ព្រះមហាក្សត្រ​យាង​ទៅ​ប្រទេស​បារាំង​នៅថ្ងៃនេះ

នាវេលាព្រឹកថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទី១០ ដល់ ទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Royal du Cambodge)

ព្រះមហាក្សត្រ​ ព្រះ​ករុណា ព្រះ​បាទ​​​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​យាងទៅកាន់ប្រទេសបារាំង នៅព្រឹកមិញនេះ ដើម្បីចូលរួម​មហា​សន្និបាតលើកទី៤១ របស់​អង្គការ​យូណេស្កូ ដែលនឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងការយាងព្រះរាជដំណើរព្រះមហាក្សត្រទៅកាន់ប្រទេសបារាំង នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការចូលរួមពីសំណាក់​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាដើម។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៨ ខែវិច្ឆិកានេះ បាន​លើកឡើង​ថា ការយាងចូលរួម​មហាសន្និបាតរបស់អង្គការយូណេស្កូនេះ ធ្វើឡើង​តប​តាម​ការ​យាង​របស់​លោកស្រី​ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

ប្រភពដដែលបន្តថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋនិង​រដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះ​បាទ​​​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នឹងថ្លែងព្រះរាជ​សុន្ទរកថានៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្ដោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូណេស្កូនៅក្នុងប្រទេសកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ចាប់តាំងពី​អង្គការយូណេស្កូបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្រ្ត វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ