សកម្មជន​បរិស្ថាន​ម្នាក់​នៅ​ខេត្តរតនគិរី ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

តុលាការខេត្តរតនគិរី បាន​សម្រេចផ្ដន្ទាទោសសកម្មជន​​​បរិស្ថាន​​និង​ដីធ្លី​ លោក ឆន ផល្លា ដាក់ពន្ធនា​គា​​ររយៈពេល៥ឆ្នាំ កាលពីថ្ងៃពុធម្សិលមិញ ពីបទ«កាប់​បំផ្លាញ​ព្រៃឈើដោយខុសច្បាប់»។

សកម្មជនរូបនេះ កាលពីពេលកន្លងទៅ ធ្លាប់​​បានប្ដឹងមន្ត្រីមួយចំនួនទៅកាន់តុលាការ ពាក់ព័ន្ធ​ការ​រំលោភ​ដីសាធារណៈ​របស់​រដ្ឋ និង​បទ​ល្មើស​ព្រៃឈើនៅ​តំបន់​នោះ ហើយ​​ក្រោយ​មក លោក​ក៏ត្រូវបានគេ​ព្រួត​វាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅចំពោះមុខអាជ្ញាធរមូលដ្ឋាន​ក្នុងវេទិកាសាធារណៈមួយផងដែរ។

កាលពីថ្ងៃទី២០ ខែ​កញ្ញា កន្លងទៅ លោកក៏ត្រូវបានចាប់ខ្លួន បន្ទាប់​ពី​មន្ត្រីប៉ុស្តិ៍នគរបាល​ឃុំសេដា បាន​​ជូនដំណឹងឱ្យ​រូបលោក​ទៅកាន់ប៉ុស្តិ៍​នគរបាល​ ដើម្បីកែស​ម្រួ​​លអត្តសញ្ញាណបណ្ណត្រៀមខ្លួនបោះឆ្នោតនៅពេល​ខាងមុខ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​តាមដីកាកោះរបស់ចៅក្រមស៊ើបសួរ កាលពីខែកុម្ភៈ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ» កាលពីឆ្នាំ២០១៩ និង​២០២០ ក្នុងស្រុកលំផាត់។

ព្រះរាជអាជ្ញារងអម​​សាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី បានឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ​ថាលោក ឆន ផល្លា ត្រូវបាន​ចៅក្រម​ លោក​ ឈុន ច័ន្ទសីហា ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ ឆ្នាំ តាមបញ្ញត្តិមាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»

ទោះជាយ៉ាងណា លោកថា៖ «លោក ឆន ផល្លា មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​ទៅ​តាម​ច្បាប់»។

ទាក់ទិននឹងករណីនេះ លោក សំ ទិត្យសីហា មេធាវីការពារក្ដីឱ្យលោក ឆន ផល្លា​ បានលើកឡើង​ថា ការ​កាត់​ទោស​នេះ​ជា​រឿង​អយុត្តិធម៌មួយ។

លោក​ថ្លែងថា​៖ «​វាពិតជា​អយុត្តិធម៌ខ្លាំង​ណាស់​សម្រាប់​កូនក្ដីរបស់​ខ្ញុំ។ លោក ឆន ផល្លា គឺជា​សកម្មជន​មួយរូបដែលជួយ​ការពារ​ព្រៃឈើ ដីព្រៃ និង​សហគមន៍ ​សម្រាប់​ផលប្រយោជន៍​រួម ប៉ុន្តែបែរជា​ត្រូវ​បាន​ចោទ​ប្រកាន់ទៅវិញ ខណៈ​ដែលអ្នក​កាប់បំផ្លាញព្រៃ​ឈើ​ត្រូវ​បាន​រួច​ទោស»។

លោក សំ ទិត្យសីហា បន្ថែមថា លោកក៏កំពុងតែរៀបចំប្ដឹងឧទ្ធរណ៍ស​ម្រាប់ករណីនេះផងដែរ។

លោក​បន្ត​ថា៖ «ខ្ញុំ​បាន​រៀបចំ​ឯកសារ ដើម្បីដាក់​ទៅកាន់​សាលា​ឧទ្ធរណ៍​រួចរាល់​ហើយ។ បច្ចុប្បន្ន ខ្ញុំ​កំពុង​តែ​រង់​ចាំ​មើល​ពីចំណាត់ការរបស់​សាលា​ឧទ្ធរណ៍ថា​នឹង​ធ្វើ​អ្វី​បន្ទាប់ទៀត»៕


បកប្រែនិងកែសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ