រដ្ឋាភិបាលបានតម្រូវឱ្យធ្វើពិធីបុណ្យ «រំឭកគុណអង្គរ» នៅរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប រយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤ ដល់១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២នេះតទៅ ដើម្បីចូលរួមថែរក្សាការពារ និងលើកតម្លៃបេតិកភណ្ឌជាតិ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសារាចរណែនាំមួយ ស្តីពី «ការរៀបចំពិធីបុណ្យរំឭកគុណអង្គរ» ដោយក្នុងនោះ ក្រសួងបានណែនាំដល់អាជ្ញាធរជាតិអប្សរា ឱ្យរៀបចំកម្មវិធីតាមថ្ងៃនីមួយៗ មានទីតាំងប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាពថវិកា ជាដើម។
ក្រសួងក៏បានណែនាំដល់អាជ្ញាធរជាតិអប្សរា ឱ្យរៀបចំសេចក្តីជូនដំណឹង និងការសម្ភាសឥស្សរជន អ្នកជំនាញការជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន ដើម្បីបង្ហាញសារសំខាន់ និងគុណប្រយោជន៍ នៃការរៀបចំពិធីបុណ្យសម្រាប់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់សាធារណជនបានដឹង ជាពិសេសយុវជនឱ្យកាន់តែមានស្មារតីក្នុងការចូលរួមថែរក្សា និងលើកតម្លៃបេតិកភណ្ឌជាតិ។
មួយទៀតនោះ កម្មវិធីនេះក៏តម្រូវឱ្យអាជ្ញាធរជាតិអប្សរាដាក់តាំងបង្ហាញនូវសមិទ្ធផលសម្រេចបាននានារបស់ខ្លួន ជាពិសេសសមិទ្ធផលសម្រេចបានជាមួយដៃគូជាតិនិងអន្តរជាតិនៅតាមទីតាំងសំខាន់ៗ ដើម្បីបង្ហាញឱ្យឃើញពីការចូលរួមចំណែកដ៏មានតម្លៃក្នុងកិច្ចថែរក្សាការពារនិងអភិរក្សឱ្យបានគង់វង្សនៃបេតិកភណ្ឌជាតិ។
តំបន់រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានអំពាវនាវទៅកាន់អង្គការយូណេស្កូ សុំឱ្យជួយស្រោចស្រង់ និងការពារក្រុមប្រាសាទអង្គរ ដែលបច្ចុប្បន្នជាតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕