បទវិភាគ​៖ វិបត្តិ​ផ្លូវថ្នល់​កម្ពុជា

សកម្មភាពជួសជុលផ្លូវមួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំង កាលពីខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានប្រកាសប្ដេជ្ញាចិត្តនៅមុខមហាជនថា វិបត្តិផ្លូវថ្នល់នៅកម្ពុជានឹងលែងចោទជាបញ្ហាទៀតហើយ ពិសេសនឹងលែង​​ឮពាក្យថា «ចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង» ឬ «ផ្លូវសំបុកមាន់» ឬ «ការ​ធ្វើផ្លូវមុខខូចក្រោយ ធ្វើក្រោយខូចមុខ» ឬ «ផ្លូវគ្មានគុណភាព» ជាដើម។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ថា ផ្លូវថ្នល់នៅកម្ពុជាសំដៅដល់ទំហំផ្លូវទាំងមូល រួម​មាន តួ​ផ្លូវ ទ្រូងផ្លូវ ជាយ​ផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ពីផ្លូវថ្នល់ ជាដើម។ ផ្លូវថ្នល់នៅ​កម្ពុជាត្រូវបានគេបែងចែកជា៦ប្រភេទ រួមមាន ផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ផ្លូវទីក្រុង ឬ​ទីប្រជុំជននានា និងប្រភេទផ្លូវផ្សេងៗទៀត​ ដែលកំណត់ដោយរដ្ឋាភិបាល។

​យោងតាមគេហទំព័រអង្គការទិន្នន័យអភិវឌ្ឍន៍កម្ពុជា ដែល​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ កាលពីថ្ងៃទី២៣​ ខែមេ​សា​ ឆ្នាំ២០១៩ ឱ្យដឹងថា ប្រវែង​ផ្លូវ​សរុប​នៅ​កម្ពុជា​មានជិត៥ម៉ឺនគីឡូម៉ែត្រ (​៤៧ ២៦៣គីឡូម៉ែត្រ​​)​ ក្នុង​នោះ​ ៧៤%​ ជា​ផ្លូវ​ខេត្ត​នៅ​ទី​ជនបទ​។​ ​

លោក ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា កាលពីឆ្នាំមុន កម្ពុជាបានរង​គ្រោះដោយសារជំនន់ទឹកភ្លៀង បណ្ដាល​ឱ្យ​ផ្លូវថ្នល់ចំនួន១២៣ខ្សែ ស្មើនឹ​ង៣០៨​កំណាត់ និងមានប្រវែងសរុបចំនួន៤០០គីឡូម៉ែត្រ រងការលិចលង់និងបំផ្លាញ។  ​

យ៉ាងណា ក្រៅពីកត្តាធម្មជាតិដែលអាចបំផ្លាញដល់ផ្លូវថ្នល់កម្ពុជា ក្រុមអ្នកឃ្លាំមើលសង្កេតឃើញថា គុណភាពផ្លូវថ្នល់​​នៅតែជាបញ្ហាប្រឈមដែល​​មិនទាន់ដោះស្រាយ​​បាន ក្នុងនោះមាន​បញ្ហាធំ​​មួយ​​ដែ​ល​​ធ្វើ​ឱ្យ​ការ​​កសាងផ្លូវថ្នល់​មិនសូវមានគុណភាពនិង​មិនបានជាប់យូរអង្វែង នោះ​គឺ​បញ្ហានៃអំពើពុករលួយ។

តើវិបត្តិផ្លូវថ្នល់នៅកម្ពុជាអាចនឹងដោះស្រាយបានដោយរបៀបណា?

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អំពើពុករលួយជាផ្នែកមួយដ៏សំខាន់ដែលបង្កផលប៉ះពាល់​ដល់ដំណើរការសាងសង់ផ្លូវថ្នល់និងគុណភាពផ្លូវ។ លោកបន្តថា អំពើពុករលួយ​បាន​បង្កឱ្យមានការគប់គិតគ្នាលួចស៊ីលើស៊ីក្រោម ឬ​កសាងផ្លូវមិនត្រូវតាមស្តង់ដារបច្ចេកទេស។ លើស​ពីនេះ លោកថា អំពើពុករលួយ​ទៀត​សោតក៏ជាកត្តាបណ្ដោយ​ឱ្យមា​ន​រថយន្តលើសទម្ងន់អាចចរា​ចរ​នៅលើដងផ្លូវសាធារណៈ​បាន​ដោយល្មើស​ច្បាប់ ​បង្កជាគ្រោះមហន្តរាយដល់ផ្លូវថ្នល់ផងដែរ។

លោកមានប្រសាសន៍ថា៖ «បានន័យថា យើងធ្វើផ្លូវខ្វះគុណភាពទៅហើយ ដោយសារអំពើពុករលួយហ្នឹង! យើងបាត់បង់គុណភាពផ្លូវ​ ឧទាហរណ៍ថា ផ្លូវដែលយើងត្រូវធ្វើមានអាយុ១០ឆ្នាំ ដោយសារលួចគុណភាពទៅមក នៅតែ៥ឆ្នាំ។ ទីពីរ អ្នកដឹកជញ្ជូន ពិសេសអ្នកដឹកអីវ៉ាន់ធ្ងន់ ដឹកដី ដឹកអីហ្នឹង តាមពិតគេកំណត់ចំនួនឱ្យគាត់ដឹក ដើម្បីធានាថាផ្លូវហ្នឹងមិនខូច ដល់ពេលអាជ្ញាធរខ្លះអនុវត្តច្បាប់ចរាចរណ៍ហ្នឹង គាត់យក​លុយគេទៅទៀត ដល់អ៊ីចឹងទៅរឹតតែធ្វើឱ្យគុណភាពផ្លូវហ្នឹងឆាប់ខូចទៅទៀត»។

លោក ប៉ិច ពិសី បន្ថែម​​ថា អំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវនេះ សូម្បីតែមន្ត្រីរដ្ឋាភិបាលខ្លួនឯងពេលខ្លះក៏ទទួលស្គាល់ដែរ ពិសេសការទទួលស្គាល់ថាពិតជាមានករណីចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងនោះមែន។

​កាលពីខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល អះអាងថា វាគ្រប់គ្រាន់​ហើយ ​និងទទួលយកមិនបានទៀតឡើយ ចំពោះការលើកឡើងអំពីផ្លូវសំបុកមាន់ ការធ្វើផ្លូវគ្មានគុណភាព គ្មានបច្ចេកទេស ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬផ្លូវចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង ជាដើម។ ជាមួយគ្នានេះ លោក​​ប្តេជ្ញា​ថា នឹង​​កែលម្អនិងស្ថាបនាផ្លូវថ្នល់​ដោយ​គោរពតាមយន្តការគុណភាពនិង​បច្ចេកទេស​ជា​សំខាន់​ ដើម្បីជាតម្រូវការយូរអង្វែងរបស់ពលរដ្ឋ​ និងចៀសវាង​ការខាតបង់ថវិកាជាតិ​លើបញ្ហានេះ។

លោកមានប្រសាសន៍ថា៖ «ត្រូវធ្វើផ្លូវឱ្យមានគុណភាព ធ្វើផ្លូវឱ្យរឹងមាំ។ ដូច្នេះ យើងបាន​បង្កើត​ក្រុម​​ពិសេស​ អត់ប្រាប់មុនទេ! ពីរក្រុមនេះនឹងចុះទៅដោយគ្មានប្រាប់មុន ដោយត្រូវខួងៗ តែមិនគ្រប់លក្ខណៈបច្ចេក​ទេស​ទេ ត្រូវទទួលខុសត្រូវ ដូចជា​ត្រូវពិន័យ​រដ្ឋបាល។ល។ យើងត្រូវធ្វើអីចឹង! យើងពង្រឹងបច្ចេកទេស​ក្នុងការកសាងផ្លូវរបស់យើង មិនអនុញ្ញាតឱ្យសាងសង់ផ្លូវដែលគ្មានគុណភាពទៀតទេ​»។

ជាង១ឆ្នាំក្រោយមក ពោលគឺនៅខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបង្ហាញការសោកស្ដាយចំពោះការធ្វើផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរេញ ខេត្តព្រះសីហនុ ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ធ្វើឡើងដោយមិនមានគុណភាព។

ក្រៅពីថ្លែងសុំ​ទោសទៅកាន់អ្នកប្រើប្រាស់ផ្លូវពេលនោះ រដ្ឋមន្ត្រីដដែលក៏បានអះអាងថា លោកបានដឹងពីមូលហេតុដែលធ្វើឱ្យការសាងសង់ ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ៣ដែលគ្មានគុណភាពនេះ​ ហើយលោកក៏បានបញ្ចប់គម្រោងរបស់ក្រុមហ៊ុន​មុនកំណត់ ព្រមទាំងដកមន្ត្រីក្រសួងសាធារណការ​​ដែលជាម្ចាស់គម្រោង​មួយនេះចេញទៀតផង ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការពិន័យរដ្ឋបាលឬផ្លូវច្បាប់ទៅលើពួកគេនោះទេ។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា​៖ «ពេលយើង​ខ្ញុំចុះ​មកត្រួតពិនិត្យ [កំណាត់ផ្លូវជាតិលេខ៣] ក៏ឃើញមានការខ្វះខាតរបស់ក្រុមហ៊ុនបច្ចេកទេស KCRI ដែលអ្នកត្រួតពិនិត្យគុណភាពការសាងសង់ ការស្ដារផ្លូវលេខ៣នេះ ពីកំពត ទៅវាលរេញ។ ឃើញដូច្នេះ ខ្ញុំ​បាន​បញ្ចប់ បានសុំឱ្យក្រុមហ៊ុន​ KCRI ដកប្រធានរបស់គាត់ចេញ ដកមន្ត្រីរបស់គាត់៦នាក់ឱ្យចេញពីគម្រោងនេះ ដោយសារធ្វើការមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ទីពីរ រដ្ឋលេខាធិការរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន ដែលជាម្ចាស់គម្រោង ក៏ខ្ញុំផ្អាកគាត់ លែងឱ្យគាត់កាន់គម្រោងនេះតទៅទៀត»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក​បណ្ឌិត សេង សារី មានប្រសាសន៍ថា វិបត្តិផ្លូវថ្នល់នៅកម្ពុជា ​មា​នកត្តាច្រើន​ដែល​ធ្វើឱ្យការកសាងផ្លូវមិនសូវមានគុណភាព ដូចជា កត្តាខ្វះតម្លាភាពនៃការគ្រប់គ្រងថវិកាអនុវត្តគម្រោង និង​បញ្ហាអំពើពុករលួយ ជាដើម​។ លើសពីនេះ ការជ្រើសរើសប្រភេទផ្លូវសម្រាប់សាងសង់នៅកម្ពុជា ​ច្រើនតែ​យកកម្រិតកណ្ដាលឬ​កម្រិតអន់ ដើម្បីបានចម្ងាយវែង ហើយត្រូវកាត់បន្ថយគុណភាពវិញ។

លោកបន្តថា បញ្ហាគ្រោះទឹកជំនន់ ពិសេសជំនន់​ដោយសារការលុបបឹង ស្ទឹងធម្មជាតិ និងកង្វះផែនការមេ​ ព្រម​ទាំងកង្វះការចូលរួមថែទាំផ្លូវ ទាំងរាជការ និងពលរដ្ឋ ក៏ជាមូលហេតុធ្វើឱ្យផ្លូវថ្នល់កម្ពុជានៅតែជួបបញ្ហាប្រឈមដែរ។

លោកផ្ដល់អនុសាសន៍ថា៖ «សំខាន់ការរៀបចំប្រព័ន្ធសង្គម ជាពិសេសអំពើពុករលួយហ្នឹង ប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព។ ទន្ទឹមការដោះស្រាយបញ្ហាផ្លូវឱ្យពលរដ្ឋជាបណ្ដោះអាសន្ន មានន័យថា យើងធ្វើអាល្មម ឱ្យពលរដ្ឋប្រើប្រាស់១០ឬ២០ឆ្នាំអ៊ីចឹងទៅ។ ទន្ទឹមហ្នឹង យើងធ្វើម៉េចពង្រឹងគុណភាពផ្លូវ Premium quality ឱ្យកាន់តែយូរ វែងទៅៗ»។

ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០១៤ ក៏បានចែង​ដាក់ទោសទណ្ឌឬពិន័យចំពោះបុគ្គលឬក្រុមហ៊ុនសាងសង់ផ្លូវដែលគ្មានបច្ចេកទេស ព្រមទាំងបុគ្គលដែលធ្វើឱ្យប៉ះពាល់ឬខូចខាតផ្លូវថ្នល់ថែមទៀតផង។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ច្បាប់ស្ដីពីផ្លូវថ្នល់នោះហាក់មិនត្រូវបានគេយកមកប្រើឱ្យបានទូលំទូលាយនោះឡើយ។ ​

លោកបន្ថែមថា នៅពេលការកសាងផ្លូវមួយដែលគ្មានគុណភាពដោយសារកត្តាផ្សេងៗ​ ពិសេស​អំពើពុក​រលួយ​​នោះ នឹងធ្វើឱ្យកម្ពុជាបន្តខាតបង់ថវិកាលើការកសាងនិងជួសជុលផ្លូវនោះឥតស្រាកស្រាន្ត។

លោកមានប្រសាសន៍ថា៖ «អ្វីដែលជាផលប៉ះពាល់ ទី១ យើងធ្វើម៉េច? ដោយសារយើងពឹងផ្អែកទៅលើជំនួយ។ អ៊ីចឹងបើគុណភាពផ្លូវរបស់យើងធ្វើមិនបានល្អ ហើយយើងខ្ចីគេមកធ្វើម្ដង ខ្ចីគេមកថែទាំមកជួសជុលទៀត។ អាហ្នឹងហើយដែលគេហៅថា បំណុលយើងកាន់តែកើន បាទ! រឿងទីពីរទៀត ធ្វើឱ្យពលរដ្ឋមានការធុញថប់ មានការមិនសប្បាយចិត្ត ធ្វើឱ្យគាត់ពិបាកក្នុងការធ្វើដំណើរ»។

ក្រុមអ្នកតាមដានសង្គមទាំងនេះយល់ថា ដើម្បីដោះស្រាយនូវវិបត្តិផ្លូវថ្នល់កម្ពុជា រដ្ឋាភិបាល​ត្រូវបង្ហាញឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់អំពើពុករលួយ ហើយបើកទូលាយឱ្យពលរដ្ឋបានដឹងពីចំណូលនិងចំណាយលើគម្រោងសាងសង់ផ្លូវទាំងនោះប្រកបដោយតម្លាភាព បង្កើនយន្តការត្រួតពិនិត្យតាមដាន​ផ្លូវថ្នល់ឱ្យបានជាប់ជាប្រចាំ ដោយបើកទូលាយឱ្យពលរដ្ឋចូលរួមផ្ដល់យោបល់ និងដោះស្រាយនូវអ្វីដែលជាកង្វល់របស់ពួកគាត់។ បន្ថែមពីនេះ ការរៀបចំប្លង់មេក្នុងការរៀបចំសង្គមឱ្យបានប្រសើរ ​ហើយអ្វីដែលសំខាន់នោះ គឺការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនិងស្មើភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ