រដ្ឋាភិបាល​ថៃ​ផ្ដល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់ចុះ

ដំណាំស្រូវរបស់កសិករមួយកន្លែងក្នុងប្រទេសថៃ។ (A24 News)

បញ្ហាទឹកជំនន់ដែលបន្តអូសបន្លាយរយៈពេលយូរ និងអត្រានៃការនាំចេញស្រូវថយចុះ បានធ្វើឱ្យតម្លៃនៃដំណាំមួយនេះក្នុងប្រទេសថៃ ធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹម៥បាតក្នុង​មួយ​គីឡូក្រាម ខណៈ​ដែល​មី​មួយ​កញ្ចប់​មានតម្លៃ៧បាត។

តម្លៃស្រូវធ្លាក់ចុះយ៉ាងគំហុកនេះក៏បានដាក់ជាសម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលផងដែរ ដោយត្រូវផ្ដល់ជំនួយ​ជាសាច់ប្រាក់​សរុប​ចំនួន៨៩​លាន​បាត ​ដល់​ពលរដ្ឋ​ជាង៤​លាន​គ្រួសារដែលរងផលប៉ះពាល់។

ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលបានចាប់ផ្ដើម​ផ្ដល់ជំនួយជាសាច់ប្រាក់រួចហើយ​ក្នុង​ទំហំ​ទឹក​ប្រាក់ចំនួន១១លាន​បាត​ក្នុងដំណាក់កាលទីមួយដល់​កសិករ​ កាលពីថ្ងៃទី​៩ ខែវិច្ឆិកា កន្លងទៅ។

ថ្លែងប្រាប់សារព័ត៌មាន A24 News ជំនួយការប្រធានសាខាធនាគារកសិកម្ម និងសហករណ៍កសិ​កម្ម (Bank of Agriculture and Agricultural Cooperatives) ក្នុងខេត្តណាខនណាយុគ លោក Kittipon Panchan បានឱ្យដឹងថា៖ «កសិករដែលរងផលប៉ះពាលមានចំនួនច្រើនណាស់ ដែលមានរហូតដល់រាប់ម៉ឺននាក់ឯណោះ។ ហើយសម្រាប់​អ្នក​ដែល​បាន​ទទួល​ប្រាក់​កាលពី​ថ្ងៃ​ទី​​៩ ខែវិច្ឆិកា កន្លងទៅ ពី​សាខា​ធនាគាររបស់យើង​ក្នុង​ខេត្ត​ណាខន​ណាយុគ គឺ​​មាន​ចំនួន៨១០គណនី ដែល​គិតជាទំហំទឹកប្រាក់​សរុបចំនួន១៩,៨លាន​បាត [ប្រមាណ៦០ម៉ឺន​ដុល្លារ]»។

លោកបន្តថា​៖ «ការផ្ដល់ជូនក្នុងដំណាក់កាលទី១នេះ គឺសម្រាប់អ្នកដែលបានប្រមូលផលដំណាំមុនថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០២១ ខណៈដែលការផ្ដល់ជូននេះ​នឹងត្រូវធ្វើឡើងតាមដំណាក់កាលផ្សេងៗ​ ដោយផ្នែក លើរយៈពេលនៃការប្រមូលផលរបស់កសិករ»។

ជាមួយគ្នានេះ កសិករមួយរូបមកពីស្រុកមឿង ខេត្តណាខនណាយុគ លោកស្រី Boonmee Mangsa បានឱ្យដឹងថា៖ «ខ្ញុំមកកាន់ទីនេះ ដើម្បីធ្វើបច្ចុប្បន្នភាពសៀវភៅគណនីរបស់​ខ្ញុំ និង​ពិនិត្យ​មើលថា​តើ​ប្រាក់ដែលផ្ដល់ជូននេះ​ត្រូវបានផ្ទេរមកកាន់គណនីរបស់ខ្ញុំហើយឬយ៉ាងណា។ ​តម្លៃ​ស្រូវ​នាពេលបច្ចុប្បន្នធ្លាក់ចុះ​ខ្លាំង ខណៈដែលការ​​ចំណាយ​របស់​យើង​ច្រើន»។

កសិករដដែលបន្តថា៖ «កាលពីឆ្នាំមុន ស្រូវមានតម្លៃ៨០បាតក្នុងមួយធុង [ប្រមាណ២,៤ ដុល្លារ] ប៉ុន្តែតម្លៃបាន​ធ្លាក់​មក​នៅ​ជាង៦០បាត [ប្រមាណ១,៨ ដុល្លារ] ប៉ុណ្ណោះក្នុងឆ្នាំ​នេះ។ តម្លៃស្រូវមានការថយ​ចុះ​ច្រើន ខណៈដែល​តម្លៃជីកសិកម្មកើនឡើង។ ការផ្ដល់ជូននេះអាចជួយដល់ជីវភាពរបស់យើងបានបន្តិចបន្តួច ដែលប្រសើរជាងមិនទទួលបានអ្វីទាល់តែសោះដែរ»។

កសិករ​មួយរូបទៀតមកពីស្រុកមឿង ខេត្តណាខនណាយុគ លោក Witoon Puttapanya បានលើកឡើងថា៖ «ខ្ញុំបានទទួលជំនួយជាសាច់ប្រាក់នេះហើយ ក្នុងចំនួនដ៏ត្រឹមត្រូវ ដូចអ្វីដែលពួកគេបានជូនដំណឹង។ ខ្ញុំនឹងប្រើប្រាស់ប្រាក់នេះ ដើម្បីចំណាយលើដំណាំថ្មីរបស់ខ្ញុំ។ បច្ចុប្បន្ន យើង​បាន​បូម​ទឹក​ចេញ​រួចរាល់​ហើយ ដើម្បី​ចាប់​ផ្ដើម​ដាំដំណាំស្រូវសារជាថ្មី​ម្ដង​ទៀត»។

លោក Kittipon Panchan បន្ថែមថា៖ «សម្រាប់ការផ្ដល់ជូននេះ ប្រាក់​នឹង​ត្រូវ​ផ្ទេរ​ទៅកាន់​គណនីធនាគារ BAAC របស់​កសិករទាំងឡាយ។ ហើយដើម្បីអាចដកយកប្រាក់នេះបាន ពួកគេអាចទៅកាន់បញ្ជរនានារបស់ធនាគារ BAAC ដោយប្រើប្រាស់សៀវភៅគណនី និងអត្តសញ្ញាណបណ្ណរបស់ពួកគេ ឬនៅតាមម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ [ATM] របស់ធនាគារណាមួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ