លោក ឌុយទែរតេ នឹង​មិន​ប្រកួតប្រជែង​តំណែង​អនុ​ប្រធានាធិបតី​ជាមួយ​នឹង​កូនស្រី​របស់​ខ្លួន​ឡើយ

ប្រធានាធិបតីហ្វីលីពីន Rodrigo Roa Duterte ថ្លែងនៅក្នុងកម្មវិធីមួយកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Rody Duterte)

ជំនួយការកំពូលមួយរូបរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ​ឌុយទែរតេ (Rodrigo Duterte) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរូបនេះនឹងប្រកួតប្រជែងដណ្ដើម​យក​អាសនៈក្នុង​ព្រឹទ្ធសភារបស់ប្រទេសនេះ នៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ខណៈដែលលោកនឹងមិនឈរឈ្មោះជាអនុប្រធានាធិបតី ដើម្បីប្រជែងជាមួយនឹងកូនស្រីរបស់ខ្លួន​នោះ​ទេ។

លោក គ្រីស្តូហ្វ័រ​ បុង ហ្គោ​ (Christopher “Bong” Go) ដែលជាជំនួយការស្និទ្ធនឹងលោក ឌុយទែរតេ ហើយក៏កំពុងតែឈរឈ្មោះជាប្រធានាធិបតីផងដែរនោះ បានបញ្ជាក់ឱ្យដឹងតាមរយៈសារជាអក្សរមកកាន់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ថាប្រធានាធិបតីរូបនេះនឹងប្រកួតប្រជែងសម្រាប់កៅអីព្រឹទ្ធសភាក្នុងការបោះឆ្នោតឆ្នាំ២០២២ ខាងមុខ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយ​កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលថាលោក ឌុយទែរតេ គ្រោងនឹងឈរឈ្មោះជាអនុប្រធានាធិបតី ហើយត្រូវប្រកួតប្រជែងជាមួយកូនស្រីរបស់ខ្លួន គឺលោកស្រី Sara Duterte-Carpio ក្នុងតំណែងនេះ។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ក៏បានច្រានចោលការលើកឡើងនេះ នៅព្រឹកថ្ងៃចន្ទផងដែរ។

លោកថ្លែងថា៖ «អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ គឺថាលោកប្រធានាធិបតី ​និង​កូន​ស្រីរបស់លោកដែលកំពុងតែឈរឈ្មោះជាតំណែងអនុប្រធានាធិបតីនេះ ​ពិតជាស្រឡាញ់​គ្នាខ្លាំងណាស់»។

លោកបន្តថា៖ «​ពួកគេទាំងពីរនាក់​នឹង​មិន​ប្រកួតប្រជែង​គ្នា​ក្នុង​តំណែងដូចគ្នា​ណាមួយ​ឡើយ​»​។

គួរបញ្ជាក់ថា ប្រជាជនហ្វីលីពីនជាង៦០លាននាក់នឹងចូលរួមការ​បោះ​ឆ្នោត​នៅ​ខែឧសភា ឆ្នាំ​ក្រោយ​​ សម្រាប់ជ្រើសរើសតំណែងប្រធានាធិបតីថ្មី អនុប្រធានាធិបតី ក៏ដូចជាសមាជិកសភា និងមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ជាង១៨ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ