ស្នងការ​ខេត្ត​ព្រះសីហនុ ថា​មិនទាន់​ទទួល​បាន​បណ្ដឹង​រឿង​មនុស្ស​៣​នាក់​ត្រូវ​គេ​លក់​និង​បង្ខំ​ឱ្យ​ធ្វើការ

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

ស្នងការនគរបាលខេត្តព្រះសីហនុ អះអាងថា ខ្លួន​មិនទាន់ទទួលបាន​បណ្ដឹង​​ពី​​សាច់ញាតិជនរ​ងគ្រោះ ដែល​​​​ប្ដឹង​​​រឿង​បងប្អូនរបស់ពួកគេចំនួន៣នាក់ត្រូវបានគេលក់និងបង្ខំឱ្យធ្វើការងារនោះនៅឡើយទេ ប៉ុន្តែ​សមត្ថកិច្ចនឹងស្រាវជ្រាវរកបណ្ដឹងនោះនិងមានចំណាត់ការ​។

សាច់ញាតិ​ជនរងគ្រោះបានប្រាប់ វីអូឌី កាលពីថ្ងៃ​ម្សិលមិញ​ថា ពួកគាត់​បាន​ដាក់ពាក្យ​​បណ្ដឹង​មួយ​ទៅ​ស្នងការ​​ដ្ឋាន​​នគរបាល​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី១​ ខែវិច្ឆិ​កា ឆ្នាំ​២០២១ ដើម្បីសុំអន្តរាគមន៍​ពី​សមត្ថកិច្ចឱ្យជួយប្អូនៗ​របស់​ពួក​គេ​ ៣នាក់ ដែល​ត្រូវ​​ថៅកែជ​នជាតិចិន​លក់និង​​បង្ខំ​ឱ្យ​ធ្វើការ​ងារ​នៅក្នុង​ក្រុម​ហ៊ុន​កាស៊ីណូមួយ​ក្នុង​​ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់ វីអូឌី នៅព្រហស្បតិ៍​នេះ​ថា រហូត​មក​ដល់​ម៉ោង១១​ព្រឹក​ថ្ងៃនេះ លោក​មិន​ទាន់​ទទួលបានព័ត៌មាននិង​បណ្ដឹង​ពាក់​ព័ន្ធ​រឿង​លក់​មនុស្សនិងបង្ខំឱ្យធ្វើការ​ងារ​នេះ​នៅ​ឡើយ​ទេ។ លោកថា លោកនឹងឱ្យមន្ត្រីស្រាវជ្រាវករណីនេះ ដើម្បីមានចំណាត់ការបន្តទៀត។

ស្នងការរូបនេះបាន​ស្នើដល់សាច់ញាតិជន​រង​គ្រោះ​​ ត្រូវ​សហការជាមួយសមត្ថកិច្ច​ឱ្យបានលឿនបំផុត ដើម្បី​ឱ្យ​​​មន្ត្រី​ជំនាញ​​មាន​ចំណាត់​​ការ​លើ​រឿង​នេះ ​ព្រោះបើ​​​សាច់ញាតិ​​​ផ្ដល់​ព័ត៌មាន​ឱ្យ​តែ​ខាង​សារ​ព័ត៌​មាន នោះ​នឹង​​ធ្វើ​​ឱ្យ​​សមត្ថកិច្ចពិបាក​ធ្វើការ។​​

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំអត់យល់គាត់ហ្នឹង! សុំសហការជាមួយសមត្ថ​កិច្ច ឬឱ្យខាងសាព័ត៌មាន​ជួយសហការ​ ពីព្រោះ​យើង​នឹង​ទទួល​បណ្ដឹង​គ្រប់រឿង ទោះរឿងពិតឬមិន​ពិត គឺត្រូវតែ​ទទួល! ដើម្បីបែង​ចែកជំនាញ​ចុះ​ប្រតិបត្តិការ។ អ៊ីចឹង​ខ្ញុំសុំឱ្យដើម​បណ្ដឹង​ហ្នឹងត្រូវសហការជាមួយសមត្ថកិច្ច»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីសាច់ញាតិជនរងគ្រោះបានទេ នៅថ្ងៃព្រហស្បតិ៍​នេះ ដោយទូរសព្ទចូលតែគ្មាន​អ្នក​ទទួល។

ក្នុងបណ្ដឹងដាក់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ​ខែវិច្ឆិកា​នេះ លោក ឃុត ហេង រស់​​នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងជនជាតិចិនម្នាក់ដែលមាន​ឈ្មោះហៅក្រៅ «អាឡុង» និង​ក្រុមហ៊ុនកាស៊ីណូមួយ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយចោទថា បាន​យក​ប្អូនស្រី២នាក់និងប្អូនប្រុសម្នាក់របស់លោក ទៅ​ធ្វើការនៅក្រុមហ៊ុនរបស់ពួកគេដោយ​បង្ខំ​​ ហើយបានលក់បន្តពីក្រុមហ៊ុនមួយ​ទៅក្រុមហ៊ុន​មួយ និងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រួមទាំងរឹតត្បិតសិទ្ធិរបស់ពួកគេគ្រប់យ៉ាងថែមទៀត។

លោក ឃុត ហេង បានលើកឡើងក្នុងបណ្ដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកបានទទួលទូរសព្ទ​ពីប្អូនស្រីរបស់លោក ដោយនាង​បានរៀបរាប់​ថា ពួកគេទាំង៣នាក់ត្រូវគេលក់​ឱ្យទៅ​ធ្វើការផ្នែក​អនឡាញ​នៅក្រុមហ៊ុនមួយដែលពួកគេមិនដឹងឈ្មោះ និងសន្យាផ្ដល់ប្រាក់ឈ្នួលចំនួន១ ០០០ដុល្លារក្នុងមួយខែ។

បណ្ដឹងដដែល​ឱ្យដឹងទៀត​ថា ក្រោយ​ប្អូនប្រុស​ស្រីរបស់លោក​បម្រើការងារអស់រយៈពេលជាង​២ខែ ពួក​គេទទួល​បាន​ប្រាក់​ឈ្នួលតែ៥០០ដុល្លារប៉ុណ្ណោះ ហើយក៏បានសុំឈប់ពីការងារ ប៉ុន្តែខាងក្រុមហ៊ុនមិនអនុ​ញ្ញាត​​ឱ្យឈប់​​ឡើយ ដោយ​បន្ត​ឃុំឃាំ​ងនិងបង្ខំឱ្យចុះកុងត្រាធ្វើការងាររយៈពេល១២ខែទៀត រួមទាំងគំរាមលក់បន្តទៅក្រុមហ៊ុនផ្សេងមួយទៀតផង។

ករណីនេះ មន្ត្រីសង្គមស៊ីវិលបានជំរុញដល់សមត្ថកិច្ចខេត្តព្រះសីហនុឱ្យ ធ្វើការស៊ីបអង្កេតដោយយកចិត្តទុកដា​ក់ទៅលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងធ្វើការសិក្សាស្រាវជ្រាវអំពីប្រភពនៃប្រតិបត្តិ​ការ​ក្រុមហ៊ុន​​​ល្បែង​​ស៊ីសងនេះផងដែរ​។ ក្នុងករណីក្រុមហ៊ុននោះ​បើកល្បែងស៊ីសងខុសច្បាប់ និងធ្វើការបង្ខាំងមនុស្សខុសច្បាប់ លោកថា សមត្ថកិច្ចត្រូវវែកមុខរកជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់ឱ្យ​​ខានតែបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ