្ច ​​ពីព្រោះអាច​ឆ្លងរីករាលដាលសារជាថ្មី​មក​លើ​ប្រទេស​កម្ពុជា ដែលធ្វើឱ្យខូចខាតសេដ្ឋ​កិច្ច​យ៉ាងធ្ងន់​ធ្ងរ ខណៈនៅលើពិភពលោកមិនទាន់មាន​ការ​បើក​ប្រទេស​ពេញលេញ​នៅ​ឡើយ ​ហើយ​វី​រុស​ដែល​បំប្លែង​ខ្លួន​ថ្មី​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​ពិភពលោក។​

លោកលើកឡើងថា៖ «​​ហានិភ័យ​ឆ្លង​ហ្នឹង ​វា​អាច​នឹងកើតមាន ប្រសិន​បើ​អត់​មាន​ការប្រុង​ប្រយ័ត្ន​ អត់មាន​វិធានកា​រជាក់​លាក់​​ នេះ​ជារឿង​មួយ​សំខាន់! ​ព្រោះ​យើង​ដឹង​ហើយ​ថា ​ការ​ដើរ​ហើរ​មួយកន្លែង​ទៅមួយកន្លែង នៅ​ហាង​ផឹងកស៊ី​ ដែលធ្វើឱ្យមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ដំណាក់​កាល​នៃការ​បើក​ប្រទេស​ឡើង​វិញ​នេះ»។​​ ​

លោក​បន្ថែម​ថា​​៖ «នៅ​ក្នុង​ដំណាក់​​កាល​ដំបូង រដ្ឋាភិបាល​គួរតែ​កុំទាន់​​បើក​ដំណាលគ្នាចំពោះវិស័យ​ណា​​ដែល​ងាយ​ឆ្លង​កូវីដ-​១៩​ ​ដូច​ជា ​កន្លែង​កម្សាន្ត​ ក្លឹប​ ខារ៉ាអូខេ ជា​ដើម​ ត្រូវតែ​រក្សាវិធាន​ការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ និងសូមឱ្យ​មន្រ្តីថ្នាក់​មូល​ដ្ឋានអនុវត្តឱ្យមានប្រសិទ្ធភាព ចៀងវាងប្រព្រឹត្តអំពើពុករលួយ ជាដើម»។

ចំណែកសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី គាំទ្រ​រដ្ឋាភិបាលដែលបើកប្រទេសឱ្យដំណើរការឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលក្រីក្រនិងជំពាក់បំណុលធនាគារ បានរកប្រាក់សងបំណុលគេវិញ ។

ប៉ុន្តែលោកថា បើអាជ្ញាធរពាក់ព័ន្ធនិងប្រជាពលរដ្ឋមិនពង្រឹងការអនុវត្តវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនទេ នឹងធ្វើឱ្យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតែបន្តកើតមាន។

លោកមានប្រសាសន៍ថា៖ «សូមឱ្យបងប្អូនចេះការពារខ្លួនឯងគ្រប់ៗគ្នា ហើយកុំបណ្ដោយខ្លួន នៅពេលដែលរដ្ឋាភិបាលបើកទូលាយ។ យើងបណ្ដែតបណ្ដោយខ្លួន ជួបជុំគ្នាអត់ស្រាកស្រាន្ត ហើយយើងមិនការពារខ្លួន មិនពាក់ម៉ាស់ មិនរក្សាគម្លាតគ្នា មិនសម្អាត មិនអនាម័យខ្លួនយើង កន្លែង​ហ្នឹង​ហើយដែលធ្វើឱ្យជំងឺដ៏កាចសាហាវវាឆ្លង មិនមែនថាតែជំងឺកូវីដទេ វាមានជំងឺផ្សេងៗទៀត»។

អគ្គនាយកបច្ចេកទេសសុខាភិបាល លោក ហុក គឹមចេង មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មានប្រសិទ្ធភាពខ្ពស់បាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន និងកន្លែងកម្សាន្ត (ក្លឹប ខារ៉ាអូខេ) ឬកន្លែងដែលបិទជិត ជាដើម។

យ៉ាងណា លោក​បញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មទាំងអស់មិនអនុវត្តវិធានការសុខាភិបាលឱ្យ​បាន​​ខ្ជាប់​ខ្ជួន​ទេ ហើយ​ពលរដ្ឋឬម្ចាស់ទីតាំង​អាជីវកម្មនោះ​នាំឱ្យមានការរាលដាលជំងឺកាច​សាហាវនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

លោកមានប្រសាសន៍ថា៖ «នៅពេលដែលវិធានការច្បាប់នៃច្បាប់ស្ដីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នៅជាធរមាន ដូច្នេះ ក្នុងករណីដែលបុគ្គលណាមួយមានការឆ្លងកូវីដ គាត់មិនគោរពទៅតាមវិធានការរបស់រដ្ឋបាល នាំឱ្យឆ្លងទៅដល់អ្នកដទៃ គឺគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលចូលជាធរមាន»។

កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅក្រសួងសុខាភិបាលឱ្យពង្រឹងសមត្ថភាពព្យាបាលជំងឺ-១៩ឡើងវិញ ក្រោយរកឃើញថា អត្រាភាគរយនៃអ្នកស្លាប់នៅកម្ពុជា ដោយសារជំងឺរ​លាកផ្លូវដង្ហើមធ្ងន់ធ្ងរ​នេះ ខ្ពស់ជាងបណ្ដា​​ប្រទេស​មួយ​ចំនួន រួមទាំងប្រទេសថៃ និងវៀតណាម។

លោក​បញ្ជាក់ថា បើគិតពីអត្រាអ្នកឆ្លងជាចំនួនមនុស្ស កម្ពុជាមានអត្រាទាប​​ជាងបណ្ដា​ប្រទេសមួយចំនួន ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី បារាំង រុស្ស៊ី អាមេរិក និងចិន ជាដើម។ ប៉ុ​​ន្តែលោក​ថា បើគិតជាភាគរយនៃចំនួនអ្នកស្លាប់វិញ កម្ពុជាមានអត្រាខ្ពស់ជាងគេ ដោយលោកថា ជាតួលេខមួយស្ថិតក្នុងការព្រួយបាម្ភនៅឡើយ ដែលត្រូវពង្រឹងសមត្ថភាពព្យាបាលឡើងវិញ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារ​នេះ​ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៨ ៧០២​នាក់ ក្នុងនោះ ​​អ្នកជំងឺ​ព្យាបាល​​ជាសះស្បើយ​​ចំនួន១១៥ ០១៧​នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៨០០​នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៦៤៥នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ