ប្រជាសហគមន៍រស់នៅភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្ហាញលិខិតស្នាមជាសាធារណៈ ករណីដែលមេភូមិបានប្រមូលស្នាមមេដៃរបស់ពួកគេ ដោយថា ការប្រមូលនេះមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ និងមានការបារម្ភខ្លាចយកទៅប្រើប្រាស់ដើម្បីលក់បឹងធម្មជាតិដែលពួកគាត់កំពុងអាស្រ័យផល។
ពលរដ្ឋម្នាក់រស់នៅភូមិឡពាង អ្នកស្រី តូច សោ វ័យ៧៤ឆ្នាំ ដែលបានចូលរូមផ្ដិតមេដៃ បានរៀបរាប់ថា ប្រធានភូមិបានឱ្យអ្នកស្រីផ្ដិតមេដៃលើក្រដាសសមួយសន្លឹក ដោយអ្នកស្រីមិនបានដឹងថា ការប្រមូលស្នាមមេដៃនេះយកទៅណានោះទេ ហើយមេភូមិក៏មិនបានប្រាប់ថាយកទៅធ្វើអ្វីដែរ។
ពលរដ្ឋរូបនេះបារម្ភខ្លាចអាជ្ញាធរយកស្នាមមេដៃ ដើម្បីប្រើជាមូលហេតុលក់ដីបឹងធម្មជាតិនេះ។
អ្នកស្រី តូច សោ ថ្លែងថា៖ «ខ្ញុំភ័យដែរ! បានខ្ញុំជំទាស់គេហ្នឹង! ខ្ញុំថាស្ដារ [បឹង] ប្រយ័ត្នអស់បឹងទៅ ខ្ញុំអត់សុខចិត្តទេ។ អស់ដី អស់ធ្លី ក្នុងបឹងហ្នឹងទៅ! ខ្ញុំបានស្អីឱ្យទឹកគោ ដកព្រលិត ដកអីស្ល! គេថាអត់យកទៅណាទេ។»
តំណាងសហគមន៍បឹងពោធិ៍ លោក ស្ងួន ញៀន មានប្រសាសន៍ថា លោកទើបបានទទួលដំណឹងពីពលរដ្ឋពាក់ព័ន្ធករណីនេះ ហើយក៏មិនបានចូលរួមផ្ដិតមេដៃជាមួយអ្នកភូមិនោះទេ។ លោកថា អាជ្ញាធរមិនបានប្រជុំប្រាប់ប្រជាពលរដ្ឋអំពីហេតុផលឬផែនការនៃការស្ដារបឹងឱ្យបានច្បាស់លាស់។
លោកបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៩ មេភូមិក៏បានដើរប្រមូលស្នាមមេដៃពីពលរដ្ឋម្តងរួចហើយ ដោយក្នុងពេលនោះ អាជ្ញាធរបានលួចលុបបឹងទំហំ២០ហិកតា ដើម្បីលក់ទៅឱ្យឈ្មួញទៅវិញ ។
លោកថ្លែងថា៖ «ការផ្ដិតមេដៃ មិនបានប្រជុំប្រជាពលរដ្ឋរឿងស្ដារបឹង។ ហេតុអ្វីបានរឿងស្ដារទាំងមូល បែរជាមេភូមិហ្នឹងមិនប្រជុំប្រាប់ប្រជាពលរដ្ឋឱ្យបានដឹង។ ហេតុអ្វីបានជានៅតែគប់គិតគ្នា និងលួចលាក់បិទបាំងការពិតទៅទៀត។ រឿងស្ដារបឹងទាំងមូល រឿងប៉ុនណាណី»។
បើតាមលោក ស្ងួន ញឿន បឹងពោធិ៍ គឺជាបឹងធម្មជាតិមួយដែលមានទំហំ៤៧,២២ហិកតា ស្ថិតនៅជាប់ភូមិចំនួន៣ រួមមាន ភូមិឡពាង ភូមិសូវង្ស និងភូមិសំរោង និងមានប្រជាពលរដ្ឋរាប់រយគ្រួសារបានអាស្រ័យផលពីបឹងនេះ។
តំណាងសហគមន៍រូបនេះបានទាមទារឱ្យអាជ្ញាធរប្រជុំជាមួយអ្នកភូមិឱ្យបានច្បាស់លាស់បន្ថែមទៀតពាក់ព័ន្ធករណីនេះ ដោយថា លោកមិនជំទាស់នោះទេ បើអាជ្ញាធរពិតជាមានគោលបំណងអនុវត្តគម្រោងនេះ ដើម្បីបម្រើផលប្រយោជន៍របស់ពលរដ្ឋក្នុងសហគមន៍របស់លោកពិតប្រាកដមែន។
លោកបន្ថែមថា៖ «សុំឱ្យអាជ្ញាធរបង្ហាញឯកសារជាសាធារណៈ ប្រជុំប្រាប់ប្រជាពលរដ្ឋ។ តែបើមិនប្រជុំប្រាប់ប្រជាពលរដ្ឋទេ ខ្ញុំដែលជាសហគមន៍ គឺខ្ញុំនឹងធ្វើលិខិតប្ដឹងទៅអភិបាលខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍រឿងហ្នឹង បើអាជ្ញាធរមិនបង្ហាញជាសាធារណៈ»។
ឆ្លើយតបករណីនេះ ប្រធានភូមិឡពាង លោក ឌុច ប៊ុនហេង មានប្រសាសន៍ថា អាជ្ញាធរមិនមានបំណងលក់បឹង ដូចការព្រួយបារម្ភរបស់អ្នកភូមិនោះទេ ហើយអាជ្ញាធរនឹងរៀបចំប្រជុំជាមួយពលរដ្ឋនិងតំណាងក្រុមហ៊ុន ដើម្បីបង្ហាញពីតម្លាភាពនៃគម្រោងស្ដារបឹងនេះ។
លោកបានបន្ថែមថា ក្នុងឆ្នាំ២០១៩ អាជ្ញាធរពិតជាបានប្រមូលស្នាមមេដៃពលរដ្ឋម្ដងពិតមែន ប៉ុន្តែមិនបានលួចលក់បឹង២០ហិកតាដូចកាចោទប្រកាន់នោះទេ។ លោកថា ការប្រមូលស្នាមមេដៃនោះ ដើម្បីកំណត់ទីតាំងដីរបស់ពលរដ្ឋដែលនៅជាប់បឹងនិងផ្ទៃបឹងឱ្យបានច្បាស់លាស់តែប៉ុណ្ណោះ។
លោកថា៖ «កាលហ្នឹង ខាងឃុំកំណត់ឱ្យប្រជាពលរដ្ឋដែលមានផ្ទៃដីជាប់បឹងមានចំនួនប៉ុន្មាន ហើយខាងធនធានទឹកគេចុះមកជាក់ស្ដែង ចៀសវាងបាត់បង់ផ្ទៃបឹងដែលគាត់កាន់តែទន្រ្ទានចូលកណ្ដាលបឹង»។
បើតាមលោក ឌុច ប៊ុនហេង ក្នុងឯកសារនៃគម្រោងស្ដារបឹង បញ្ជាក់ថា នឹងស្ដារជម្រៅ២ម៉ែត្រ និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន៥ឆ្នាំ ហើយក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋសរុប១៦២គ្រួសារ ក្នុងនោះទើបតែមានពលរដ្ឋមួយចំនួនប៉ុណ្ណោះដែលមានចូលរួមផ្ដិតមេដៃ។
លោកបញ្ជាក់ថា៖ «យើងមានឯកសារជាលាយលក្ខណ៍អក្សរនៅហ្នឹងស្រេច ហើយគម្រោង យើងស្ដារជម្រៅប៉ុន្មាន ទំហំប៉ុន្មាន យើងមាន! ហើយខ្ញុំត្រៀមកូពីឱ្យបានច្រើនចែកជូនពួកគាត់ កុំឱ្យគាត់នៅស្មានខុសអ៊ីចឹងទៀត។ ទាំងទំហំ ទាំងជម្រៅ ទាំងកុងត្រាកំណត់ឆ្នាំ»។
លោកបន្ថែមថា៖ «ប្រហែលស្អែកឬខានសែ្អកនេះ ត្រៀមយកឯកសារដាក់លើតុ ក្រោយពីការផ្ដិតហើយពិចារណាគ្នា នឹងរៀបចំឯកសារឱ្យឃើញឯកសារទាំងអស់គ្នាថា គោលការណ៍របស់យើង ក្រុមហ៊ុនបានកំណត់ដូចអ្វីដែលភូមិឃុំចង់បានអត់»។
យ៉ាងណាក្ដី ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានជំរុញឱ្យអាជ្ញាធរបង្ហាញឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងមុននឹងឱ្យពួកគាត់ចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តគម្រោងណាមួយ។
លោកថា៖ «រឿងសំខាន់ជាងគេ គឺរឿងតម្លាភាពនៃការបញ្ចេញព័ត៌មានហ្នឹងគ្រប់! ឱ្យពលរដ្ឋគាត់ពិចារណា ឱ្យពួកគាត់ចូលរួមដោយអត្ថន័យ នេះជារឿងសំខាន់»។
លោក សន ជ័យ ក៏បានជំរុញឱ្យពលរដ្ឋគិតពិចារណាឱ្យបានច្បាស់លាស់នូវខ្លឹមសារនីមួយៗដែលមានក្នុងលិខិតស្នាម មុននឹងចូលរួមផ្ដិតមេដៃឱ្យអាជ្ញាធរផងដែរ។
លោកថា៖ «ប្រជាពលរដ្ឋខ្លួនឯងហ្នឹង មុននឹងផ្ដិតមេដៃ គួរទទួលខុសត្រូវដែរ ថាស្នាមមេដៃរបស់ខ្លួនគេយកទៅធ្វើអ្វី ខ្លឹមសារគេឱ្យផ្ដិតមានន័យថាម៉េច! ចៀសវាងការឯកភាពក្នុងឯកសារផ្ដិតមេដៃ តែក្រោយមកយើងអត់សុខចិត្ត ប៉ុន្តែយើងអត់អាចឈ្នះគេទេ ដោយសារយើងបានផ្ដិតមេដៃរួចហើយ»៕