អាជ្ញាធរ​ខេត្តកណ្ដាល​ចុះ​សម្រប​សម្រួល​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ក្រោយ​ផ្ទុះ​ការ​តវ៉ា

អាជ្ញាធរស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចុះវាស់វែងដីធ្លី និងជួបជាមួយពលរដ្ឋមានជម្លោះដីធ្លីក្រោមគម្រោងព្រលានយន្តហោះថ្មី នៅថ្ងៃទី៤ ខែវិឆ្ឆិកា ឆ្នាំ២០២១។ (ពលរដ្ឋអ្នកសារព័ត៌មាន)

អាជ្ញាធរស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមន្ដ្រីជំនាញ បានចុះវាស់វែងនិងសម្របសម្រួលជាមួយពលរដ្ឋមានជម្លោះដីធ្លីពាក់ព័ន្ធនឹងគម្រោងព្រលានយន្ដហោះថ្មី បន្ទាប់ពីមានការតវ៉ារហូតមានការប៉ះទង្គិចគ្នា និងចាប់ពលរដ្ឋដាក់ពន្ធនាគារ។

សេចក្ដីរាយការណ៍ពីពលរដ្ឋអ្នកសារព័ត៌មាន ឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ដ្រីជំនាញមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចុះមកវាស់វែងផ្ទះសម្បែងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន៦៦គ្រួសារ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដើម្បីធ្វើការវាយតម្លៃនិងគិតគូរបញ្ហាសំណងម្ដងទៀត ដែលនេះជាបញ្ហាចម្រូងចម្រាសមួយ ដោយសារពលរដ្ឋអះអាងថា ពួកគេមិនអាចទទួលយកបាន។ 

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានគូសបញ្ជាក់ថា ក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ដឹកនាំដោយក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ កំពុងចុះប្រមូលទិន្នន័យ កំណត់ប្រភេទគ្រួសាររងផលប៉ះពាល់ និងធ្វើជំរឿនពលរដ្ឋម្ចាស់ដីចំនួន៦៦ខ្នង ដើម្បីសម្របសម្រួលនិងដោះស្រាយទំនាស់ដែលកំពុងអូសបន្លាយនេះ។

សេចក្ដីជូនដំណឹងគូសបញ្ជាក់ថា៖ «រដ្ឋបាលស្រុកកណ្ដាលស្ទឹងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋចំនួន៦៦ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី នឹងសហការចូលរួមជាមួយក្រុមការងារគាំទ្រដល់ការងាររៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ឱ្យបានទទួលបានជោគជ័យ»។

បើតាមសម្ដីមន្ដ្រីដែលចុះជួបប្រជាពលរដ្ឋ ក្រុមគ្រួសារដែលរងផលប៉ះពាល់ដីនិងផ្ទះ នឹងត្រូវផ្លាស់ទៅទីតាំងថ្មី ស្ថិតនៅភូមិអំពៅព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទទួលនូវទំហំដីដដែល។

តំណាងក្រុមហ៊ុន OCIC លោក ជីវ កុកសាយ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថាការដោះដូរដីផ្ទះសម្បែងសម្រាប់អ្នកដែលរងផលប៉ះពាល់ មាន២ជម្រើស ដោយទីមួយ គឺការទូទាត់ជាថវិកា និងទី២ គឺក្រុមហ៊ុននឹងសាងសង់ផ្ទះឱ្យពលរដ្ឋតាមការចង់បានរបស់ពួកគេ។

លោកបន្ថែមថា៖ «យើងសុំឱ្យប្រជាពលរដ្ឋសហការចំពោះបញ្ហានេះ។ បើមិនអ៊ីចឹងទេ គឺពិបាកក្នុងការដោះស្រាយហើយ»។

ប៉ុន្ដែភាគីពលរដ្ឋនៅតែស្ទាក់ស្ទើរចិត្ត​និងការព្រួយបារម្ភ ដោយមិនដឹងថា ការប្ដូរដីនិងទីកន្លែងរស់នៅ នឹងមានបញ្ហាប្រឈមអ្វីខ្លះ ហើយពលរដ្ឋខ្លះទៀតមិនចង់ចេញពីស្រុកកំណើតឡើយ ព្រោះជាដីដូនតានិងងាយស្រួលប្រកបរបរចិញ្ចឹមជីវិត។

ពលរដ្ឋម្នាក់ លោក ទួន វណ្ណៈ ប្រាប់ពលរដ្ឋអ្នកសារពត៌មាន CCIM ថាផ្ទះរបស់គាត់សព្វថ្ងៃ គឺទើបតែសាងសង់ឡើង ដោយលោកបានលក់ដីកេរឪពុកម្ដាយរបស់លោកដើម្បីយកមកធ្វើ និងសង្ឃឹមថាអាចរស់នៅបានសុខសាន្ដនៅទីនេះ ប៉ុន្ដែបែរជាត្រូវបង្ខំឱ្យចាកចេញទៅវិញ។

លោកក៏បង្ហាញការព្រួយបារម្ភចំពោះការដោះដូរនេះ ព្រោះគោលការណ៍ដោះស្រាយហាក់មិនមានភាពច្បាស់លាស់ ដែលពលរដ្ឋអាចនឹងទទួលរងផលប៉ះពាល់ជាថ្មីទៀតទៅថ្ងៃមុខ។

លោកបន្ដថា៖ «រូបខ្ញុំក៏ដូចជាពលរដ្ឋដទៃទៀត មិនចង់ទៅណាទេ គឺចង់ឱ្យខាងក្រសួងនិងក្រុមហ៊ុនគិតគូរឡើងវិញ កុំឱ្យពលរដ្ឋចាកចេញពីស្រុកកំណើត។ ពិបាកទទួលយកណាស់ សុខៗបែរមកដេញពួកគាត់ដូច្នេះ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី សេង ឡេង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ផងដែរថា គោលការណ៍ដោះស្រាយរបស់ក្រសួងនិងក្រុមហ៊ុនមិនបានគិតដល់សុខទុក្ខប្រជាពលរដ្ឋឡើយ ព្រោះសេចក្ដីជូនដំណឹងចេញភ្លាមក៏អនុវត្តភ្លាម ហើយពលរដ្ឋក៏មិនបានត្រៀមខ្លួន​ក្នុងការចរចាឱ្យបានពេញលេញឡើយ។

ពលរដ្ឋរូបនេះថា ក្រសួងនិងក្រុមហ៊ុនគួរតែគិតគូររឿងដីស្រែចម្ការបស់ពួកគាត់ជាមុនសិន ចាំគិតគូររឿងផ្ទះសម្បែង ដោយថា ពលរដ្ឋនឹងទទួលយក បើក្រសួងនិងក្រុមហ៊ុនដោះស្រាយដោយស្មោះត្រង់និងគិតគូរពីផលប៉ះពាល់ពិតប្រាកដ។ 

អ្នកស្រីបន្ដថា៖ «ពួកគាត់ចេញពេលល្ងាច ព្រឹកឡើងមកដើរវាស់យកតែម្ដង! យ៉ាងហោចណាស់ ក៏គួរជូនដំណឹងមួយអាទិត្យ មុនមកវាស់ដែរ ដើម្បីឱ្យពួកខ្ញុំត្រៀមខ្លួនដែរ។ ដីស្រែរបស់ពួកខ្ញុំមិនទាន់បានដោះហើយផង បែរជាមកវាស់ផ្ទះ។ បម្រុងឱ្យពួកគាត់ចាកចេញ តែផ្ទះហើយដីស្រែទុកចោលមែន?»

កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ មានការប៉ះទង្គិចគ្នាជាថ្មីរវាងកងកម្លាំងខេត្តកណ្ដាល និងប្រជាពលរដ្ឋមានជម្លោះដីធ្លី ដោយមានការបាញ់ទឹកនិងគ្រាប់បែកផ្សែងមកលើពលរដ្ឋទៀតផង។ ប្រជាពលរដ្ឋចោទថា កម្លាំងសមត្ថកិច្ចប្រមាណ៣០០នាក់ ដែលប្រដាប់ដោយខែលនិងដំបង បានប្រើហិង្សាទៅលើពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលបណ្ដាលឱ្យមានអ្នករងរបួសនិងការចាប់ខ្លួនពលរដ្ឋជិត៣០នាក់។

ចំណែករដ្ឋបាលខេត្តកណ្ដាលចោទថា ភាគីពលរដ្ឋបានប្រមូលផ្ដុំគ្នាប្រើអំពើហិង្សា និងធ្វើការជេរប្រមាថ ដោយមានទាំងដុតកៅស៊ូ ប្រើដំបង គប់ដុំថ្ម បាញ់ចម្ពាមកៅស៊ូ គប់ដបសាំងលើសមត្ថកិច្ច ដែលបង្កឱ្យសមត្ថកិច្ចរងរបួស។ ចុងក្រោយ តុលាការខេត្តកណ្ដាលបានសម្រេចឱ្យអ្នកតវ៉ានៅសេសសល់៩នាក់ស្ថិតនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការខេត្តដដែល។

ករណីនេះ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សយល់ថា ដើម្បីបង្ការកុំឱ្យមានការប៉ះទង្គិចគ្នាជាថ្មីទៀត អាជ្ញាធរ និងក្រុមហ៊ុនត្រូវរកដំណោះស្រាយសមស្របដែលអាចទទួលយកបាន និងគិតគូរពីផលប៉ះពាល់កើតចេញពីគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីឱ្យបានចប់សព្វគ្រប់ មុននឹងអនុវត្តគម្រោងនេះ៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។