អាជ្ញាធរ​ខេត្តសៀមរាប ព្រមាន​រុះរើ​ផ្ទះ​ពលរដ្ឋ​៧​ខ្នង​ចេញ​ពី​ដី​ចំណី​ស្ទឹងសៀមរាប

អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ត្រៀមចុះពិនិត្យសន្តិសុខជូនប្រជាពលរដ្ឋ អំឡុងពេលរាតត្បាតកូវីដ-១៩ នាឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប)

អាជ្ញាធរខេត្តសៀមរាប បានព្រមានចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងចេញពីដីចំណីស្ទឹងសៀមរាប បើពួកគេមិនរុះរើដោយខ្លួនឯងនៅក្នុងរយៈពេល៧ថ្ងៃ។

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថាក្នុងចំណោម​ពលរដ្ឋចំនួន៧​គ្រួសារនោះ គឺមាន​ពលរដ្ឋចំនួន៥គ្រួសារបានទទួលយកសំណងតាមគោលនយោបាយរួចហើយ តែមិនទាន់បានរុះរើសំណងរបស់ខ្លួនចេញនៅឡើយ ខណៈមានប្រជាពលរដ្ឋចំនួន២គ្រួសារទៀតបានមកសាងសង់លើដីចំណីស្ទឹងដែលបានដោះស្រាយតាមគោលនយោបាយរួចហើយ។

រដ្ឋបាលខេត្តសៀមរាប សរសេរថា៖ «ក្នុងករណីបងប្អូនមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងដឹកនាំកម្លាំងចម្រុះចុះរុះរើ ដោយពុំទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡើយ»

តាមរយៈសេចក្ដឹជូនដំណឹងដដែល រដ្ឋបាលខេត្តសៀមរាបបានប្រាប់ឱ្យស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ ម្ចាស់សំណង់ទាំងអស់ ត្រូវសហការអនុវត្តសេចក្ដីជូនដំណឹងនេះតាមភារកិច្ចរៀងៗខ្លួន។

គួរជម្រាបជូនថា អាជ្ញាធរខេត្តសៀមរាបបាននិង​កំពុងអនុវត្តគម្រោងស្ដារស្ទឹងសៀម​រាបជំហាន​២ (KHM-18) ក្រោមឥណទានរបស់ធនាគារសាធារណរដ្ឋកូរ៉េ ដើម្បីបញ្ចៀសទឹកលិចក្រុង​សៀមរាប​ នាដូវវស្សា ចាប់ពីចំណុចស្ពានវាង​ក្រុងទៅប៉ែកខាងក្រោម រហូតដល់ភូមិអារញ្ញ ដែលមានប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ