តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​ករណី​សកម្មជន​ដីធ្លី​ម្នាក់ ដោយសារ​មន្ត្រី​ពន្ធនាគារ​ឆ្លង​កូវីដ-១៩

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ឆន ផល្លា ដែល​ជា​សកម្មជន​​​បរិស្ថាន​​និង​ដីធ្លី​ម្នាក់​នៅ​ខេត្តរតនគិរី ​បាន​ឱ្យ​ដឹង​ថា តុលាការ​​បានពន្យារពេលប្រកាសសាលក្រមកូនក្ដីរបស់ខ្លួន​ចំនួន២លើកមកហើយ ដោយសារមន្ត្រីនៅពន្ធនាគារខេត្តមានបញ្ហាឆ្លងជំងឺ​​កូវីដ-១៩។

មេធាវីការពារក្ដីឱ្យ​លោក ឆន ផល្លា គឺលោក សំ ទិត្យសីហា ប្រាប់ វីអូឌី ​នៅថ្ងៃពុធនេះថា ថ្នាក់ដឹកនាំពន្ធនាគារបានស្នើទៅតុលាការខេត្តរតនគិរី ដើម្បីសុំពន្យារពេលប្រកាសសាលក្រមជាលើកទី២ លើសំណុំរឿងលោក ឆន ផល្លា ទៅ​សប្ដាហ៍ក្រោយ​​វិញ ដោយសារមន្ត្រីពន្ធនាគារមួយចំនួនឆ្លងជំងឺកូវីដ-១៩។

លោកមានប្រសាសន៍ថា៖ ​«ខាងពន្ធនាគារ គេដាក់ពាក្យមួយស្នើសុំខាងតុលាការ សុំផ្អាកក្នុងការបញ្ជូនជនជាប់ចោទ ជនត្រូវចោទ ដែលកំពុងតែឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរីហ្នឹង សុំផ្អាករយៈពេល៧ថ្ងៃក្នុងការដឹកជញ្ជូន ដោយសារមានមន្ត្រីពន្ធនាគារចំនួន៧នាក់ គាត់មានបញ្ហាឆ្លងកូវីដ-១៩ អ៊ីចឹងតុលាការសម្រេចថា លើកពេលប្រកាសសាលក្រមទៅថ្ងៃទី១០ ខែវិច្ឆិកាវិញ»

លោក ឆន ផល្លា ត្រូវបានតុលាការបើកសវនាការកាត់ទោស កាលពីដើមខែតុលា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។ តុលាការគ្រោងប្រកាសសាលក្រមលើសំណុំរឿងរបស់លោកនៅថ្ងៃទី២៧ ខែតុលា ប៉ុន្តែបានលើកពេលមកថ្ងៃទី៤ ខែវិច្ឆិកា និងបានស្នើសុំលើកពេលម្ដងទៀតទៅថ្ងៃទី១០ ខែវិច្ឆិកាវិញ។

ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​ លោក​ អ៊ុក គឹមជន មានប្រសាសន៍ថា ដើមចមដែលនាំឱ្យគាត់ស្នើទៅតុលាការសុំពន្យារពេលនាំជនជាប់ចោទនិងជនត្រូវចោទទៅតុលាការកាត់សេចក្ដី ដោយសារមន្ត្រីពន្ធនាគារចំនួន៨នាក់ឆ្លងជំងឺកូវីដ-១៩ កាលពីសប្ដាហ៍មុន។

លោកបន្ត​​ថា បច្ចុប្បន្ននេះ ស្ថានភាពសុខភាពរបស់មន្ត្រីដែលឆ្លងជំងឺកូវីដ-១៩​បាន​ធូរស្រាលច្រើន ខណៈអ្នកជាប់ឃុំផ្សេងទៀតមិនមានអ្នកឆ្លងនោះទេ។ លោកថា នៅដើមសប្ដាហ៍ក្រោយ ខាងពន្ធនាគារនឹងបញ្ជូនអ្នកជាប់ឃុំទាំងនោះទៅតុលាការកាត់សេចក្ដីជាថ្មីវិញផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងស្នើសុំពន្យារពេលការជម្រះ​ក្ដី! ពីមុន មន្ត្រីយើងក្អក ផ្តាសាយឈឺកសឹងគ្រប់គ្នា តែឥលូវស្ថានភាពមន្ត្រីខ្ញុំ យើងតេស្តទៅ អត់មានអ្នកឆ្លងបន្តទេ។ អ៊ីចឹង​វាអាចធូរស្រាលវិញ មួយសប្ដាហ៍នេះ យើងផុតការស្នើសុំពន្យារពេលហើយ ដូចជាថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដល់ពេលដែលយើងនាំគាត់ទៅជំនុំជម្រះវិញហើយ»

គួររំឮកថា លោក ឆន ផល្លា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពី​ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ថា ​​សកម្មជនរូបនោះមិនព្រមចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ឈ្មោះ នៅ យ៉ារ័ត្ន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»

លោក ឆន ផល្លា ដែលមានវ័យ៤២ឆ្នាំ ធ្លាប់បានប្រាប់ វីអូឌី នាពេល​កន្ល​ងមក​ថា រូប​លោក​​​បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ២០១៦ ប៉ុន្តែ​​ចាប់តាំងពី​ឆ្នាំ២០១៧មក លោក​​ធ្លាប់បាន​ដាក់ពាក្យ​ប្តឹង​ចំនួន៨ករណី​ទៅ​តុលាការ​ប្រឆាំង​​នឹង​មន្ត្រី​​មូលដ្ឋាននិង​ពលរដ្ឋ​មួយចំនួន​ទៀត​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើនិង​ការ​ទន្រ្ទាន​ដី​សហគមន៍ ប៉ុន្តែលោក​ថា ប្រមាណ៤ឆ្នាំ​មកនេះគ្មាន​បណ្ដឹង​ណា​មួយ​របស់​លោក​ត្រូវ​បាន​ចាត់ការ​នោះ​ឡើយ។

មិនតែប៉ុណ្ណោះ លោកថា កាលពីខែកក្កដា ឆ្នាំ២០២០ លោក​ធ្លាប់ត្រូវបានមនុស្សមួយ​ក្រុម​ព្រួតគ្នាវាយដំយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខអាជ្ញាធរមូលដ្ឋាន​ក្នុងវេទិកាសាធារណៈមួយ នៅពេលដែលលោកបានចោទសួរទៅកាន់អាជ្ញាធរពាក់ព័ន្ធ​នឹងការបណ្ដែតបណ្ដោយឱ្យមាន​បទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ