សង្គមស៊ីវិលថាករណីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនអ្នកសារព័ត៌មានពលរដ្ឋ ជាការគំរាមកំហែងនិងបិទសិទ្ធិ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ (ហេង វិចិត្រ)

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស និងវិស័យសារព័ត៌មាន បានចាត់ទុកករណីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងឃាត់ខ្លួនអ្នកសារព័ត៌មានប្រជាពលរដ្ឋ និងជាសកម្មជនដីធ្លីនៅសហគមន៍ឡពាង ជាការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ។

អ្នកសារព័ត៌មានប្រជាពលរដ្ឋ និងជាសកម្មជនដីធ្លីនៅសហគមន៍ឡពាង លោក ស្ងួន ញឿន បានអះអាងថា រូបលោកត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ខ្លួនទៅសួរនាំជាង២ម៉ោង និងដកយកទូរសព្ទ៣គ្រឿងរួមទាំងលុបចោលរូបភាពផ្សេងៗក្នុងទូរសព្ទទាំងនោះផងដែរ ខណៈលោកថតរូបភាពនៃការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋឡពាង នៅមុខសាលាដំបូងខេត្តនេះ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា មានប្រសាសន៍ថា ប្រសិនបើលោក ស្ងួន ញឿន គ្រាន់តែថតរូបសកម្មភាពលរដ្ឋប្រមូលផ្តុំនៅកន្លែងទីសាធារណៈ ក្រៅបរិវេណតុលាការនោះ គឺគ្មានកំហុសនោះទេ។

អ្នកស្រី ឆន សុគន្ធា បន្តថា បើសមត្ថកិច្ចឃាត់ខ្លួនអ្នកសារព័ត៌មានប្រជាពលរដ្ឋ លោក ស្ងួន ញឿន ទៅសាកសួរ និងលុបរូបភាពចោល គឺជាការគំរាមកំហែង និងរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

អ្នកស្រីថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៤១ គឺពលរដ្ឋមានសិទ្ធិថតរូបពីសកម្មភាពផ្សេងៗនៅតាមទីសាធារណៈ និងមានសិទ្ធិបញ្ចេញមតិលើបណ្តាញសង្គម ជាដើម។

អ្នកស្រីបន្ថែមថា៖ «យើងក្រឡេកមកមើលការថតរូបភាពវិញ។ ប្រសិនបើនៅក្នុងបរិវេណ ឬនៅក្នុងបន្ទប់សវនាការ អាហ្នឹងបានគាត់ខុស ព្រោះនៅក្នុងតុលាការ គេមានបិទនៅក្នុងបន្ទប់មួយៗហ្នឹង ហាមមិនឱ្យថតរូបផ្សេងៗជាដើម។ ប៉ុន្តែបើនៅក្នុងទីសាធារណៈ បានន័យបើសិនមានហេតុការណ៍ឬព្រឹត្តិការណ៍កើតឡើងនៅតាមទីសាធារណៈ ហើយគាត់ថតរូបនៅតាមទីសាធារណៈ គឺអត់មានអីខុសទេ។ បើសិនអាជ្ញាធរអ៊ីចឹង [ឃាត់ខ្លួនសួរនាំ] សុំឱ្យអាជ្ញាធរហ្នឹងទៅមើលរដ្ឋធម្មនុញ្ញឡើងវិញ។ បើគាត់ធ្វើអ៊ីចឹង ទី១ បានន័យគាត់អត់យល់ច្បាប់ ទី២ គាត់មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ»

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ ប្រចាំខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី មានប្រសាសន៍ថា ប្រសិនបើលោក ស្ងួន ញឿន ថតរូបនៅខាងក្រៅបរិវេណតុលាការ ឬនៅកន្លែងទីសាធារណៈដូចការលើកឡើងមែន គឺ​ទង្វើនេះមិនខុសច្បាប់នោះទេ។ លោកថា ផ្ទុយទៅវិញ សមត្ថកិច្ចទេដែលបំពានសិទ្ធិ និងលើពលរដ្ឋ ឬពលរដ្ឋអ្នកសារព័ត៌មាន ពាក់ព័ន្ធការថតរូបនៅទីសាធារណៈ។

លោកបន្ថែមថា៖ «នេះជាករណីមួយបានន័យថាជាការរំខាន យាយីទៅលើសិទ្ធិសារព័ត៌មាន ឬសិទ្ធិប្រជាពលរដ្ឋទូទៅ ដែលគាត់មានសិទ្ធិថតជាសាធារណៈ លើកលែងតែកន្លែងប៉ះពាល់សិទ្ធិបុគ្គលរបស់អ្នកដទៃ អ្នកដទៃគាត់មានសិទ្ធិប្តឹង ប៉ះពាល់សិទ្ធិរបស់គាត់។ តែនេះនៅទីសាធារណៈ គាត់មានសិទ្ធិថតនៅទីសាធារណៈ។ បើគាត់នៅតុលាការ អាហ្នឹងគាត់ខុស! តែនេះគាត់ថតនៅក្រៅ មានអីខុសច្បាប់!»

អ្នកសារព័ត៌មានប្រជាពលរដ្ឋ និងជាសកម្មជនដីធ្លីនៅសហគមន៍ឡពាង លោក ស្ងួន ញឿន បានរៀបរាប់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិត៥០នាក់ នៅសហគមន៍ឡពាង បានប្រជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីគំាទ្ររូបលោក និងតំណាងពលរដ្ឋ២នាក់ទៀតចូលសវនាការ និងធ្វើពិធីបន់ស្រន់ឱ្យតុលាការកាត់ក្តីដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌។

អ្នកសារព័ត៌មានប្រជាពលរដ្ឋរូបនេះ បន្តថា ខណៈក្រុមពលរដ្ឋកំពុងអុជធូបសែនព្រេនបន់ស្រន់នោះ គឺរូបលោកបានទៅផ្តិតយករូបថត ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់បញ្ចូលឡានយកទៅសួរនាំជាង២ម៉ោង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់ធ្វើពិធីបួងសួងបន់ស្រន់ហ្នឹង គឺពួកគាត់ធ្វើនៅខាងក្រៅទេ។ ពេលដែលខ្ញុំថតរូបសកម្មភាពទាំងអស់ហ្នឹង ស្រាប់តែព្រះរាអាជ្ញានៅក្នុងតុលាការ បញ្ជាឱ្យសមត្ថកិច្ចចាប់ដកហូតទូរសព្ទខ្ញុំ និងចាប់ខ្ញុំបញ្ចូលឡានទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងតែម្តង។ ដោយសារតែខ្ញុំថតរូប គេថាខ្ញុំថតរូបគ្មានការអនុញ្ញាត។ នេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយដល់ខ្ញុំ[ជា]អ្នកសារព័ត៌មានប្រជាពលរដ្ឋ។ ទង្វើនេះមិនមែនគំរាមកំហែងខ្ញុំអ្នកសារព័ត៌មានប្រជាពលរដ្ឋម្នាក់ឯងទេ គឺបានគំរាមកំហែងដល់ពលរដ្ឋផ្សេងៗទៀតដែលពួកគាត់ចង់ថតរូបនៅមុខតុលាការ»

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀ ប៊ុនធឿន សុំមិនឆ្លើយបកស្រាយពាក់ព័ន្ធករណីនេះទេ ដោយសារថាការឃាត់ខ្លួននេះ គឺធ្វើឡើងតាមការបញ្ជារបស់តុលាការតែប៉ុណ្ណោះ។ លោកបង្វែរឱ្យទៅសួរខាងតំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ។

វីអូឌី មិនអាចរកការឆ្លើយតបពីប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហុង គឹមហាក់ បានទេ ខណៈព្រះរាជអាជ្ញា លោក ឡុង ស៊ីថា ប្រាប់ថា លោកបានដូរចេញពីសាលាដំបូងខេត្តកំពង់ឆ្នាំងហើយ។

គិតត្រឹមចុងឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបណ្តុះបណ្តាលអ្នកសារព័ត៌មានប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ នៅទូទាំងប្រទេសកម្ពុជា ដោយ៤០ភាគរយជាស្រ្តី ហើយពួកគេបានថតរូប និងរាយការណ៍ពីបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសហគមន៍របស់ពួកគេ និងផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍និងដោះស្រាយ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បានចេញផ្សាយរបាយការណ៍​ថ្មីមួយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយ​វាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជា ​ក្នុងឆ្នាំ២០២២ នៅតែអាក្រក់ដដែល។ តាមប្រភពដដែលបន្តថា កម្ពុជាបានស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេស និងដែនដី​នៅ​លើពិភព​លោក ដែលចំណាត់​ថ្នាក់​​នេះបង្ហាញ​​​ថា ​សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់​ចុះ​ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ