លោក ស៊ី ជីនពីង គ្រោង​យក​បញ្ហា​នៅ​កោះតៃវ៉ាន់​ជា​អាទិភាព​ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក ចូ បៃដិន

លោក ស៊ី ជីងពីង ប្រធានាធិបតីចិន។ (fmprc.gov.cn)

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានរំពឹងថា នឹងប្រើប្រាស់កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូរបស់ខ្លួនជាមួយប្រធានាធិបតី ​លោក ចូ បៃឌិន ដើម្បីព្រមានសហរដ្ឋអាមេរិកឱ្យថយក្រោយ ឬដកខ្លួនចេញពីបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃចន្ទនេះ។

មេដឹកនាំនៃប្រទេសទាំងពីរគ្រោងនឹងជួបពិភាក្សាគ្នាតាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារ ម៉ោងនៅ​ក្នុង​ប្រទេស​ចិន ឬល្ងាចថ្ងៃចន្ទម៉ោងនៅសហរដ្ឋអាមេរិក ខណៈដែលភាពមិនចុះសម្រុងគ្នារវាងពួកគេនៅតែបន្តកើតមានឡើង រួមមាន​ទាំងបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងជាពិសេ​ស​កោះតៃវ៉ាន់​ ដែលចិនកំពុងតែទាមទារយកមកគ្រប់គ្រង។

ទោះជាយ៉ាងណា ប្រធានាធិបតីចិន ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ប្រទេសរប​ស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយការខ្វែងគំនិតគ្នា​ឱ្យបានត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក មុនពេលជំនួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូនេះជាមួយប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់និងចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលចិននៅតែបន្តព្យាយាមដាក់សម្ពាធយោធាមួយចំនួន​ ដែលរួមមាន​សកម្មភាពពីសំណាក់កងទ័ពអាកាសរបស់ខ្លួនម្តងហើយម្តងទៀតនៅក្នុងដែនអាកាសតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន។

ទាក់ទិននឹងករណីនេះ លោក ចូ បៃឌិន ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា សហរដ្ឋអាមេរិកនឹងគិតគូរអំពីការការពារកោះតៃវ៉ាន់ និងមានការប្តេជ្ញាចិត្តដើម្បីការពារកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ