បារាំង​ផ្ដល់​ជំនួយ​ជាង​៥០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​ពង្រឹង​វិស័យ​អាកាសចរណ៍

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល. State Secretariat of Civil Aviation)

មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ប្រទេសបារាំងបាន​ផ្ដល់​ជំនួយ៤៥ម៉ឺនអឺរ៉ូ ឬស្មើ​ជាង​​៥២​ម៉ឺន​​ដុល្លារ​ ដល់​កម្ពុជា សម្រាប់ជួយ​ផ្នែក​​បច្ចេកទេស​ និង​ពង្រឹង​​សមត្ថភាពអាកាសយានដ្ឋាន​កម្ពុជា ស្រប​ពេល​​អាកាស​​យានដ្ឋាន​​តារា​សាគរ​ នៅខេត្តកោះកុង គ្រោង​​នឹងដាក់ដំណើរការសាកល្បងនៅដើមឆ្នាំ២០២២។

អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​ លោក​ ស៊ី ចាន់​សិរី​វុត្ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​​​នេះ​​​ថា ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃម្សិលមិញ ប្រទេស​​បារាំងបាន​​ផ្ដល់ជំនួយ​នូវ​ទឹក​ប្រាក់ជាង៥២ម៉ឺនដុល្លារ ដែលជំនួយនេះ​នឹង​ផ្ដោត​លើ​ការ​ងារ​ជាអាទិភាពចំនួន៤ រួម​មាន ការ​​​​កែលម្អបរិស្ថាន​អាកាសយានដ្ឋាន​ ការ​​​ជួសជុលនិង​ថែទាំ​​អាកាសយានដ្ឋាន​ ការកសាងសម្ថភាព​និងពង្រឹង​ផ្នែក​ពេទ្យ​ និង​ការពង្រឹងសុវត្ថិ​ភាព​នៅអាកាសយានដ្ឋាន​។

លោកបន្តទៀតថា ​កិច្ចសហប្រតិបត្តិការ​បារាំងជាមួយកម្ពុជាចាប់ផ្តើមតាំង​ពីឆ្នាំ១៩៩៩​មក ក្នុង​នោះ បារាំងបានជួយ​ដល់​​កម្ពុជាជាច្រើន ដូចជា ការផ្ដល់ជំនួយ​ជា​កញ្ចប់ថវិកា ផ្ដល់អាហារូបករណ៍ដល់​និស្សិត​កម្ពុជា និងផ្ដល់អ្នកជំនាញការ​មកកម្ពុជា ជាដើម។

លោក លោក​ ស៊ី ចាន់​សិរី​វុត្ថា បន្ថែម​ថា៖ «យើងស្នើសុំគេ ​ព្រោះយើងមាន​កិច្ចសហប្រតិបត្តិ​ការ​ជា​មួយ​បារាំង​យូរឆ្នាំ​ហើយ​ តែកន្លងមក​ក៏វារយាលទៅតាំងពីឆ្នាំ១៩៩៩មក ​បារាំងបាន​ផ្ដល់ឱ្យ​យើង​ដែរ​ហ្នឹង​ ផ្ដល់អ្នក​រៀន​ទៅ​បារាំង​ ផ្ដល់ជំនាញការមកធ្វើការ​ជាមួយ​យើង​ ធ្លាប់ផ្ដល់ការសិក្សាជាដើម»។

ចំណែក ការ​ដាក់​ដំណើរការ​អាកាសយានដ្ឋានតារាសាគរ នៅខេត្តកោះកុង​​វិញ លោក​ ស៊ី ចាន់​សិរី​វុត្ថា គូសបញ្ជាក់​​ថា ​បើមិនមាន​ឧបសគ្គទេ​ អាកាសយាន​ដ្ឋាននេះនឹងចាប់ផ្ដើមដំណើរការ​សាកល្បងនៅដើមឆ្នាំ២០២២ខាងមុខនេះ ហើយ​​នឹង​ឈានទៅរកការបើកដំណើរការជាផ្លូវការឆាប់ៗនេះ។ លោក​បន្តថា កន្លងមក​ មាន​បញ្ហា​ប្រឈមមួយ​ចំនួនដែលធ្វើ​ឱ្យ​ការ​សាង​សង់​អាកាសយាន​ដ្ឋាន​នេះ មាន​ភាពយឺតយ៉ាវ​ ក្នុងនោះ​មានកត្តាធាតុអាកាស​ រួមមាន ​ខ្យល់ព្យុះ និង​ទឹកជំនន់​ ក៏ដូចជាការរាតត្បាត​ជំងឺកូវីដ-១៩ នៅក្នុងការដ្ឋានសាងសង់ផងដែរ។

គួរ​បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិនមួយឈ្មោះ Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើ​ផ្ទៃដីជាង២១៨ហិកតា និងមានសមត្ថភាពអាចផ្ទុកយន្តហោះធុន Boeing 777 និង Airbus A340 បានផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ